ភ្នំពេញៈ គណៈរដ្ឋមន្ត្រី​សម្រេច​ទទួលយក​គម្រោង​សាងសង់​ផ្លូវ​នាវាចរណ៍​ប្រវត្តិសាស្ត្រ​លើក​ទី​១ ដែល​ត​ភ្ជាប់​ពី​ទន្លេមេគង្គ​ទៅកាន់​សមុទ្រ​ឆ្លងកាត់​ខេត្ត​ចំនួន ​៤ ដែល​ត្រូវបាន​ប៉ាន់​ស្មានថា ​នឹង​ចំណាយ​ទុនវិនិយោគ ១ ៧០០​ លាន​ដុល្លារ​អាមេរិក​។​


​ការទទួលយក​គម្រោង​នេះ​គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៣​។

​សេចក្តីប្រកាស​ព័ត៌មាន​ទីស្តីការគណៈរដ្ឋមន្ត្រី​បញ្ជាក់​ក្រោយ​កិច្ចប្រជុំ​នេះ​ថា​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ គឺជា​គម្រោង​ប្រវត្តិសាស្ត្រ​លើក​ទី​១ ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គ និង​ផ្លូវ​សមុទ្រ​។


​គម្រោង​នេះ គឺធ្វើឡើង​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការប្រើប្រាស់​សក្តានុពល​លើ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​សំដៅ​ចូលរួម​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ឈាន​ទៅមុខ​មួយកម្រិត​ថែមទៀត និង​ផ្តល់​ជា​ដំណោះស្រាយ​សមស្រប​លើ​បញ្ហា​ប្រឈម​និង​ឧបសគ្គ​នានា​នៃ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ផ្លូវទឹក​នេះ​មាន​ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ ខេត្តកណ្តាល និង​បន្ត​រហូតដល់​សមុទ្រ ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១,៦​លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​។​


​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ចំពោះ​គម្រោង​វិនិយោគ​ខាងលើនេះ គណៈរដ្ឋមន្ត្រី​បានសម្រេច​ទទួលយក ហើយ​ប្រសិទ្ធ​នាម​ថា «​ព្រែកជីក​ហ្វូណន​តេ​ជោ​»​។​

​គណៈរដ្ឋមន្ត្រី​ក៏បាន​ប្រគល់​ភារកិច្ច​ដល់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ជូនដំណឹង​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ផ្លូវ​នាវាចរណ៍​ទន្លេបាសាក់​នេះ​ទៅ​បណ្តា​ប្រទេស​ដែលជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ ស្របតាម​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​តំបន់​អាង​ទន្លេមេគង្គ ឆ្នាំ​១៩៩៥ ហៅ​កាត់​ថា កិច្ចព្រមព្រៀង​មេគង្គ ឆ្នាំ​១៩៩៥​។​

​គណៈរដ្ឋមន្ត្រី​ថែមទាំង​បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​សិក្សា និង​រៀបចំ​គម្រោង​វិនិយោគ​នេះ​ឱ្យបាន​លម្អិត​ស៊ីជម្រៅ​លើ​គ្រប់​ទិដ្ឋភាព រួច​ធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​៖ «​គម្រោង​នេះ នឹង​សាងសង់​សន្ទះ​ផ្លូវ​នាវាចរណ៍​ចំនួន ៣​កន្លែង សាងសង់​ស្ពាន​ចំនួន ១១​កន្លែង សាងសង់​ផ្លូវ​អម​សាង​ខាង​ប្រវែង ២០៨​គីឡូម៉ែត្រ និង​មាន​បំពាក់​សញ្ញា​ជំនួយ​នាវាចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​ទន្លេ​ផ្សេងៗ​ទៀតផង​ដែរ​។ ការសាងសង់​គម្រោង​ផ្លូវទឹក​ថ្មី​នេះ ត្រូវបាន​ប៉ាន់​ស្មានថា​នឹង​ចំណាយ​ទុនវិនិយោគ ១៧០០​លាន ដុល្លារ​អាមេរិក និង​រយៈពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ផ្លូវទឹក​នេះ​មាន ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង​១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ និង ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ (​ជម្រៅ​នាវាចរណ៍ ៤,៧​ម៉ែត្រ និង​គ​ម្លា​ត់​សុវត្ថិភាព ០៧​ម៉ែត្រ​) មាន​គន្លង​នាវាចរណ៍​ចំនួន ២​គន្លង អាច​ចេញចូល និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​។

​ការ​រចនា​ប្លង់​វិស្វកម្ម​និង​ស្ថាបត្យកម្ម​របស់​ផ្លូវទឹក​នេះ ត្រូវបាន​ប្រើប្រាស់​ស្តង់ដា​អន្តរជាតិ​ដែល​អាច​ធានា ភាព​ធន់ និង​មាន​គុណភាព​ខ្ពស់ ដោយ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​លើ​ផ្នែក​បច្ចេកទេស​និង​បរិស្ថាន សម្រាប់​ការប្រើប្រាស់​រយៈពេល​យូរអង្វែង​។

​បើតាម​ប្រភព​ដដែល គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន រួមមាន ការកាត់បន្ថយ​រយៈពេល​ចម្ងាយ និង​តម្លៃ​នៃ​ការដឹកជញ្ជូន​នាពេល​បច្ចុប្បន្ន ការបង្កើត​តំបន់​ពាណិជ្ជកម្ម​និង​មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម ការអភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជាច្រើន ការពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​ចិញ្ចឹមសត្វ​។

​គម្រោង​នេះ​ក៏​នឹង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា ការបង្កើត​ការងារ​បន្ថែម​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ផ្សេងទៀត ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​និង​នគរូបនីយកម្ម និង​ជំរុញ​ការរីកចម្រើន​ផ្នែក​អចលនទ្រព្យ​៕​