​ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ទទួល​ជួប​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន នៅក្រោយ​ការបោះឆ្នោត​ជ្រើស​តាំង​តំ​ណា​រាស្ត្រ​នីតិកាល​ទី​៧ ដោយ​លោក​កំណត់​យក​ថ្ងៃទី​ ៣០ ខែកក្កដា ឆ្នាំ​ ២០២៣ ដោយ​លោក​បញ្ជាក់ថា លោក​ជាប់រវល់​និង​ថា ជំនួប​នេះ​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​។


​ការឆ្លើយ​របស់លោក​ ហ៊ុន សែន បែបនេះ​ធ្វើឡើង​បន្ទាប់ពី​គណ​បក្ស​ភ្លើងទៀន បាន​ផ្ញើ​សំណើ​សុំ​ជួប​សម្តែង​ការគួរ​សមជា​មួយរូប​លោក​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​ ១៣ ខែឧសភា ឆ្នាំ​ ២០២៣ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី ​៣២ ដែល​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ និង​ជជែក​ពី​ដំណើរការ​នៃ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧​។

​ក្នុង​លិខិត​នេះ មាន​សមាសភាព​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ៥ ​រូប សម្រាប់​សុំ​ជួប​នាយករដ្ឋមន្ត្រី​រួមមាន លោក​ ទាវ វ​ណ្ណុល ជា​ប្រធាន​, លោក ចេ​ប គឹម​អ៊ាង អនុប្រធាន​, លោក សុក ហាច អនុប្រធាន​, លោក កែ​ត ឃី និង​លោក​ជា ប៉ូច ដែលជា​សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​យ៍គណ​បក្ស​ភ្លើងទៀន​។​


​នៅ​យប់​ថ្ងៃទី​ ១៣ ខែឧសភា លោក ​ហ៊ុន សែន បាន​ឆ្លើយតប​ជា​សំណេរ​នៅលើ​ទំព័រ​ឆា​ណែ​ល​តេ​ឡេ​ក្រាម​ផ្លូវការ របស់លោក​ដូច្នេះ​ថា​៖ «​ថ្ងៃនេះ​ជាមួយនឹង​សារ​គំរាម​បង្កចលាចល​ទូទាំង​ប្រទេស ក្រោម​ហេតុផល​តស៊ូ​មតិ​ដោយ​សេចក្តីប្រកាស​ព័ត៌មាន​ផង​និង​ដោយ​ការប្រកាស​របស់​រ៉ុង ឈុន ផង ខ្ញុំ​ក៏​ទទួលបាន​លិខិត​របស់​ប្រធាន​គណបក្ស​ភ្លើង​ទៀន សុំ​ជួប​សម្តែង​ការគួរសម​ដែល​នាំមក​ដោយ​ ជា ប៉ូច​»​។​

​លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​ភ្លើងទៀន​ចង់បាន​អ្វី​ពិតប្រាកដ បានជា​បញ្ជូន​សារ​ដ៏​ច្របូកច្របល់​បែបនេះ​? បង្ក​បំផ្លាញ​ការបោះ​ឆ្នោត​?​ពហិការ​មិន​ចូល​រួមការ​បោះឆ្នោត​តែ​ទម្លាក់កំហុស​ឱ្យ គ​.​ជ​.​ប ឬ​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុងករណី​ស្ថាប័ន​ទាំង ​២ ​បដិសេធ​មិនឱ្យ​ចុះ​ឈ្មោ​បោះឆ្នោត ឬ​ដែល​វា​ជា​កំហុស​របស់​គណបក្ស​ផ្ទាល់​។​


