ភ្នំពេញៈ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជានេសាទចូលរួមជួយអភិរក្សអណ្តើកហ្លួង ឬអណ្តើកសរសៃ ដែលជាពូជអណ្តើកកម្រ និងប្រឈមនឹងការផុតពូជនៅកម្ពុជា ដើម្បីឱ្យសត្វនេះមានលទ្ធភាពបង្កើនវត្តមានក្នុងជម្រកធម្មជាតិ ចៀសវាងបាត់បង់ ដែលពិបាកស្តារឡើងវិញ។
ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថានដូច្នេះធ្វើឡើងនៅអំឡុងពេលលោកដឹកនាំក្រុមអ្នកសារព័ត៌មានចុះធ្វើទស្សនកិច្ច នៅលើឆ្នេរខ្សាច់ សិប្បនិមិ្មត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣។
នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានកោតសរសើរដល់ភាគីពាក់ព័ន្ធដែលបានចូលរួមចំណែកអភិរក្សអណ្តើកហ្លួង ឬអណ្តើកសរសៃ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជ ដែលគេធ្លាប់គិតថាបានផុតពូជទៅហើយ ប៉ុន្តែគេប្រទះឃើញនៅកម្ពុជាវិញកាលពីឆ្នាំ ២០០០។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ប្រជាសហគមន៍ ជាពិសេសប្រជានេសាទ សូមចូលរួមជាមួយរដ្ឋាភិបាល និងអាជ្ញាធរដើម្បីអភិរក្សសត្វអណ្តើកហ្លួង និងសត្វកម្រដទៃៗទៀត ដោយកុំនេសាទ បរបាញ់ ដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃ ដើម្បីឱ្យចំនួនសត្វ កម្រកើនឡើងតួយ៉ាងសត្វអណ្តើកហ្លួងជាដើម ដែលអាចផ្តល់ជាសក្តានុពល ផ្នែកទេសចរណ៍ផង»។
ជាមួយគ្នានេះ លោក ថន ផុន អ្នកសម្របសម្រួលគម្រោងអណ្តើកហ្លួង និងក្រពើត្រីប្រចាំខេត្តកោះកុង បានប្រាប់ឱ្យដឹងដែរថា ការបង្កាត់ពូជអណ្តើកហ្លួងនៅឆ្នាំ ២០២៣ នេះ ជាឆ្នាំទី៣ មានភាពជោគជ័យដោយការកម្រិតថែទាំអណ្តើកហ្លួងចេះតែមានភាពប្រសើរឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ។
លោកបានឱ្យដឹងថា ៖«សម្រាប់ការបង្កាត់ពូជអណ្តើកហ្លួងនៅឆ្នាំ ២០២៣ មានភាពជោគជ័យដោយសារតែមានកូនអណ្តើកហ្លួងចំនួន ១២២ ក្បាល បានញាស់ដោយជោគជ័យ និងសង្ឃឹមថានៅឆ្នាំទៅមុខទៀតនឹងមានកូនអណ្តើកហ្លួងកើនឡើង ២០០ ក្បាល»។
ទោះបីជាយ៉ាងណា លោក ថន ផុន ក៏សម្តែងនូវការបារម្ភផងដែរ ដែលអណ្តើកហ្លួងកំពុងរងការគំរាមកំហែងពីការនេសាទដោយឧបករណ៍នេសាទខុសច្បាប់។
លោកថា៖ «រយៈពេល ៥ ឆ្នាំចុងក្រោយនេះ ក្រុមការងារយើងបានធ្វើការចុះល្បាតសហគមន៍នេសាទដោយដឹកនាំរដ្ឋបាលជលផល យើងបានជួយប្រមូលខ្មោចមងតាមព្រែកច្រើនមែនទែន ហើយយើងក៏បានរឹបអូសលូស្បៃមង លបមុខ ១០០ ជាច្រើនផងដែរ»។
បើតាមមន្ត្រីក្រសួងបរិស្ថាន សត្វអណ្តើកហ្លួង មានវត្តមានតែក្នុង ៣ ប្រទេសប៉ុណ្ណោះក្នុងពិភពលោក គឺមាននៅកម្ពុជា, ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។ អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ចាត់ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង ២៥ ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើពិភពលោក៕