​ភ្នំពេញៈ លោក​ ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ណែនាំ​ឱ្យ​នាយក​ប្រចាំ​តំបន់​អាស៊ី​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ​អន្តរជាតិ​ (IRRI ) សហការ​ជាមួយ CARDI សិក្សា​ស្រាវជ្រាវ​អំពី​ពូជស្រូវ​មាន​ជាតិ​ស្ករ​ទាប​នៅ​កម្ពុជា (Low Glycemic Index Low GI)​។​


​ការណែនាំ​នេះ​ធ្វើឡើង​ក្នុងអំឡុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ឌិ​ត ទីណា និង​នាយក​ប្រចាំ​តំបន់​នៃ ​IRRI លោក Jongsoo Shin នា​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ ​២០២៣​។​

​យោងតាម​ក្រសួងកសិកម្ម នាឱកាស​នោះ លោក ឌិ​ត ទីណា បាន​លើកឡើងថា ក្រសួងកសិកម្ម ពិតជា​អរគុណ​នូវ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការល្អ​រវាង IRRI និង​ក្រសួង ពិសេស​កិច្ចការ​ស្រាវជ្រាវ​អំពី​ពូជស្រូវ​ស្របតាម​គោលនយោបាយ​របស់​ក្រសួង​។​


​សម្រាប់​ការផ្តួចផ្តើម​របស់ IRRI អំពី​ពូជស្រូវ​មាន​ជាតិ​ស្ករ​ទាប​នៅ​កម្ពុជា (Low Glycemic Index Low GI) លោក​រដ្ឋមន្ត្រីបាន​ណែនាំ​ថា​៖ «​សូម IRRI សហការ​ជាមួយ CARDI និង​នា​យក​ដ្ឋា​ន​សហប្រតិបត្តិការ​អន្តរ​ជាតិ​ហើយ​ត្រូវ​សិក្សា​វិភាគ​ដោយ​ត្រូវ​យកចិត្តទុកដាក់​ទាំង​ការងារ​ស្រាវជ្រាវ​ពូជស្រូវ និង​ការ​អភិ​វ​ឌ្ឍ​ទីផ្សារ​»​។

លោក​បាន​បន្តថា៖ «​លើសពីនេះ​ទៀត ត្រូវ​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដែលជា​ទម្រង់​នៃ​ភាពជោគជ័យ​ប្រកបដោយ​និរន្តរភាព ពេល​គម្រោង​បិទ​បញ្ចប់​។ គម្រោង​ទាំង​អស់​ត្រូវ​គិតគូរ​លើ​សុខភាព​ប្រជា​ពលរដ្ឋ សុវត្ថិភាព​សង្គម ធ្វើឱ្យ​កសិករ​មាន​ចំណូល​មាន​ស្ថិរភាព​សេដ្ឋកិច្ច និង​និរន្តរភាព​»​។​


​ទាក់ទង​នឹង​ចំណុច​នេះ លោក ឡោ ប៊ុណ្ណា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៦ ខែឧសភា​ថា ក្នុងជំនួប​រវាង​លោក​រដ្ឋមន្ត្រី និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ​អន្តរ​ជាតិ​( IRRI ) កាលពីពេល​កន្លងទៅ ខាង​វិទ្យាស្ថាន​ធ្លាប់បាន​លើកឡើង​ពី​ពូជស្រូវ​ចំនួន​២​ប្រភេទ គឺ Japanica​ និង ​Low GI នេះ​។​

​លោក​បាន​បន្តថា សព្វថ្ងៃនេះ មាន​ក្រុមហ៊ុន​ឯកជន និង​កសិករ​មួយចំនួន​បាននិងកំពុង​ធ្វើការ​ដាំ​ដុះ​ពូជ Japanica នៅក្នុង​ស្រុក ខណៈដែល​លោក​រដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ CARDI សហការ​ជាមួយ IRRI បន្ថែមទៀត លើ​ការងារ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជស្រូវ​នេះ​។

