​បាត់ដំបងៈ មីនតោន​ចំនួន​ ២​ គ្រាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ភ្ជួរស្រែ​ប្រទះឃើញ​នៅ​ថ្ងៃទី​១៩​ឧសភា​នេះ នៅ​ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខណៈ​កាលពី​ថ្ងៃទី​៩​ឧសភា កសិករ​ម្នា​ក់នៅ​ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន បាន​ស្លាប់ នៅពេល​កំពុងបើក​ត្រាក់ទ័រ​ភ្ជួរស្រែ​ប៉ះចំ​មីនតោន​បណ្តាលឱ្យ​ផ្ទុះ​។​


​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​កអគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ នៅវេលា​ម៉ោង​១១ និង ៣០​នាទី​ថ្ងៃទី​១៩​ឧសភា កម្លាំង​ប៉ុស្តិ៍នគរបាល​ដូន​បា នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ បានប្រគល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ប្រភេទ​មីនតោន ចំនួន​២​គ្រាប់ ជូន​អង្គភាព CMAC​។​

​មីនតោន​ទាំង​២​គ្រាប់​នេះ ត្រូវបាន​កសិករ​ភ្ជួរស្រែ​ប្រទះឃើញ​នៅ​ចំណុច​បឹង​ឈូក ភូមិ​គោក​រកា ឃុំ​ដូន​បា ដែលមាន​ចម្ងាយ​ពី​ភូមិ​២០០​ម៉ែត្រ នៅ​ខាងជើង​ភូមិ​។​


​ទាក់ទង​នឹង​បញ្ហា​គ្រាប់មីន​នេះ អង្គភាព CMAC បាន​ចុះផ្សាយ​ថា វិនាសកម្ម​ដោយសារ​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម នៅតែ​គំរាមកំហែង​អាយុជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​។

​ការចុះផ្សាយ​នេះ បន្ទាប់ពី​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២៣ មាន​ករណី​ផ្ទុះ​មីនតោន​ដែលជា​សំណល់​សង្គ្រាម នៅ​ចំណុច​ឈើទាល ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បណ្តាលឱ្យ​អ្នកបើកបរ​ត្រាក់ទ័រ​ភ្ជួរស្រែ​ម្នាក់​បាន​បាត់​បង់ជីវិត និង​បំផ្លាញ​ត្រាក់ទ័រ​ភ្ជួរ​ដី​១​គ្រឿង​ផងដែរ​។


​ដីស្រែ​ត្រង់ចំណុច​នេះ ត្រូវបាន​រុករាន​ជា​ដីចម្ការ​តាំងពី​សម័យ​ធ្វើ​សមាហរណកម្ម​ខ្មែរក្រហម ក្នុង​ឆ្នាំ​១៩៩៨-៩៩​មកម្ល៉េះ​។

​បើតាម CMAC នេះ​ជា​ករណី​១ ក្នុងចំណោម​ករណី​ជាច្រើន ដែល​អ្នកជំនាញ​បច្ចេកទេស ក្នុង​វិស័យ​មីន ត្រូវតែកំណត់​គោលនយោបាយ និង​បច្ចេកទេស​បន្ថែមទៀត ក្នុងការ​បង្ការ​ការពា​រ​រំដោះ​ផ្ទៃដី​អតីត​សមរភូមិ​ប្រយុទ្ធ ដើម្បី​ធានា​សុខ​សុវត្ថិ​ភាពជា​ចម្បង​សម្រាប់​អ្នកប្រើប្រាស់​ដីធ្លី​នៅ​កម្ពុជា​៕​