ភ្នំពេញៈ អង្គការយូសេត (USAID MOROdokBaitang) បានអះអាងថា ចំនួនសត្វឃ្មុំនៅកម្ពុជាក៏ដូចជានៅជុំវិញពិភពលោកបាននិងកំពុងធ្លាក់ចុះដោយសារតែសកម្មភាពផ្សេងៗរបស់មនុស្សដែលប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងចម្ការជាដើម។ បញ្ហានេះក៏មានការទទួលស្គាល់ពីអ្នកចិញ្ចឹមសត្វឃ្មុំនៅកម្ពុជាផងដែរ។
យោងតាមគម្រោងយូសេតមរតកបៃតងនៃអង្គការយូសេត(USAID MOROdokBaitang)ដែលបានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២០ ឧសភា ឆ្នាំ២០២៣ បានសរសេរថា សត្វឃ្មុំបានរួមចំណែកយ៉ាងសំខាន់ដល់គ្រប់ផ្នែកនៃប្រព័ន្ធអេកូឡូស៊ី ជាពិសេសការលូតលាស់របស់ដើមឈើ និងរុក្ខជាតិផ្សេងៗដែលផ្តល់អាហារដល់មនុស្ស និងសត្វព្រៃ។ ពួកវាជាភ្នាក់ងារឯកទេសដ៏ជំនាញក្នុងការជួយបន្តពូជ និងការផលិតរបស់រុក្ខជាតិរាប់ពាន់លានដើមក្នុង១ឆ្នាំៗតាមរយៈការពាំលម្អងផ្កាពីដើមឈើ១ទៅកាន់ដើមឈើផ្សេងៗទៀត។
ប្រភពដដែលបញ្ជាក់ថា «ជាអកុសល ចំនួនសត្វឃ្មុំនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោកកំពុងធ្លាក់ចុះដោយសារតែសកម្មភាពផ្សេងៗរបស់មនុស្ស ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សត្វឃ្មុំ ឧទាហរណ៍ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងចម្ការជាដើម»។
ផេចដដែលបានបន្ដថា ដើម្បីការពារភ្នាក់ងារការពារបរិស្ថានដ៏សំខាន់នេះ USAID មរតកបៃតងបាននិងកំពុងធ្វើការជាមួយដៃគូអភិរក្សដើម្បីគាំទ្រក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីដើម្បីផ្លាស់ប្តូរពីការប្រើប្រាស់ថ្នាំ
សម្លាប់សត្វល្អិត ទៅជាការអនុវត្តការគ្រប់គ្រងសត្វល្អិតសរីរាង្គដែលមិនប៉ះពាល់ដល់សត្វឃ្មុំ និងសត្វល្អិតមានប្រយោជន៍ដទៃទៀត។ ការអនុវត្តបែបនេះនឹងជួយធានាថាចម្ការស្វាយចន្ទីមានសុខភាពល្អ ចូលរួមការពារបរិស្ថាន និងមានសុវត្ថិភាពសម្រាប់សត្វឃ្មុំរបស់យើង។
ជុំវិញការលើកឡើងពីការធ្លាក់ចុះនៃចំនួនសត្វឃ្មុំនេះ អ្នកស្រី ទិត សុធារ៉ា ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វឃ្មុំនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២១ ឧសភា ដោយបានយល់ស្របនឹងការអះអាងរបស់គម្រោងអង្គការUSAID ថា ពិតជាត្រឹមត្រូវ ព្រោះការប្រើប្រាស់សារធាតុគីមីពិតជាធ្វើឱ្យប៉ះពាល់ដល់សត្វឃ្មុំខ្លាំងណាស់។
អ្នកស្រី បានបញ្ជាក់ថា៖ «ខាងខ្ញុំបើដាក់ចម្ការនៅក្បែរកន្លែងគេប្រើគីមីគឺសត្វឃ្មុំដែលខ្ញុំចិញ្ចឹមត្រូវងាប់អស់តែម្តង។ បញ្ហានេះខ្ញុំគាំទ្រហើយចូលរួមអភិរក្សសត្វឃ្មុំ»។
បើតាមម្ចាស់ចម្ការចិញ្ចឹមឃ្មុំរូបនេះ បច្ចុប្បន្នក៏មានកសិដ្ឋានចិញ្ចឹមឃ្មុំយកទឹកច្រើនដែរនៅកម្ពុជាដែលគាត់ចិញ្ចឹមជាលក្ខណៈគ្រួសារ រីឯទីផ្សារលក់ទឹកឃ្មុំវិញក៏មិនមានដែរ ដោយសារថាទឹកឃ្មុំផលិតបានហើយលក់មិនបានច្រើន។ ភាគច្រើនសម្បូរតែអ្នកចិញ្ចឹមមិនសូវមានអ្នកចែកចាយទេ តែពួកគាត់មិនដឹងវិធីសាស្ត្រត្រូវបញ្ចេញទៅខាងណា។
អ្នកស្រីទិត សុធារ៉ា បានបន្តទៀតថា ជាទូទៅអ្នកចិញ្ចឹមឃ្មុំក្រោយពេលផលិតទឹកបាន គឺយកទៅដាក់លក់នៅតាមទីផ្សារដែរ តែភាគច្រើនប្រជាពលរដ្ឋខ្មែរខ្លាចថាជាទឹកឃ្មុំក្លែងក្លាយ។ ថ្វីដ្បិតតែអ្នកចិញ្ចឹមឃ្មុំមានច្រើនទីតាំងក្តី តែទឹកឃ្មុំដែលបានដាក់លក់នោះគ្មានប្រេនដ៍ គ្មានម៉ាកច្បាស់លាស់ និងមិនបានចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធជាដើម។
អ្នកស្រីថ្លែងថា៖«ខាងទឹកឃ្មុំចិញ្ចឹមបែបធម្មជាតិហ្នឹងនៅមិនទាន់មានសមាគមទេ តែខាងឃ្មុំព្រៃមានហើយ។បច្ចុប្បន្នខ្ញុំកំពុងតែចូលរួមជាមួយអ្នកចិញ្ចឹមឃ្មុំផ្សេងទៀតដើម្បីកសាងជាក្រុម១ចងក្រងឱ្យទៅជាសមាគម»៕