ភ្នំពេញៈ ក្រសួងយុត្តិធម៌ សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នា​ថ្ងៃទី ១៨ ខែ​ឧសភា​ បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី «ថវិកា​សមិទ្ធកម្ម» ជូន​ដល់​ថ្នាក់ដឹកនាំ​អង្គភាព​ថវិកា និង​មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​យុត្តិធម៌​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​វិស័យ​យុត្តិធម៌។​


​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ថវិកា​សមិទ្ធកម្ម» នេះ​ត្រូវបានធ្វើ​ពិធី​បើក​ក្រោម​អធិបតី​លោក ​កើត សេកាណូ ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គលេខាធិការ​នៃ​ក្រសួង​យុត្តិធម៌។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការអនុវត្ត​ថវិកា សំដៅ​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​អង្គភាព​ថវិកា និង​មន្ត្រី​ទទួល​បន្ទុក​ហិរញ្ញវត្ថុ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព នៃ​អនុវត្ត​ថវិកា​ក្នុង​វិស័យ​យុត្តិធម៌​របស់​អង្គភាព​ថវិកា​ចំណុះ​ទីស្តីការ​ក្រសួង​យុត្តិធម៌ និង​សាលា​ជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។ នេះ​បើ​យោងតាម​ក្រសួង​យុត្តិធម៌។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​ចំនួន ៦។ ក្នុងនោះ​រួមមាន​៖ ទស្សនទាន និង​គោលការណ៍ នៃ​ថវិកា​សមិទ្ធកម្ម ការបង្កើត​រចនាសម្ព័ន្ធ​ថវិកា​សមិទ្ធកម្ម ការរៀបចំ​គម្រោង​ថវិកា​សមិទ្ធកម្ម​របស់​ក្រសួង-ស្ថាប័ន ការរៀបចំ​របាយការណ៍ និង​ការតាមដាន និង​ការវាយតម្លៃ ការរៀបចំ​គម្រោង​ថវិកា​សមិទ្ធកម្ម​ក្នុង​វិស័យ​យុត្តិធម៌ និង​ប្រធានបទ​ទី ៦ គឺ រចនាសម្ព័ន្ធ​ថវិកា​សមិទ្ធកម្ម និង​សូចនាករ​គន្លឹះ​ក្នុង​វិស័យ​យុត្តិធម៌។​


​វគ្គ​បណ្តុះបណ្តាល​នេះ ក៏​ជា​វេទិកា​មួយ​ក្នុង​ការជជែក​ពិភាក្សា​ប្រមូល​ធាតុ​ចូល ព្រមទាំង​បញ្ហា​ប្រឈម និង​ដំណោះស្រាយ ដើម្បីឱ្យ​ការរៀបចំ​គម្រោង​ថវិកា​សមិទ្ធកម្ម​ក្នុង​វិស័យ​យុត្តិធម៌​កាន់តែ​ឆ្លើយតប​នឹង​គោលបំណង​គោលនយោបាយ និង​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។​

​ក្នុងឱកាស​នោះ​លោក​ កើត សេ​កា​ណូ​ បាន​លើកទឹកចិត្ត និង​ស្នើ​ដល់​អង្គភាព​ថវិកា​ក្នុង​វិស័យ​យុត្តិធម៌ ត្រៀម​លក្ខណៈ​បុរេសកម្ម និង​សកម្ម​ក្នុងការ​អនុវត្ត​នូវ​នីតិវិធី​ហិរញ្ញវត្ថុ​ថ្មីៗ ក្នុង​បរិបទ​នៃ​ការធ្វើ​ទំនើបកម្ម​ក្របខ័ណ្ឌ​ច្បាប់ និង​បច្ចេកវិទ្យា​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។ ក្នុងនោះ​រួមមាន​៖ ការអនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ (NRMIS) និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ (SARMIS) និង​ការអនុវត្ត​ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ឆ្នាំ ២០២៣ ដែល​ទើប​បាន​ប្រកាស​ឱ្យប្រើ​នាពេល​ថ្មីៗ​នេះ។ នេះ​បើ​យោងតាម​ប្រភព​ដដែល​នេះ៕​