​លោក​បាន​សង្កត់ធ្ងន់ថា ៖ «​ខ្ញុំ​ក៏​ចង់បាន​ការពន្យល់​ពី​ជា ប៉ូច តើ​របៀប​ទម្លាក់​ហ៊ុន សែន​ដោយ​វិធី​ណា​? អាស្រ័យ​ដោយ​ភាពមិនច្បាស់លាស់ និង​ដោយ​ខ្ញុំ​ជាប់រវល់​ផង ខ្ញុំ​សូម​កំណត់​យក ម៉ោង​ ៩ ថ្ងៃ ៣០ កក្កដា ២០២៣ នៅវិមាន​សន្តិភាព​គឺ​ជួបគ្នា​ក្រោយ​ការបោះឆ្នោត​»​។​

​គួរ​បញ្ជាក់ថា គណបក្ស​ភ្លើងទៀន បាន​អំពាវនាវ​ឱ្យមាន​ការប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​សមាជិក សមាជិកា សកម្មជន និង​អ្នកគាំទ្រ​គណ​បក្ស​នេះ​នៅ​ទូទាំងប្រទេស ដើម្បី​តស៊ូ​មតិ​ដោយ​សន្តិវិធី​បើសិនជា​គណបក្ស​ភ្លើងទៀន​ត្រូវ​បានគ​.​ជ​.​ប បដិសេធ មិន​ចុះបញ្ជី​គណបក្ស​ខ្លួន សម្រាប់​ការបោះ​ឆ្នោត​ខែកក្កដាខាងមុខ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ចុះ​នៅ​ថ្ងៃទី​ ១២ ខែឧសភា ឆ្នាំ​ ២០២៣​។

​ការណ៍​នេះ​ធ្វើឱ្យ​លោក​ ហ៊ុន ​សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​នេះ ខណៈ​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​ត្រូវការ​សណ្តាប់ធ្នាប់​សង្គម​រៀប​រយ​។

​លោក​ក៏បាន​ស្នើឱ្យ​អាជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់​ត្រៀមខ្លួន​បង្ការ​កុំឱ្យ​មានការ​ប្រមូលផ្តុំ​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន​នេះ​ជាយថាហេតុ​ណាមួយ​នោះដែរ ព្រមទាំង​ព្រមាន​ធ្ងន់ៗ​និង​ចាត់វិធានការ​ច្បាប់​លើ​ជន​ណា​ដែល​ប៉ុនប៉ង​បង្កចលាចល​សង្គម​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ​រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើង​ទៀន បានឱ្យដឹងថា សំណើសុំ​ជួប​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពី​គណបក្ស​ភ្លើងទៀន គឺ​ចង់​ជួប​ក្នុងពេល​ឆាប់ៗ​នេះ មិនមែន​ក្រោយ​ការបោះឆ្នោត​ឡើយ​ដែល​ខ្លួន​លោក​ផ្ទាល់ មិន​យល់​ពី​បំណង​ដែល​លោក ហ៊ុន សែន ធ្វើការ​ឆ្លើយតប​នេះឡើយ​។​

​ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​ឱ្យមាន​ការប្រមូលផ្តុំ​អ្នកគាំទ្រ លោក ​រ៉ុង ឈុន គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​គោលជំហរ​របស់​គណ​បក្ស​ភ្លើង​ទៀន គ្មាន​បំណង​ផ្តួលរំលំ​នរណា ឬ​គណបក្ស​ណា​ដោយ​កម្លាំងបាយ​នោះទេ យើង​គ្រាន់តែ​ចង់​ប្រកួត​ប្រជែង​តាមរយៈ​ការ​បោះឆ្នោតឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​សម្រេចចិត្ត​តាមរយៈ​សន្លឹកឆ្នោត ហើយ​ការបោះឆ្នោត​ហ្នឹង​គឺ​ត្រូវ​សេរី និង​យុត្តិធម៌ ជាគោលការណ៍​របស់​គ​ណ​បក្ស​»​។​

