រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវសុំឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សានូវភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាក ហើយសូមកុំចូលរួមតាមការអំពាវនាវញុះញង់របស់គណបក្សភ្លើងទៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានប្រកាសប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សខ្លួននៅទូទាំងប្រទេស ដើម្បីតស៊ូមតិលើករណីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធមិនចុះបញ្ជីគណបក្សនិងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
សេចក្ដីប្រកាសដដែលបញ្ជាក់បន្ថែមថា៖«ការអំពាវនាវញុះញង់របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ គឺជាទង្វើដ៏ល្ងង់ខ្លៅ និងគ្មានការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀន ដែលជាផែនការបង្កប់នូវចេតនាទុច្ចរិតបង្កើតឧបសគ្គរារាំងដល់ការបោះឆ្នោត ដោយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល និងព្យាយាមបង្កើតស្ថានភាពចលាចល និងអស្ថិរភាពក្នុងសង្គម ពិសេសក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣»។
សេចក្ដីប្រកាសព័ត៌មានដដែល ក៏បានឱ្យដឹងដែរថា ចំពោះសាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ពីបទសន្ទិដ្ឋភាពជាមួយបរទេស គឺអនុវត្តស្របតាមច្បាប់និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ដែលជាការពង្រឹងនីតិរដ្ឋនៅកម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ។
បើតាមសេចក្តីប្រកាសព័ត៌មាននេះឱ្យដឹងថា៖« រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា តាមរយៈការឃុបឃិតគ្នាជាមួយបរទេស ក្នុងគោលបំណងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនាំដល់ការបំផ្លិចបំផ្លាញសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣។
ទោះជាយ៉ាងណា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ បញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចុះថ្ងៃទី១២ឧសភា ២០២៣ បានធ្វើឱ្យមានការភាន់ច្រឡំ ដែលនាំឱ្យគេយល់ថាមានផែនការធ្វើបាតុកម្ម ហើយក៏ជាកំហុសរបស់គណបក្ស។ តែតាមពិត គណបក្សបានសរសេរនៅក្នុងសៀវភៅស ដែលជាគោលនយោបាយរបស់គណបក្សមិនមានការតវ៉ាឬ ធ្វើបាតុកម្មនោះទេ គឺគណបក្សដោះស្រាយតាមសន្តិតិវិធី ជាមួយភាគីពាក់ព័ន្ធ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងបរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀនដែលមាន ២៥ មណ្ឌលរាជធានី-ខេត្ត។
គជប បញ្ជាក់ថា៖«ដោយមូលហេតុគណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់ នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី ១៩ ខែឧសភា ឱ្យដឹងថា ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយ ចំនួន ២០ បានដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប។ គណបក្សនយោបាយ ចំនួន ១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