ភ្នំពេញៈ​ ថ្នាក់​ដឹក​នាំ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹង​ថា ​សាធារ​ណរដ្ឋ​ឆែក​ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិ​បត្តិ​ការ​ជា​មួយ​កម្ពុជា​បន្ថែម​ទៀត​លើ​វិស័យ​បណ្តុះ​បណ្ដាល​ធនធាន​មនុស្ស​ និង​ជំនាញ​បច្ចេក​ទេស និង​វិជ្ជាជីវៈ​កែច្នៃ​ផលិត​ផល​កសិកម្ម​ដើម្បី​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ក្នុង​បរិបទ​នៃ​ការរី​កចម្រើន​សេដ្ឋ​កិច្ច​ និងបច្ចេក​វិទ្យា​។​


​លោក ​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ដូច​នេះ​ពី​ថ្ងៃទី​ ១៥​ ខែឧសភា ក្នុង​ជំនួប​ជា​មួយ​លោក​ Petr Gan​dalovic​ ប្រធាន​នាយក​ដ្ឋាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​អភិវឌ្ឍន៍​និង​ជំនួយ​មនុស្ស​ធម៌​តំណាង​ក្រសួង​ការ​បរទេស​សាធា​រ​ណរដ្ឋ​ឆែក​និង​លោក Martin Vávra ​ឯក​អគ្គ​រដ្ឋទូត​ឆែក​ប្រចាំ​កម្ពុជា​។​

​​បើតាម​ក្រសួង​ការងារ​ជំនួប​នេះ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ការងារ​ដែល​ផ្តោត​សំខាន់​លើ​លទ្ធ​ផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​រ​យៈ​ពេល​៥​ឆ្នាំក​ន្លងមក(២០១៨-​២០២៣)និង​កំណត់​ទិសដៅ​អាទិ​ភាព​សម្រាប់​រ​យៈពេល​៥​ឆ្នាំ​បន្ទាប់ ដោយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០២៤ ជា​​ពិសេស​ការប​ន្ដ​គាំទ្រ​លើ​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ (TVET)​។​


​នា​ឱកាស​នោះ ​លោក អ៊ិត សំហេង បាន​វាយត​ម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​សា​ធារ​ណរដ្ឋ​ឆែក​ក្នុង​ការ​ពង្រឹង​និង​ផ្តល់​កិច្ច​សហ​ប្រតិប​ត្តិកា​រយ៉ា​ង​ល្អ​កន្លង​មក​លើ​​វិស័យ​ការងា​រជាពិ​សេស​វិស័យ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ និង​ទីភ្នាក់​ងារ​ជាតិ​មុខរ​បរ និង​ការ​ងារ​។​

​ក្នុង​រយៈ​ពេល​នៃ​កិច្ចស​ហប្រ​តិប​ត្តិការ​៥​ឆ្នាំ​កន្លង​មកនេះ រាជរដ្ឋា​ភិបា​ល​កម្ពុជា​ក៏មាន​កិច្ច​សហ​ប្រតិប​ត្តិការ​ជាមួយ​អង្គការ​ភី​នឬ​PIN(People In Need) ដែលជា​អង្គការ​មិនមែ​ន​រដ្ឋាភិបា​ល និង​មិន​រកប្រាក់​ចំណេញ​នៃ​ប្រទេស​​ឆែក ដែល​អនុ​វត្ត​លើ​គម្រោង​ជំនួយ​មនុស្សធ​ម៌ គម្រោង​អភិវឌ្ឍន៍​រយៈ​ពេល​វែង កម្មវិធី​អប់រំ និង​បាន​ចូលមក​កម្ពុជា​ពី​ឆ្នាំ​២០០៨»​។​នេះ​បើ​តាម​លោក ​អ៊ិត​ សំហេង​។​


​លោក​បាន​បញ្ជាក់​ថា​៖ «​ក្រសួង​ក៏បាន​ស្វាគ​មន៍​ដៃគូ​អភិវឌ្ឍ​ន៍ទាំង​អស់ ជាពិសេស​សាធារ​ណ​រដ្ន​ឆែក​ក្នុង​ការចូលរួម​ផ្តល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ផង​ដែរ​»​។​

​ក្នុង​ជំនួប​នោះ​ដែរ លោក Petr Gandalovic​បាន​លើក​ឡើង​ដែរ​ថា កន្លង​មក សាធារណ​រដ្ឋ​ឆែក​តែង​តែ​បាន​ផ្តល់​ការ​គាំទ្រ​ទៅលើ​​ការ​អភិវឌ្ឍ​វិស័យ​បណ្តុះបណ្តា​ល​បច្ចេកទេ​ស និង​វិជ្ជាជីវៈ​(TVET)នៅ​កម្ពុជា​។​

​តាម​រយៈ​​ក្រសួង​ការងារ​ដដែល​នេះលោក​ក៏បាន​បញ្ជាក់​ដែរថា​​៖ «​ដើម្បី​ឱ្យ​កិច្ចស​ហប្រតិ​បត្តិ​ការ​កា​ន់​តែមាន​​ប្រសិទ្ធ​ភាព​​ទៀត​នោះ ភាគី​ទាំង​២​គួរ​ពិភា​ក្សា​ទៅលើ​ការរៀបចំ​​កម្មវិធី​សិក្សា​របស់ TVET ផង​ដែរ ពិសេ​ស​ទៅលើ​មុខវិជ្ជា​ជំនាញ​ដែល​នឹងមា​ន​សក្តានុព​ល​ទៅ​ថ្ងៃ​អនា​គតដើ​ម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សា​រកា​រងារ ដូច​ជា​ផ្នែក​ការ​កែច្នៃ​ផលិត​ផល​កសិ​កម្ម​ជា​ដើម​»​។​

​លោក Petr Gandalovic​ បាន​បន្តថា ការ​កែច្នៃ​ម្ហូប​អា​ហារ​នេះគឺជា​ផ្នែក​មួយ​ដែល​សាធា​រណរដ្ឋ​ឆែក​មាន​បទពិសោធ​ន៍​ជា​យូរ​ណាស់​មកហើ​យ លើសពី​នេះ​ឆែក​ក៏មាន​ប្រព័ន្ធ​អប់រំ​​បណ្តុះ​បណ្តា​ល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​ដែ​ល​មាន​ការអ​ភិវឌ្ឍ​ឈានមុ​ខ​គេ​មួយ​​៕