តាកែវៈ នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​នៃ​ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​បច្ចេកទេស​ស្តីពី ​“​ការរៀបចំ​កំណត់​តំបន់​គ្រប់គ្រង និង​ដាក់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ជា​តំបន់ រ៉ា​ម​សារ​។


​សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​តំណាង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​បុរី​ជលសារ​និង​ស្រុក​កោះអណ្តែត មន្ទីរ​បរិស្ថាន​ខេត្តតាកែវ នាយកដ្ឋាន​ពាក់ព័ន្ធ​និង​អង្គការ​ដៃគូ​ប្រមាណ​ជា​៤០​នាក់​។ នេះ​បើ​យោងតាម​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុ​ជានា​ថ្ងៃទី​១៨ ខែឧសភា​។

​លោក​គឹម ណុង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ គឺជា​តំបន់ដីសើម​ដែល​សម្បូរ​ទៅដោយ​ធនធាន​ជីវៈចម្រុះ​យ៉ាងសំខាន់​។ ជាពិសេស​ប្រភេទ​សត្វ​ស្លាប​កម្រ និង​ពូជ​ត្រី​ជាច្រើន​ប្រភេទ​ផងដែរ​។ ការបែងចែក​តំបន់​គ្រប់គ្រង​និង​ដាក់​តំបន់ដីសើម​ដ៏​ពិសេស​នេះ​ជា​តំបន់​រ៉ា​ម​សារ​គឺ ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​អ្នកពាក់ព័ន្ធ​ចូលរួម​គ្រប់គ្រង​និង​អភិរក្ស​ជីវៈចម្រុះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព បង្កើន​ការយល់ដឹង​ជា​សាធារណៈ​ពី​សារៈសំខាន់​នៃ​តំបន់ដីសើម​និង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។


​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា​៖«​សិក្ខាសាលា​បាន​គាំទ្រ​ដល់​ការដាក់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ជា​តំបន់​រ៉ា​ម​សារ​ថ្មី​របស់​កម្ពុជា​និង​សំណូមពរ​ឱ្យ​បញ្ចប់​ការបែងចែក​តំបន់​គ្រប់គ្រង​ឱ្យបាន​លឿន​»​។​

​យោងតាម​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ការរៀបចំ​ដាក់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ជា​«​តំបន់​រ៉ា​ម​សារ​» ដោយសារតែ​ភាព​សំខាន់​នៃ​តំបន់​នេះ​ដែល​បានផ្តល់​ជា​ធនធានធម្មជាតិ​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់ និង​ជាទី​ជម្រក​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ដែលជា​ប្រភេទ​សត្វ​កម្រ​។ នៅពេលដែល​តំបន់​នេះ​ត្រូវ​បានដាក់​តំបន់​រ៉ា​ម​សារ​នោះ កម្ពុជា​នឹងមាន​តំបន់​រ៉ា​ម​សារ​សរុប​ចំនួន​៦​។ តំបន់​រ៉ា​ម​សារ​ទាំង​៥​នោះ​រួមមាន តំបន់​រ៉ា​ម​សា​ស្ទឹងត្រែង កោះ​កាពិ បឹង​ទន្លេ​ឆ្មារ ព្រែក​ទាល់ និង​ស្ទឹងសែន​៕