រតនគិរីៈ កម្ពុជា-វៀតណាម-ឡាវ កំពុង​រៀបចំ​ប្រារព្ធ​ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារជាតិ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី១ នៅ​តំបន់​ព្រំដែន​ត្រីកោណ​មរតក ឬ​កន្ទុយ​នាគ ដែលជា​ចំណុចប្រសព្វ​នៃ​ប្រទេស​ទាំង ៣ ក្នុង​គោលបំណង​ឱ្យ​យោធា​នៃ​ភាគី​​ទាំង ៣ អាច​ពង្រឹង​និង​ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។


យោងតាម​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បាន​ឱ្យ​ដឹងថា ក្រុមការងារ​របស់​ក្រសួង​កំពុង​ចូលរួម​ពិភាក្សា​ការងារ​រៀបចំ​ប្រារព្ធ​ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារ​ជាតិ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី១ កម្ពុជា-វៀត​ណាម-ឡាវ ដែល​ដឹកនាំ​ដោយ លោក ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ភាគី​កងទ័ព​ប្រជាជន​ឡាវ​ និង​ភាគី​វៀតណាម នាទី​រួម​ខេត្ត​កន្ទុម​ ប្រទេស​វៀតណាម កាលពី​ល្ងាច​ទី១៨ ខែឧសភា​កន្លងមក។

ក្រសួង​បាន​បន្តថា នៅ​ថ្ងៃ​បន្ទាប់ ក្រុមការងារ​កម្ពុជា​ក៏បាន​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធី​ដោយផ្ទាល់ ដែល​ភាគី​ទាំង៣ ប្រទេស​បានកំណត់​យក​តំបន់​ព្រំដែន​ត្រីកោណ​មរកត ឬ​តំបន់ កន្ទុយ​នាគ ដែលជា​បង្គោល​ព្រំដែន​គោក​ទី១ នៃ​ចំណុចប្រសព្វ​គ្នា របស់​ប្រទេស​ទាំង៣ កម្ពុជា-វៀតណាម-ឡាវ ជាទី​តាំង​ប្រារព្ធ​ពិធី​ជំនួប​នោះ។


ជាមួយគ្នា​នោះ លោក​ឥត សារ៉ាត់ ដែលជា​ប្រធាន​ក្រុមការងារ​ភាគី​កម្ពុជា​ បានលើកឡើង​ថា៖ «ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារជាតិ ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី១ នៃ​ប្រទេស​ទាំង៣​កម្ពុជា-វៀតណាម-ឡាវ ជាការ​ផ្ដល់ឱកាស​ដល់​ក្រុមការងារ​កងទ័ព​ប្រទេស​ទាំង៣ បាន​ពង្រឹងពង្រីក​កាន់តែ​ជិតស្និទ្ធ នូវ​ចំណង​សាមគ្គីភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ ពីគ្នា​ទៅវិញទៅមក ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ»។

លោក​បន្ថែមថា តាមរយៈ​ការចុះពិនិត្យ​ទីតាំង​ដោយផ្ទាល់​ដល់​តំបន់​ព្រំដែន​គោក​ត្រីកោណ​មរកត ឬ​តំបន់​កន្ទុយ​នាគ​នេះ នឹងធ្វើ​ឱ្យ​ភាគី​ទាំង៣ ប្រទេស មើលឃើញ​កាន់តែច្បាស់​ពី​ការ​ពួតដៃគ្នា ពូន​ជ្រំកសាង​ខ្សែបន្ទាត់​នៃ​តំបន់​ប្រទេស​ទាំង៣ ប្រកបដោយ​ស្ថិរភាព​នយោបាយ សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍ។


ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​ថ្លែង​ថា ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារជាតិ​រវាង​កម្ពុ​ជា វៀតណាម និង​ឡាវ មាន​សារៈសំខាន់​ណាស់​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ ពិសេស​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អាច​បង្ការ​លើ​ឧ​ប​ទ្ទវ​ហេតុ​ណាមួយ​រួមគ្នា​ក្នុងពេល​ខាងមុខ។

លោក​បាន​ថ្លែងនៅ​ថ្ងៃទី២២ ខែឧសភា ថា៖ «ការពង្រឹង​មិត្តភាព​កងទ័ព​ទាំង៣ នេះ​បង្ហាញ​ពី​សាមគ្គីភាព និង​ទំនាក់ទំនង​ល្អជា​ប្រពៃណី និង​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ រាប់ទាំង​វិស័យ​យោធា»។

លោក គិ​ន ភា បាន​បន្ថែមថា ការពង្រឹង​ទំនាក់ទំនង​សន្តិសុខ និង​យោធា រវាង​ប្រទេសជិតខាង​គ្នា​ជា​រឿង​សំខាន់ ដើម្បី​អាចជួយ​សម្រួល​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​ទៀត​រវាង​ប្រទេស​ទាំង៣ ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​តំបន់​តាម​បណ្តោយ​ព្រំដែន។

សម្រាប់​លោក​សេង វណ្ណ​លី សាស្ដ្រាចារ្យ​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នកតាមដាន​កិច្ចការ​តំបន់ យល់ថា ជំនួប​ពិភាក្សា​លើកដំបូង​រវាង​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​ទាំង៣ នេះ ដើម្បី​ពង្រឹង​សន្តិសុខ​បណ្តោយ​ព្រំដែន ខណៈ​ចំណុចប្រសព្វ​រវាង​កម្ពុ​ជា-វៀតណាម-ឡាវ ដែល​កន្លងមក ធ្លាប់​កើតមាន​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន តួយ៉ាង ពាណិជ្ជកម្ម​ខុសច្បាប់ បញ្ហា​អន្តោប្រវេសន៍ ជាដើម ហើយ​សព្វ​ថ្ងៃជា​ចំណុច​តំបន់​អភិវឌ្ឍន៍។

លោក​សេង វណ្ណ​លី ប្រាប់ថា៖ «ជំនួប​ប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​ទាំង៣ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​ការយកចិត្តទុកដាក់​លើ​សណ្តាប់ធ្នាប់​និង​សន្តិសុខ​ក្នុង​តំបន់​ប្រសព្វ​នោះ និង​ដើម្បី​ជំរុញ​ឱ្យ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យផ្សេងៗទៀត​ដូចជា វិស័យសេដ្ឋកិច្ច ព្រោះ​មាន​ភាពអសន្តិសុខ វា​អាច​ប៉ះពាល់​ដល់​ការវិនិយោគ​ក្នុង​តំបន់​នោះ»៕