​ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីសម្រេច​ប​ដិ​​សេធ​ទាំងស្រុង ចំពោះ​ការចុះបញ្ជី​របស់​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ របស់​គណបក្ស​ភ្លើង​ទៀន ក្រោយពី​មិនបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​នៃ​ច្បាប់បោះឆ្នោត​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប នៅ​រសៀល​ថ្ងៃទី ​១៥ ខែឧសភា ឆ្នាំ​ ២០២៣ បានធ្វើ​ការបដិសេធ​ការ​ចុះបញ្ជី​របស់​គណបក្ស​ន​យោ​បាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិ​កាល​ទី​៧ ឆ្នាំ​ ២០២៣ របស់ គណបក្ស​ភ្លើងទៀន ដែលមាន ២៥ មណ្ឌល​រាជធានី ខេត្ត​។​

​គ​.​ជ​.​ប បានបញ្ជាក់​ហេតុផល​ថា​៖ «​មូលហេតុ​ដោយសារ​គណ​បក្ស​ភ្លើងទៀន មិនបាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រកាស​ស្ដីពី​ការចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ដែល មាន​បញ្ជាក់​នីត្យានុកូល​កម្ម​»​។​


​អ្នកនាំពាក្យ​នៃ​គណៈ​ក​ម្មា​ធិ​​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ខន កែវ​មនោ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ ខែឧសភា​ថា ការដែល​គ​.​ជ​.​ប បដិសេធ​មិន​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិ​កាល​ទី​ ៧ ឆ្នាំ​ ២០២៣ របស់​គណបក្ស​ភ្លើងទៀន ដោយ​សារ​តែ​គណបក្ស​នេះ មិនបាន​បំពេញបន្ថែម​ពី​ចំណុច​ខ្វះខាត​របស់ខ្លួន តាម​ការជូនដំណឹង រប​ស់ គ​.​ជ​.​ប​។​

​លោក​បាន​បន្តថា ៖ «​គ​.​ជ​.​ប បាន​ជូនដំណឹង ឱ្យ​គណបក្ស​ភ្លើង​ទៀន​បំពេញបន្ថែម​នូវ​ចំណុច ខ្វះខាត​ចំនួន ៣​ ចំណុច ដោយ ក្នុងនោះ គណបក្ស​បាន​បំពេញ បានតែ ​២ ​ចំណុច និង ១ ​ចំណុច​ទៀត គណបក្ស​នេះ មិនបាន បំពេញ ឱ្យបាន​ត្រឹមត្រូវ ទៅតាម​ការកំណត់​នៃ​ច្បាប់ ហើយ​ចំណុច​ដែល​គណបក្ស​នេះ មិនបាន​បំពេញ​នោះ គឺ​លិខិតបញ្ជាក់​ស្តីពី​ការចុះបញ្ជី​គណបក្ស​ន​យោ​បាយ​នៅ​ក្រសួងមហាផ្ទៃ ត្រូវមាន​នីត្យានុកូលកម្ម​»​។​


​ជាមួយគ្នានេះដែរ លោក គឹម​សួរ ភី​រិ​ទ្ធ អ្នកនាំពាក្យ​គណ​បក្ស​ភ្លើងទៀន បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ ខែឧសភា ផងដែរ​ថា គណបក្ស​លោក​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការ​សម្រេច​បដិសេធ​ចំពោះ​ការចុះបញ្ជី​គណបក្ស​លោក មិនឱ្យ​ចូល​​រួមការ​បោះឆ្នោត​ជ្រើស​​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​ ៧ នេះ​។​

​លោក​បន្តថា មានមតិ​ជាតិ និង​អន្តរជាតិ​បាន​មើលឃើញថា មានតែ​គណបក្ស​ភ្លើងទៀន​ទេ ដែលមាន​កម្លាំង​អាច​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​បាន​។​

​ទោះជា​បែបនេះ​ក្តី លោក គឹម​សួរ ភី​រិ​ទ្ធ បាន​បញ្ជាក់ថា​៖ «​គណបក្ស​យើង​នឹង​រៀបចំ​ឯក​សារ​ដាក់ពាក្យ​បណ្តឹង​ទៅ​ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ ឱ្យជួយ​ស្វែងរក​យុត្តិធម៌​ចំពោះ​ករណីនេះ តែ​យើង​ហាក់​មាន​ក្តីសង្ឃឹម​តិចតួច​ណាស់​ថា ទទួលបាន​នូវ​ភាព​​យុត្តិធម៌​»​។​

​យោងតាម​សេចក្តីប្រកាស ព័ត៌មាន​របស់​គ​.​ជ​.​ប​ដដែល​នេះ ក៏​លើកឡើង​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ ​២០២៣ គ​.​ជ​.​ប បានសម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​លើ​ការចុះបញ្ជី​របស់​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ចំនួន ១៨ គណបក្សនយោបាយ និង​បាន​បដិសេធ​ការចុះបញ្ជី​របស់​គណបក្ស​នយោបាយ​ឈរឈ្មោះ បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ចំនួន ១​ គណបក្សនយោបាយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ក្នុង​ដំណើរការ​ពិនិត្យ​ពាក្យសុំ​ចុះបញ្ជី​របស់​គណបក្ស​ន​យោ​បាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ មាន​គណបក្សនយោបាយ​ចំនួន ៥ ត្រូវបាន គ​.​ជ​.​ប ចេញ​លិខិត ជូនដំណឹង ឱ្យបំពេញ​បន្ថែម​ចំ​ណុ​ច​ខ្វះខាត ហើយ​គណបក្ស​ទាំង​នោះបាន​បំពេញ​ជូន គ​.​ជ​.​ប វិញ មានតែ​គណបក្ស​ភ្លើងទៀន មិនបាន​បំពេញបន្ថែម​ចំណុច​ខ្វះខាត​របស់ខ្លួន​៕