​បន្ថែម​ពីនេះ នៅ​ថ្ងៃទី ​១៤ ខែឧសភា គណបក្ស​ភ្លើងទៀន​បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការសោកស្តាយ​ចំពោះ​សេចក្តី​​ប្រកាស​ព័ត៌មាន របស់​គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី​ ១២ ខែឧសភា​ដែលនាំឱ្យ​មានការ​យល់ថា គណបក្ស​ភ្លើងទៀន មាន​ផែនការ​ប្រមូលផ្តុំ​កម្លាំង គំរាម​បង្កចលាចល​ទូទាំងប្រទេស ក្រោម​ហេតុផល​តស៊ូ​មតិ​។​

​សេចក្តីថ្លែងការណ៍​គណបក្ស​នេះ​បញ្ជាក់ថា​៖ «​គណបក្ស​ភ្លើង​ទៀន​សូមបញ្ជាក់​ជំហរ​របស់ខ្លួន​ជា​ឱឡារិក​ថា គណបក្ស​ភ្លើងទៀន បានធ្វើ​សកម្មភាព​នយោបាយ​ទាំង​ក្នុង​អតីតកាល បច្ចុប្បន្នកាល និង​ទៅ​អនាគតកាល ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ អហិង្សា និង​សន្តិវិធី ផ្អែកលើ​មូលដ្ឋាន​បង្រួបបង្រួម​ជាតិ​ផ្សះ​ផ្សា​ជាតិ និង​ឯកភាព​ជាតិ ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ​ ១៩៩១ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់ ជា​ធរមាន​នានា​ពិសេស​ស​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ហើយ​មាន​ឆន្ទៈ​ក្នុងការ​ចូលរួម​ការបោះ​​ឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​»​។​

​លោក​ សុខ ឥសាន អ្នក​នាំ​​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាបាន​ប្រាប់​ឱ្យដឹងថា ចំណោទបញ្ហា​កើតចេញពី​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ផ្ទាល់ ដែលមាន​កង្វះ​ឯកសារ​ច្បាប់ ដើម្បី​យកទៅ​ចុះបញ្ជី​ឈរឈ្មោះ​បោះ​ឆ្នោត​សកល​ខាងមុខ​ជាមួយ គ​.​ជ​.​ប ដែល​ទាមទារ​សំណៅ​ឯក​សារ​ច្បាប់ដើម ព្រោះ​គេ​មិនអាច​ទទួល​សំណៅ​ឯកសារ​ថតចម្លង ឬ​ហ្វូ​តូ​កូ​ពី​បានឡើយ ក្នុង​កិច្ចការរដ្ឋបាល​។

​លោក​បញ្ជាក់​បន្ថែមថា​៖ «​ការចង់​ជួប​សម្តេច​តេ​ជោ ​ហ៊ុន សែន ចង់​ជួប​សម្តេច​ក្រឡាហោម​ ស ខេង ដើម្បី​ពិភាក្សា​រឿង​ចុះបញ្ជី​ទៅ គ​.​ជ​.​ប នេះ គឺ​គ្មាន​បញ្ហា​ដែល​ត្រូវ​ជួប​ទេ ព្រោះ​វា​មិនមែនជា​កំហុស​របស់​ប្រមុខ​រដ្ឋាភិបាល​ឡើយ ដោយ​ខ្លួនឯង​ខ្វះ​ឯកសារ​ចង់​ឱ្យគេ​ជួយ​សម្រប​សម្រួល​យក​សំណៅ​ឯកសារ​ថតចម្លង ម៉េច​ទៅរួច ប្រទេស​ណា​យក​ឯកសារ​ថតចម្លង​ជា​ឯកសារ​ផ្លូវ​ការកើត​?»​។

​ទាក់ទង​នឹង​ការចុះបញ្ជី​បោះ​ឆ្នោត​លោក ​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឱ្យដឹង​ថា បញ្ហា​ចុះ​បញ្ជី​របស់​គណបក្ស​ភ្លើងទៀន​និង​កង្វះខាត​របស់​គណបក្ស​ផ្សេងៗ​ទៀត​ត្រូវបំពេញ​នឹងត្រូវ​លើក​​ឡើង​ក្នុង​អង្គប្រជុំ​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​ ១៥ ខែឧសភា​៕