សៀមរាបៈ ខេត្ត​សៀមរាប​ស្នើ​សមាគម​អន្តរជាតិ​នៃ​បណ្តា​អភិបាល​ក្រុង​ប្រើប្រាស់​ភាសាបារាំង (AIMF) ធ្វើ​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន អនាម័យ និងការបណ្តុះបណ្តាល​ធនធាន ដោយ​មន្ត្រី​ខេត្ត​នេះ​បញ្ជាក់​ថា ខេត្ត​សៀមរាប​នឹង​បង្កើត​ក្រុង​ថ្មី​ចំនួន ២ និង​ធ្វើ​ឱ្យ​ក្រុង​សៀមរាប​បែ្រក្លាយ​ទៅជា​ទីក្រុង​វៃឆ្លាត។


ការស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​នាថ្ងៃ​ទី១៩ ខែ ឧសភា រវាង លោក អ៊ឹង គឹមលាង អភិបាលរង​ខេត្ត​សៀមរាប និង​គណៈ​ប្រតិភូ AIMF ដែល​ដឹកនាំ​ដោយ​លោកស្រី អារីយ៉ាណា អដេសស៊ី ទីប្រឹក្សា AIMF។

លោក អ៊ឹង គឹមលាង ថ្លែងក្នុង​ជំនួប​នេះ​ថា ខេត្ត​សៀមរាប​មានសក្តានុពល​លើ​វិស័យ ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ និង កសិកម្ម ប៉ុន្តែ​ដោយ​ជួប​នូវ​វិបត្តិ​កូវីដ១៩ នៅ​លើ​ពិភពលោក និយាយ​ដោយឡែក នៅ​កម្ពុជា ពិសេស​ខេត្ត​សៀមរាប បានធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍ធ្លាក់​ចុះ​យ៉ាងខ្លាំង ហើយបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ និង គ្រួសារ។


លោកត្រូវ​បានស្រង់​សម្ដី​ក្នុង​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​សៀមរាប​នាថ្ងៃ​ទី២០ ខែឧសភា ថា ក្រោម​ការយក​ចិត្តទុក​ដាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ ១៩ បានធ្វើ​ការចាក់​វ៉ាក់សាំង​ចាប់ពី​ដូស​មូលដ្ឋាន​ដល់​ដូស​បន្ត​បន្ទាប់ ដោយ​ធ្វើ​ឱ្យ​កម្ពុជា​មានភាព​ធូរស្រាល​ពី​ជំងឺកូវីដ១៩ ព្រមទាំង​បានបើក​ប្រទេស​ឡើងវិញ ប៉ុន្តែ​សន្ទុះ​នៃ​ភ្ញៀវទេសចរ​បរទេស​ក្នុង​ខេត្ត​នេះ​នៅមាន​កម្រិត​នៅឡើយ តែកើន​ភ្ញៀវទេសចរ​នៅក្នុង​ស្រុក។

ហ្វេសប៊ុក​ដដែលបន្ត​ថា៖ «ក្នុងនោះ​ដែរ លោក​អភិបាលរង​ខេត្ត ក៏បាន​លើក​នូវ​សំណូម​ពរមួយ​ចំនួន ទៅ​គណៈ​ប្រតិភូ ដើមី្ប​ធ្វើ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ខេត្ត​សៀមរាប ដោយ​ផ្តោត​សំខាន់​ទៅលើ​បរិស្ថាន និង អនាម័យ និងការបណ្តុះបណ្តាល​ធនធាន​មនុស្ស ទៅ​លើបច្ចេកទេស​ដល់​ខេត្ត​សៀមរាប​ផងដែរ។ ម៉្យាងទៀត នៅពេល​ខាងមុខ​នេះ ខេត្ត​សៀមរាបនឹង​បង្កើត​ក្រុង​ថ្មី​ចំនួន ២ ព្រមទាំង​ធ្វើ​ឱ្យ​ក្រុង​សៀមរាប​បែ្រក្លាយទៅ​ជាទី​ក្រុង​វៃឆ្លាត​ទៀតផង»។


ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា អារីយ៉ាណា អដេសស៊ី ក៏បាន​ធ្វើការ​កោត​សរសើរ​ចំពោះ​កិច្ចអភិវឌ្ឍន៍​ក្រុង​បុរាណ​ឱ្យកាន់តែ​មានសោភ័ណភាព​ស្រស់ស្អាត ក្នុងការទទួល​ស្វាគមន៍​ភ្ញៀវជាតិ អន្តរជាតិ សំខាន់​លើ​វិស័យ​ទេសចរណ៍។

លោកស្រី​ត្រូវបាន​ដកស្រង់​សម្ដី​ក្នុង​ហ្វេសប៊ុក​នេះថា ខេត្ត​សៀមរាប​ជាសមាជិកមួយ​ដ៏សំខាន់​របស់ AIMF និងបាន​ធ្វើ​កិច្ចការងារ​ជាមួយគ្នា AIMF ដើមី្ប​សហការ​ជាមួយ​ខេត្ត​សៀមរាប និងអភិវឌ្ឍន៍​ខេត្ត​នេះ ហើយ​បញ្ហា​ប្រឈម​របស់​ខេត្ត​សៀមរាប ដែលបាន​ជួបប្រទះ ដែលកំពុង​ស្វែងរក​ដំណោះស្រាយ​នឹងយក​ទៅធ្វើ​កិច្ចពិភាក្សា​ដែលសំខាន់​លើ​បញ្ហាទឹក និងការបម្រែបម្រួល​អាកាសធាតុ។

លោកស្រី​ត្រូវបាន​ស្រង់​សម្ដីថា​៖ «កិច្ចការ​នេះ ក៏ជាបណ្តាញ​ជាមួយគ្នា ដែល​ក្រុម​ប្រទេស​ជាសមាជិក​ចូលរួម ដើមី្ប​គិតគូរ​ដល់​ការអភិវឌ្ឍ សាមគ្គីភាព និងរួមគ្នា​កសាង​សន្តិភាព​ក្នុងតំបន់ ហើយ​ការងារ​នេះ យើង​ត្រូវគិតគូរ​ពី​សេដ្ឋកិច្ច អភិវឌ្ឍន៍​នៅក្នុង​មូលដ្ឋាន នូវ​អ្វី​ដែលមាន​កសិកម្ម ពាណិជ្ជកម្ម ទំនាក់ទំនង អន្តរជាតិ គឺ​ស្ថិតនៅ​ក្នុង​គម្រោង AIMF ហើយ​ទៅមុខ ក៏គិតគូរ​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទៀតផង»៕