សៀមរាបៈ ពង​ខ្សឹប​ចំនួន ​២​ ត្រូវបាន​ភ្ញាស់​បែប​សិប្បនិម្មិត​ដោយ​ជោគជ័យ ក្រោយពី​ត្រូវបាន​ប្រមូល​ចេញពី​តំបន់​អភិរក្ស​សត្វ​ខ្សឹប​នៅក្នុង​តំបន់​ទំនាប​ខាងជើង​បឹង​ទន្លេសាប ហើយ​យកទៅ​កាន់​កន្លែង​បង្កាត់​ពូជ​សត្វ​ខ្សឹប​នៅក្នុង​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​ (ACCB)​។​


ACCB​បានឱ្យដឹងថា​ពង​ខ្សឹប​ទាំង​២​គ្រាប់​នេះ​បាន​ញាស់​ក្នុង​សប្តាហ៍​ទីមួយ​នៃ​ខែឧសភា ហើយ​កូន​ខ្សឹប​ទាំង​២​ក្បាល​ត្រូវបាន​ចិញ្ចឹម​បញ្ចុក​ចំណី​ដោយ​អ្នក​ថែទាំ​សត្វ​ដ៏​មានបទពិសោធន៍​របស់​ACCB​ផងដែរ​។

​ទីជម្រក​វាលស្មៅ​នៃ​តំបន់​ទំនាប​ទន្លេសាប​គឺជា​ជម្រក​របស់​សត្វ​ខ្សឹប​។ នាពេល​ថ្មីៗ​នេះ ក្រុម​អ្នក​ភិ​រក្ស​បាន​អំពាវនាវ​កុំឱ្យ​មានការ​រំខាន​ដល់​ជម្រក​របស់​សត្វ​ខ្សឹប​នៅក្នុង​រដូវ​ពង​កូន​ចាប់ពី​ខែមេសា ដល់​ខែកញ្ញា​។ សត្វ​ខ្សឹប​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សកលលោក ព្រោះថា​ចំនួន​របស់​វា​មាន​តិចជាង​៨០០​ក្បាល​ប៉ុណ្ណោះ​ក្នុង​ពិភពលោក ខណៈដែល​កម្ពុ​ជាមាន​ប្រមាណ​ជា​៤៣២​ក្បាល​នៅ​ឆ្នាំ​២០១២​។​


ACCB​នឹង​បញ្ចូល​កូន​ទាំង​២​នេះ​ទៅក្នុង​ចំនួន​របាយ​ប្រជាសាស្ត្រ​សត្វ​ខ្សឹប​ក្រៅ​ជម្រក​ធម្មជាតិ​នៅ​ACCB ដែល​ពួកវា​នឹងចូលរួម​ចំណែក​ដល់​ការរស់រានមានជីវិត​នៃ​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​នេះ​។​

​កម្មវិធី​ស្តុក​ទុក​ចំនួន​របាយ​ប្រជាសាស្ត្រ​សត្វ​ខ្សឹប​ដើម្បី​ការពារ​កុំឱ្យ​ផុត​ពូជ ត្រូវបាន​បង្កើតឡើង​នៅ ACCB ជាមួយនឹង​សត្វ​ខ្សឹប​មួយ​ក្បាលៗ​ដែល​បាន​សង្គ្រោះ​ពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ក៏ដូចជា​ការចិញ្ចឹម​ថែទាំ​សត្វ​ខ្សឹប​មួយ​ក្បាលៗ​ដែល​បានមកពី​ពង​ខ្សឹប​ដែល​ត្រូវបាន​ប្រមូល​ចេញពី​ជម្រក​ធម្មជាតិ​របស់​ពួកវា​ប្រកបដោយ​និរន្តរភាព​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​នេះ​៕​