ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យមេធាវីរបស់លោករៀបចំដំណើរការតាមផ្លូវច្បាប់លើលោក ជា ប៉ូច ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀនហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបដិសេធលើការសុំទោសរបស់លោក ជា ប៉ូច ផងដែរ។
លោក ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ថា៖ «ខ្ញុំសុំមេធាវីរបស់ខ្ញុំត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់ទាំង២ករណី ទាំងករណី ជា ប៉ូច ទាំងករណីលិខិតបដិសេធតែត្រូវរង់ចាំរហូតថ្ងៃ៣០ ឧសភា២០២៣ដើម្បី ជា ប៉ូច ធ្វើការសម្រេចចិត្តនិងគណបក្សធ្វើការបកស្រាយអំពីលិខិតបដិសេធ»។
លោកនាយករដ្ឋមន្ត្រី បានបន្តថា ករណីលោកជា ប៉ូច បានកើតឡើងច្រើនថ្ងៃហើយរាប់ទាំងលោក ជា ប៉ូច សរសេរលិខិតមកសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ទាំងសារសំឡេង និងលិខិតរបស់លោក ជា ប៉ូច ដែលសុទ្ធតែទទួលស្គាល់ពាក្យ «ទម្លាក់ហ៊ុន សែន» ឱ្យបាន។
លោកហ៊ុន សែន បានបញ្ជាក់ថា៖ «ប្រាប់ទៅ ជា ប៉ូច ថា ពាក្យទម្លាក់មានវិធីច្រើនយ៉ាងតាមរបៀបបោះឆ្នោតដូចការពន្យល់របស់ប៉ូច ក្នុងលិខិតថ្ងៃ១៥ ឧសភា ២០២៣។តាមវិធីរដ្ឋប្រហារយោធា តាមការប្រើប្រាស់បដិវត្តន៍ពណ៌ដែលគេប្រើនៅច្រើនកន្លែង ច្រើនប្រទេសដែលមានឈ្មោះខុសគ្នា តែមានគោលដៅទម្លាក់ ឬផ្តួលរលំដូចគ្នារហូតដល់ការធ្វើឃាតឬគ្រប់សកម្មភាពឱ្យតែកម្ចាត់មនុស្សដែលខ្លួនត្រូវកម្ចាត់ឱ្យខាងតែបាន»។
លោកបានបន្តថា៖«ប៉ូចអាចប្រើពាក្យផ្សេងទៀតក្រៅពីពាក្យទម្លាក់តែ ប៉ូចនិងបក្សរបស់ខ្លួនវាមានចរិតបែបនេះជារៀងរហូតមកហើយក្លាយជាវប្បធម៌សងសឹកមិនចេះចប់ ទាំងមេទាំងកូន។ខ្ញុំមិនទទួលយកការសុំទោសនោះឡើយ ប៉ូចគិតខ្លួនឯងទៅតើគួរធ្វើបែបណា?ដើម្បីខ្លួននិងក្រុមគ្រួសារឬសុខចិត្តសែងខ្មោចអាក្បត់ជាតិ៣ជំនាន់យកទៅកប់»។
លោកជា ប៉ូច បាននិយាយតាមរយៈសំឡេងសារពីការទម្លាក់លោកហ៊ុន សែន ថា ៖ «តាំងពីខ្ញុំធ្វើនយោបាយតាំងពីអាយុ១៩ឆ្នាំមក សហការី និងមេខ្ញុំ ស្លាប់មិនតិចទេ។ ការឈឺចាប់នេះហើយទោះបីជាគេធ្វើបាបយើងយ៉ាងណាក៏ដោយ យើងដឹងគោលដៅយើងយ៉ាងម៉េច?ខ្ញុំនិយាយត្រង់ គោលដៅរបស់ខ្ញុំ គឺត្រូវតែទម្លាក់ ហ៊ុន សែន ឱ្យបាន»។
យោងតាមលិខិតចំហរបស់លោកជា ប៉ូច ផ្ញើជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ពីប្រទេសថៃ លោកបានធ្វើការប្រកាសបដិសេធ យ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មាន Fresh News កាលពីរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដែលបានចោទប្រកាន់រូបលោកថា មានបំណងផ្តួលរំលំលោកនាយករដ្ឋមន្ត្រីកម្ពុជា។
លោកជា ប៉ូច បានសរសេរថា រយៈពេល២៧ឆ្នាំនៃសកម្មភាពនយោបាយរបស់លោកជាមួយគណបក្សប្រឆាំងគឺក្នុងគោលបំណងជំរុញនិងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាដោយប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សានិងសន្តិវិធីស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ រដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មាន Fresh News កាលពីរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ និងឃ្លីបវីដេអូកាត់តរយៈពេល២២វិនាទី ថា គោលដៅខ្ញុំគឺត្រូវទម្លាក់ហ៊ុន សែន ឱ្យបាន។ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលមានគំនិតឬសូម្បីតែគិតដូចការចោទប្រកាន់ខាងលើនេះទេ»។
«អ្វីដែលខ្ញុំបាននិយាយកន្លងមកគឺដើម្បីធ្វើការពង្រឹងជំហរសកម្មជនរបស់គណបក្សប្រឆាំងដើម្បីចូលរួម ប្រកួតប្រជែងនិងយកជ័យជម្នះលើគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយ សម្ដេចតេជោតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។ នេះជាការបញ្ជាក់បន្ថែមពីលោក ជា ប៉ូច តាមរយៈលិខិតបើកចំហនេះ។
ជាមួយគ្នានោះដែរ លោក ជា ប៉ូច បានសរសេរលិខិតបំភ្លឺមួយផ្សេងទៀតជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោកបានបញ្ជាក់ថា៖ «ខ្ញុំបាទបាននិយាយនេះ មានការឆ្គាំឆ្គង ប៉ះពាល់ដល់សម្តេចតេជោ ខ្ញុំបាទសូមអភ័យទោសសម្តេចតេជោពីចម្ងាយ»។
ក្នុងលិខិតនោះដែរ លោក ជា ប៉ូច ក៏បានស្នើសុំអនុញ្ញាតឱ្យលោកនិងគណៈប្រតិភូគណបក្សភ្លើងទៀន ចូលរួមសម្តែងការគួរសម ហើយលោកនឹងធ្វើការសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់ផងដែរ៕