ព្រះវិហារៈ ក្រុមហ៊ុន ​អេមរូ រាយស៍ (AMRU Rice) ​បាន​ផ្តល់​ពូជស្រូវ​ផ្ការំដួល​៥៩​តោន​ដល់​សហគមន៍​កសិកម្ម​ចំនួន​ ១៤​​ នៅខេត្ត​ព្រះវិហារ​​​​​ ខណៈ​ក្រសួង​កសិកម្ម​​​កំពុង​​ជំរុញ​​ការ​អនុវត្ត​​​ការ​ចុះ​​កិច្ចសន្យា​កសិកម្ម ​(Contract Farming) រវាង​ក្រុមហ៊ុន​ឯក​ជន និង​​សហគមន៍​កសិកម្ម​ផលិត​ស្រូវ​ដើម្បី​ប្រមូល​ទិញស្រូវ​ដែល​កសិករ​ផលិត​បាន​។


​លោក​ យ៉ង សាំងកុមារ រដ្ឋលេខា​ធិការក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​នៅ​ថ្ងៃទី​១៧ ខែ​​ឧសភាថា ​ក្រសួង​កសិកម្ម​​​ កំពុង​ខិតខំ​ជំរុញ​ការ​អនុវត្តកិច្ចសន្យាកសិកម្ម​​រវាង​ក្រុមហ៊ុន​​កិន​កែច្នៃ​អង្ករ និង​​​សហគមន៍​កសិកម្ម​​ផលិត​ស្រូវ​​ ដោយ​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​​ជាមួយ​កា​រប្រើប្រាស់ពូជ​សុទ្ធ​ល្អ។

​ការ​លើក​ឡើង​របស់​លោក យ៉ង សាំងកុមារ ​ធ្វើឡើង​បន្ទាប់​ពី​សហគម​ន៍​​ក​សិកម្ម​ចំនួន​១៤​ក្នុង​ខេត្ត​ព្រះវិហារ​ បាន​​ធ្វើ​ការ​ផ្លាស់​ប្តូរ​​ពូជ​ស្រូវ ដោយ​​យក​​ប្រភេទ​​ស្រូវ​ផ្កា​រំដួល​​​ទៅ​​​​ដាំដុះ​បង្កបង្កើន​ផល​​ ដើម្បី​​ទទួល​​បាន​ភាព​សុទ្ធល្អ​ និង​ទិន្នផល​ខ្ពស់​ ដោយ​ក្រុមហ៊ុន AMRU Rice Cambodia Co.,Ltd ​នឹង​ប្រមូល​ទិញ​ក្រោយ​ប្រមូល​ផល​​រួច​​។ ​


​លោក យ៉ង សាំងកុមារ និយាយថា៖​«ជាបណ្តើរៗ​ យើង​រៀប​​ឱ្យ​មាន​ការ​ចុះ​កិច្ច​សន្យា រវាង​ក្រុម​ហ៊ុន​ និង​សហគមន៍។ កន្លង​មក​ យើង​រៀប​ចំ​​ឱ្យ​មាន​​​ការ​ចុះ​កិច្ច​សន្យា​​កសិកម្ម​នេះ​ នៅ​ខេត្ត​ព្រៃ​វែង និងខេត្តបាត់ដំបង ហើយ យើង​កំពុង​រៀប​​ជាបន្តបន្ទាប់​ទៀត​នៅ​ខេត្ត​ផ្សេង​ទៀត»។

​​សហគមន៍កសិកម្ម​​ទាំង​​​១៤ក្នុង​ខេត្ត​ព្រះវិហារ ​បាន​ទទួលពូជស្រូវប្រភេទផ្ការំដួល​ជាង​ ៥៩​តោន​​​ដែល​ជាពូជ​សុទ្ធល្អ និង​មានទិន្ន​ផល​ខ្ពស់ ផ្តល់​ដោយ​ក្រុម​ហ៊ុន AMRU Rice Cambodia Co.,Ltd ​ ដើម្បី​ធ្វើការ​ដាំដុះ​ក្នុង​រដូវ​វស្សា​ឆ្នាំ​២០២៣​នេះ។


នៅ​​ក្រោយ​ពេល​ប្រមូល​ផល​​​ដែល​ដាំ​ដុះ​​ពី​ពូជ​ស្រូវផ្ការំដួល​នេះ ក្រុមហ៊ុន នឹង​ប្រមូល​ទិញ​​​​​​ស្រូវ​ទាំង​អស់​។​​ នេះ​បើ​យោង​តាម​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តព្រះវិហារ។​

លោក កាន់ គន្ធី ​អគ្គ​នាយក​ក្រុមហ៊ុន AMRU Rice Cambodia Co.,Ltd បាន​​លើក​ឡើង​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់លោកថា៖«​ចង់បានលទ្ធផលល្អ​ ត្រូ​វផ្តើម​ចេញ​ពី​គ្រាប់​ពូជល្អ។ ​គ្រាប់​ពូជ​ជាកក្តាសំខាន់​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ឈាន​ទៅ​រក​ទិន្នផល​ល្អ ​និង​គុណភាព​ល្អ ក្នុង​ការ​បម្រើ​ការនាំចេញ​អង្ករ​ល្អ​ទៅ​ក្រៅ​ប្រទេស»។

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ កាល​ពី​ខែមីនា​កន្លងទៅ​ បាន​ឱ្យ​ដឹងថា ការរៀបចំកិច្ច​សន្យា​កសិកម្ម​នេះ គឺជា​គោល​នយោបាយ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ផលិត​កម្ម​ស្រូវ​អង្ករ​ប្រកប​ដោយ​​គុណភាព និង​ដោះ​ស្រាយ​បញ្ហា​ទីផ្សារ​ និង​តម្លៃ​ស្រូវ ​ព្រម​ទាំងជំ​រុញ​ការ​អនុវត្ត​គោលនយោបាយ​នាំ​ចេញ​អង្ករ​ ក្នុង​បរិមាណ១លានតោន​ក្នុង ១ឆ្នាំ៕​