ភ្នំពេញៈ នាយកដ្ឋាន​កិច្ចការ​បច្ចេកទេស និងនាយកដ្ឋាន​មន្ទីរ​ពិសោធន៍ នៃ​អគ្គ​នាយកដ្ឋាន ក.ប.ប កាលពី​ថ្ងៃទី១៨ ឧសភា បាន​សហការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​ការអនុវត្ត​អនុក្រឹត្យ​លេខ ៦៩ ស្ដីពី​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម​អំបិល​អ៊ីយ៉ូដ និង​ពង្រឹង​សមត្ថភាព​មន្ត្រីក្នុង​ការត្រួត​ពិនិត្យ។


វគ្គ​បណ្តុះបណ្តាល​នេះ ដឹកនាំដោយ​លោក ឌឹម ថេង អគ្គ​នាយករង នៃ​អគ្គ​នាយកដ្ឋាន ក.ប.ប និង​មាន​ការចូលរួម​ពី​ប្រធាន​សាខា ប្រធាន​ការិយាល័យ​ត្រួត​ពិនិត្យ​ផលិតផល​ម្ហូបអាហារ និងប្រធាន​ការិយាល័យ​មន្ទីរ​ពិសោធន៍​ខ្នាត​តូច រាជ​ធានី-ខេត្ត។

បើតាម​អគ្គ​នាយកដ្ឋាន កបប គោលបំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី ក្នុងការត្រួត​ពិនិត្យ​ផលិតផល​អំបិល​អ៊ីយ៉ូដ និង​បង្រ្កាប​បទល្មើស​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។


ការបណ្តុះបណ្តាល​នេះ​ផ្ដោតសំខាន់​លើ​នីតិវិធី​ប្រតិបត្តិ សម្រាប់​ត្រួតពិនិត្យ​ផលិតផល​អំបិល​អ៊ីយ៉ូដ និងបញ្ជី​អង្កេត​ពិនិត្យ​អំបិល​អ៊ីយ៉ូដ (SOP) ព្រោះ (SOP) នេះ​ជាវិធានការ​រួម និង​ជាឯកសារ​តម្រង់​ទិស សម្រាប់​មន្ត្រី​នៃអគ្គ​នាយកដ្ឋាន ក.ប.ប យកទៅ​អនុវត្ត​ត្រួតពិនិត្យ ការយក​សំណាក​គំរូ ការធ្វើ​តេស្ត ដើម្បី​កំណត់​បទ​ល្មើស​នៃការធ្វើ​ចរាចរ​អំបិល​អ៊ីយ៉ូដ​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា៕