ព្រះសីហនុៈមន្ត្រី​និងអ្នកជំនាញ​ពាក់ព័ន្ធ បានចូលរួម​សិក្ខាសាលា​ស្តីពី​គណនេយ្យភាព​សង្គម និង​កិច្ចប្រជុំ​លើក​ទី៩ របស់​គណ:​កម្មាធិការ​គ្រប់គ្រង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាព​សង្គម នៅថ្នាក់​ក្រោម​ជាតិ (គ.គ.អ.ស) នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃ​ទី១៨​ឧសភា។


សិក្ខាសាលា​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជាប្រធាន គ.គ.អ.ស ដោយមាន​ការចូលរួម ​ពីតំណាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ជាសមាជិក គ.គ.អ.ស តំណាង​ដៃគូ​អភិវឌ្ឍន៍ ក្រុម​ការងារ​គណនេយ្យភាព​សង្គម ក្រុមការងារ​បច្ចេកទេស និងអង្គការ​សង្គមស៊ីវិល​នានា​សរុប​ប្រមាណ ៦៤ រូប។

បើយោងតាម​ផេកហ្វេសប៊ុក​ក្រសួង​សាធារណការ​សិក្ខាសាលា​នេះ​ផ្តោត​លើ​របៀប​វារៈ​សំខាន់ៗ​រួមមាន៖ បទ​បង្ហាញ​ស្តីពី​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ឱកាស​នៃការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ប្រចាំ​ឆ្នាំ២០២២ បច្ចុប្បន្នភាព​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ និងថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បទបង្ហាញ​អំពី​លទ្ធផល​សំខាន់ៗ​នៃកម្មវិធី​វិបស្សនា​ស្តីពី​ការអនុវត្ត​ការងារ គណនេយ្យភាព​សង្គម​របស់​ក្រុមការងារ​បច្ចេកទេស និងការពិភាក្សា​អំពី​ជម្រើស និង​យុទ្ធសាស្ត្រ​និរន្តរភាព​នៃការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម។


ដោយឡែក​កិច្ចប្រជុំ​លើក​ទី៩ របស់​គណៈ​កម្មាធិការ​គ្រប់គ្រង​ការអនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​គណនេយ្យភាព​សង្គម​នៅថ្នាក់​ក្រោម​ជាតិ ផ្តោតលើ​របៀប​វារៈ ការពិនិត្យ​សម្រេច និងការអនុម័ត​លើ​ឯកសារ​បច្ចេកទេស និង​សៀវភៅ​ណែនាំ​ប្រតិបត្តិ​ស្តីពី​ការងារ​គណនេយ្យភាព​សង្គម​សម្រាប់​ផ្នែក​ផ្គត់ផ្គង់ ការពិនិត្យ​សម្រេច​និង​អនុម័ត​លើ​ឯកសារ​បច្ចេកទេស និងសៀវភៅ​ណែនាំ​ប្រតិបត្តិ​ស្តីពី​ការងារ​គណនេយ្យភាព​សង្គម​សម្រាប់​ផ្នែក​តម្រូវការ និង​ការអនុម័ត​លើ​ឯកសារ​ស្នើ​សុំ​ពន្យារពេល​ការអនុវត្ត​ផែនការ​អនុវត្ត​គណនេយ្យភាព​សង្គម​ដល់​ឆ្នាំ២០២៥។

បើតាមក្រសួង​សាធារណការ គណនេយ្យភាព​សង្គម​គឺ​ជា​ឧបករណ៍ ដ៏មាន​សារ:សំខាន់​មួយ ក្នុងការចូលរួម​ចំណែក ​ដល់​ការពង្រឹង ​អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​មូលដ្ឋាន។ ផែនការអ​នុវត្ត​គណនេយ្យភាព សង្គម​គឺជាផ្នែក​ដ៏សំខាន់មួយ​នៃ​កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ​របស់​រាជ​រដ្ឋាភិបាល។


ប្រសិទ្ធភាព​នៃ​ការអនុវត្ត ការងារ​គណនេយ្យភាព​សង្គម បានឆ្លុះ​បញ្ចាំង តាមរយៈ​ការលើក​កម្ពស់ ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ និងអ្នក​ផ្តល់​សេវា ក៏ដូចជា​ការបង្កើន​ការយល់ដឹង​របស់​សហគមន៍​អំពី​សិទ្ធិ​ស្តង់ដា និង ការបំពេញ​ការងារ​របស់​អ្នកផ្តល់​សេវា​ដើម្បី​ចូលរួម​យ៉ាង​សកម្ម និង​យកចិត្ត​ទុកដាក់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ និងការកែ​លម្អ​ការផ្តល់​សេវា​ដោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ៕