ភ្នំពេញៈ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​នៃក្រសួង​មហាផ្ទៃ​អំពាវនាវ​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ចំពោះ​ការបន្លំ QR Code ធនាគារ​ពី​ជន​ខិលខូច​ដែល​ធ្វើ​ការបិទ QR Code ជាន់​លើ QR Code ពិតប្រាក​របស់​ម្ចាស់​អាជីវកម្ម​ដែលមាន​ប្រើ QR Code ធនាគារ។


ការអំពាវនាវ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​នាយកដ្ឋាន​ពេលថ្មីៗ​នេះ​បានទទួល​ព័ត៌មាន​ស្តី​ពី​ការបន្លំ QR Code របស់​ធនាគារ ពីសំណាក់​ជន​ខិលខូច ដែលធ្វើ​ការបិទ QR Code បែប​នេះ។

នាយកដ្ឋាន​បាន​បង្ហោះសារ​នៅលើ​ហ្វេសប៊ុក​នាថ្ងៃទី២០ ខែឧសភា ថា៖ «សូម​សាធារណជន ជាពិសេស​ម្ចាស់​អាជីវកម្ម​ដែលមាន​ប្រើ​សេវាកម្ម QR Code របស់​ធនាគារ​ទាំងអស់មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ករណី​នេះ»។


នាយកដ្ឋាន​បញ្ជាក់​ថា ក្នុងករណី​ម្ចាស់​អាជីវកម្ម ឬប្រជាពលរដ្ឋ បានទទួល​រងគ្រោះ ដោយការបន្លំ​ដូចករណី​នេះ​អាចដាក់​ពាក្យបណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា។

វីដេអូ​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​នាយកដ្ឋាន​បញ្ជាក់​ថា៖ «ខ្ញុំ​ចង់ប្រាប់​បន្តិច​ពាក់ព័ន្ធ​ជាមួយនឹង​កម្មវិធី QR Code។ មានចោរ​ដែលគាត់​លួច​យក​អាស្ទីឃ័រ (Sticker) មក​បិទ​លើ QR Code របស់​យើង។ ដូចជា​ករណី ម៉ូយ​ខ្ញុំ​មួយ គាត់​បិទ QR Code។ អ៊ីចឹង អា QR Code ដែល​ខ្ញុំ​បក​នេះ វា​ក្លែងក្លាយ ហើយ​អានេះ​គឺពិតប្រាកដ ហើយគាត់បិទនៅលើQR Code របស់​គេពិតប្រាកដ​ហ្នឹង។ នៅពេល​ដែលយើង​បាញ់​លុយ ឬក៏អ្នក​ដែលគាត់​ទិញ​អីវ៉ាន់​បាញ់លុយ​ទៅ គឺលុយ​ចូល​ទៅ​QR Code ក្លែងក្លាយ​ទេ។ អ៊ីចឹង សូម​ប្រយ័ត្ន​ប្រយែង​ទាំងអស់​គ្នា»៕