​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​សិក្ខាសាលា​ស្តីអំពី «​ការរៀបចំ​ផែនការ​អាជីព និង​ជ្រើសរើស​ជំនាញ​សិក្សា​»​ដល់​សិស្សានុសិស្ស​សាលា ប៊ែ​ល​ធី អន្តរជាតិ​ជាង ២​ពាន់​នាក់ ដើម្បី​តម្រង់ទិស​សិស្សានុសិស្ស​ចា​ប់យក​ជំនាញ​ច្បាស់លាស់​។​


​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៅ​ថ្ងៃទី​១៩ ខែឧសភា បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រៀបចំ​នូវ​សិក្ខាសាលា​ស្តីអំពី​«​ការរៀបចំ​ផែនការ​អាជីព និង​ជ្រើសរើស​ជំនាញ​សិក្សា​» ដល់​សិស្ស​ថ្នាក់​ទី​១២​ចំនួន ២៤២២​នាក់ ដែល​កំពុង​សិក្សា​នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ ទាំង​២៤​សាខា​។ នេះ​បើតាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា មានប្រសាសន៍ថា​៖«​ខ្ញុំ​ជឿជាក់ថា កម្មវិធី​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​តម្រង់ទិស​ដល់​សិស្សានុសិស្ស​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ឱ្យមាន​ការសម្រេចចិត្ត​ច្បាស់លាស់ មុននឹង​ចាប់យក​ជំនាញ​សិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ឬ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​»​។​


​លោកស្រី ឌី ចង្កុលណី អនុប្រធាន​ទី​ភ្នា​ក់​ជាតិ​មុខរបរ និង​ការងារ មានប្រសាសន៍ថា សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ​មាន​គោលបំណង ផ្តល់ជូន​ក្មួយៗ​សិស្សានុសិស្ស​កម្រិត​មធ្យ​មសិ​ក្សា​ទុតិយភូមិ នូវ​ព័ត៌មាន​គន្លឹះ ការណែនាំ និង​ទស្សនទាន​ក្នុងការ​ជ្រើសរើស​ជំនាញ​សិក្សា ដែល​ស័ក្តិសម​នឹង​ចំណូលចិត្ត ជំនាញ គុណ​តម្លៃ និង​បុគ្គលិកលក្ខណៈ​របស់ខ្លួន​។ លោកស្រី​បន្តថា សិក្ខាសាលា​នេះ ក៏​ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ទីផ្សារការងារ សំដៅលើ​ព័ត៌មាន​ស្ដីពី​តម្រូវ​ការជំនាញ​ពី​សំណាក់​និយោជក ដែលជា​ធាតុ​ចូល​សំខាន់​ជួយ​ដល់​ក្មួយៗ​ក្នុងការ​រៀបចំ​ផែនការ​សិក្សា និង​គោលដៅ​ការងារ​ច្បាស់លាស់ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត​។​

​ប្អូនស្រី វោត លក្ខិណា ជា​សិស្ស​ថ្នាក់​ទី "១២​ឃ​" នៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ សាខា​ស្ទឹងមានជ័យ​បាន​ប្រាប់ថា ប្អូនស្រី​មាន​សេចក្តីត្រេកអរ​យ៉ាងខ្លាំង​ដែល​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​របស់ NEA នាពេលនេះ ព្រោះ​សិក្ខាសាលា​នេះ​បានឱ្យ​ប្អូន​ដឹង​ពី​ការជ្រើសរើស​ជំនាញ​សិក្សា​ដែល​ខ្លួន​ពេញចិត្ត​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​១២ គឺ​ជំនាញ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ជំនួញ​។​


​រីឯ​ប្អូនប្រុស ឃុន វ​ឌ្ឍ​នា​សុ​វីរៈ ជា​សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ លើកឡើងថា​៖«​អ្វីដែល​ខ្ញុំ​កត់សម្គាល់​នោះ គឺ​សៀវភៅ​កម្រង​សំណួរ​ស្តីពី​ការរៀបចំ​ផែនការ​អាជីព​មួយ​នេះ​ហាក់ដូចជា​ដឹងចិត្ត​ថា​ខ្ញុំ​ចូលចិត្ត និង​ស្រឡាញ់​អ្វី​ច្បាស់​ណាស់ ក្តី​ប្រាថ្នា​របស់ខ្ញុំ​នៅ​ថ្ងៃ​អនាគត​គឺ​ចង់​ធ្វើជា​អ្នកសិល្បៈ ជាក់ស្តែង​កម្រង​សំណួរ​នេះ​ក៏បាន​បង្ហាញ​ដូច​អ្វីដែល​ខ្ញុំ​ប្រាថ្នា​ដូច្នេះ​ដែរ​»​។

​គួរ​បញ្ជាក់ថា ការរៀបចំ​សិក្ខាសាលា​ស្តីពី​ការរៀបចំ​ផែនការ​អាជីព និង​ជ្រើសរើស​ជំនាញ​សិក្សា គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​របស់​រាជរដ្ឋាភិបាល ដែល​ជួយ​គាំទ្រ និង​លើកកម្ពស់​យុវជន​ក្នុងការ​ជ្រើសរើស​ជំនាញ​សិក្សា​បន្ត និង ត្រូវបាន​រៀបចំ​ឡើងជា​ប្រចាំ ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៅតាម​គ្រឹះស្ថានសិក្សា អប់រំ​បណ្តុះបណ្តាល ទាំង​រដ្ឋ និង​ឯកជន​នៅ​ទូទាំងប្រទេស តាមរយៈ​ក្រុមការងារ​មគ្គ​ទេសន៍​អាជីព និង​មជ្ឈមណ្ឌល​ការងារ ជូន​ដល់​សិស្សានុសិស្ស​។

​ក្រសួង​ការងារ​ជូនដំណឹង​ថា ប្រសិន​ប្អូនៗ​សិស្សានុសិស្ស​ដទៃទៀត​ដែល​មិនទាន់បាន​ចូលរួម​សិក្ខាសាលា​នេះ ហើយ​ចង់​ស្វែងយល់​បន្ថែម សូម​ទាក់ទង​មកកាន់​មជ្ឈមណ្ឌល​ការងារ​របស់ NEA តាមរយៈ

០១៦ ៧៨ ៦៦ ៥៥ ដើម្បី​ទទួលបាន​សេវា​ប្រឹក្សា​យោបល់​អំពី​អាជីព និង​ការងារ​ឥត​គិត​កម្រៃ​៕​