​លោក ឡោ ប៊ុណ្ណា បញ្ជាក់ថា ៖ «CARDI បានធ្វើ​ការងារ​នេះ​អស់​រយៈពេល​ ២​ ឆ្នាំ​កន្លងមកហើយ ហើយ​ទាក់​ទង​នឹង​ពូជ Japanica យើង​បាន ធ្វើ​តាមរយៈ​គម្រោង​មួយ ដែល​យើង​សហការ​ជាមួយ​កូរ៉េ ដោយ​ក្នុង​ ១ ​ឆ្នាំ​យើង​យក​ ១០០​ ពូជ​។ ឆ្នាំនេះ​ជា​ឆ្នាំ​ទី​ ២​ ហើយ ដែល​យើង​យក ​១០០​ ពូជ​ទៀត ដោយ​កំពុង​ធ្វើតេស្ត​នៅ​វិទ្យា​សា្ថ​ន​ផ្ទាល់​។ ក្នុងចំណោម​ ១០០​ ពូជ​នេះ​យើង​រកឃើញ​ ៣០ ​ពូជ ដែលមាន​លក្ខ​​ណៈ​សមស្រប​សម្រាប់​ដាំ​ដុះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​»​។

​លោក​ថា វិទ្យាស្ថាន​នឹង​បន្ត​តាម​​ដាន​នៅ​ឆ្នាំក្រោយ​ ១​ ឆ្នាំ​ទៀត​ទើប​វិទ្យាស្ថាន​រាយការណ៍​ទៅ​ក្រសួងកសិកម្ម ដើម្បីឱ្យ​ក្រសួង​បញ្ចេញ​ឱ្យ​កសិករ​ដាំ​ដុះ​សាកល្បង​។ ការ​ងារ​នេះ​ត្រូវការ​អនុវត្ត​ក្នុង​រយៈ​ពេល​ ៥ ​ឆ្នាំ ដោយ​គិត​ចាប់ពីពេលនេះ​នៅសល់​ ៣ ​ឆ្នាំ​ទៀត​។​

​ដោយឡែក​សម្រាប់​ពូជ Low GI លោក​ថា​៖ «​យើង​កំពុងតែធ្វើការ​សិក្សា​លើ​ពូជ​ក្នុងស្រុក​យើង ដោយ​យើង​បានធ្វើ​ការត្រៀម​នឹង​បញ្ចេញ​នៅ​ចុងឆ្នាំ​នេះ ចំនួន​ ៦ ​ពូជ ហើយ​យើង​ក៏​កំពុង​ធ្វើ​បន្តទៀត​ទៅលើ Low GI ហ្នឹង ដោយ​តាម​អនុសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី គឺ​ឱ្យ​ខាង IRRI នាំយក​ពូជ​ដែល​បាន​ប្រើប្រាស់​នៅ​ខាង IRRI យកមក​ធ្វើតេស្ត​នៅ​យើង​។ យើង​នឹង​ប្រៀបធៀប​គ្នា​ថា​តើ ពូជស្រូវ Low GI មាន​លក្ខណៈ​ល្អ​ជាង​ពូជស្រូវ​យើង ឬ​ដូច​ពូជ​យើង​?»​។

​បើតាម CARDI បច្ចុប្បន្ន ពូជស្រូវ​ដែលមាន​ដាំ​ដុះ​នៅ​កម្ពុ​ជាមាន​រាប់ពាន់​ពូជ ក្នុងនោះ​ពូជ​ដែល ​CARDI បាន​ប្រមូល​មក​ទុក​និង​ស្រាវជ្រាវ​មាន​ជាង ​២ ពាន់​ពូជ​ខណៈ​ពូជ​មានការ​ពេញនិយម​ក្នុង​ការដាំដុះ​មាន​ជាង​ ១ ​ពាន់​ពូជ​៕