ភ្នំពេញៈ រដូវវស្សា​បាន​មក​ដល់​កាលពី​ដើម​សប្ដាហ៍​ទី​២​ នៃ​ខែឧសភា​ កន្លងមក​ នេះជា​មួយ​ល្បាយ​ទឹកភ្លៀ​ងក្នុ​ង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ និង​មាន​ដោយ​កន្លែង​នៅ​ឡើយ​។ ទោះយ៉ា​ងណា​ ក្រុមមន្ត្រី​ជំនាញ​នៅ​ក្នុង​វិស័យ​នេះបាន​ណែនាំ​ឱ្យ​កសិករក្នុ​ង​តំបន់​ដែល​មាន​ភ្លៀង​ធ្លាក់​ចាប់​ផ្ដើម​ភ្ជួរ​​រាស់ ​ពង្រាប​ដីស្រែ ចម្ការ​របស់ខ្លួន​ឱ្យបាន​ល្អដើម្បី​ត្រៀម​ដាំ​ដុះ​ដំណាំ​ស្រូវ ​និង​ដំណាំ​រួមផ្សំ​ផ្សេងទៀ​ត។​


​លោក​ លី សែន ប្រធាន​ការិយា​ល័យ​កសិក​ម្ម​ស្រុក​ជល​គិរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​អំឡុង​ពេលនេះ កសិករ​គួរតែ​ចាប់​ផ្ដើម​ភ្ជួរ​រាស់ ពង្រា​បដី​ស្រែចម្ការ​ឱ្យបាន​ល្អ និង​ត្រូវ​ជ្រើស​រើស​ស្រូវពូ​ជ រួមទាំង​ប្រភេទ​បន្លែ​ទាំង​ឡាយ​ណាដែល​មាន​ការ​ធន់​នឹង​អា​កាស​ធាតុ​ និង​អាច​ទទួលផល​ក្នុង​រយៈ​ពេល​ខ្លី ​ដើម្បី​ដាំ​ដុះ​នា​ដើម​រដូវ​​វស្សា​នេះ​។​

​លោក​បាន​បន្ថែម​ថា​៖«​យក​ល្អ​នៅ​ដើមរដូ​វ​វស្សា​នេះ កសិករ​គួរ​ដាំ​ឪឡឹ​ក ត្រស​ក់ស្រូ​វ សណ្ដែក​បាយ ម្ទេស និង​ប៉េងប៉ោះ ព្រោះ​វា​មិនត្រូវ​ការ​ទឹក​ច្រើន​នោះទេ​ ព្រ​មទាំ​ង​អាច​ទទួល​ផល​ក្នុង​រ​យៈពេល​ត្រឹម​៤៥​ថ្ងៃ​ប៉ុណ្ណោះ​»​។


​បើតាម​លោ​ក លី សែន ក្រៅពី​ដំណាំ​រួមផ្សំ​ទាំងនេះ ក​សិករ​ក៏​អាចដាំ​ស្រូវ​ស្រាល និង​ពោត ​ផងដែ​រ ដោយ​សារតែ​ភូមិ​សាស្ត្រ​នៃ​ស្រុក​នេះ​ មាន​ទីតាំង​ស្ថិត​នៅជាប់​តាម​ប្រព័ន្ធ​ដៃទន្លេ​សា​ប ដែល​អាច​ទាញ​ទឹក​យកទៅ​ស្រោច​ស្រព​បាន​ទាន់​ពេ​លវេលា ក្នុង​ករណី​មាន​គ្រោះរាំង​ស្ងួត​កើត​ឡើង នៅ​ចន្លោះ​ខែក​ក្កដា និង​សីហា ​ខាង​មុខ​ ដូចជា​ការព្យា​ករ​អាកា​សធាតុ​លើក​ទី​២ របស់​ក្រសួង​ធនធា​ន​ទឹក​ពិតមែន​នោះ​។​

​លោក​បាន​បន្ត​ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ២០២៣ ​នេះ កសិករ​បាន​ដាំ​ដុះ​ស្រូវ​ដើម​រដូវ​វស្សា បាន​ជាង​ ៩ ០០០​ហិក​តា ខណៈ​ការដាំ​ដំណាំ​រួម​ផ្សំ ដូ​ចជា​ ឪ​ឡឹ​ក ត្រ​សក់ស្រូវ សណ្ដែក​បាយ ម្ទេស និង ប៉េ​ងប៉ោះ​ សរុប ជាង​១ ០០០​ហិកតា និង​ដំណាំ​ឈូក​បាន​ជិត​១០០​ហិកតា​។​


​លោក ប៊ិន​ សុផាន​ ប្រជាក​សិករ​នៅ​ភូមិគរ​ជ្រុំ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្តកំព​ង់ឆ្នាំ​ង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រួ​សារ​រប​ស់គាត់​បាន​ធ្វើ​ទាំង​ស្រែ និងចម្ការ ​ដោយ​ដី​សម្រាប់​ធ្វើ​ស្រែ​ដាំ​ស្រូវ មាន​ទំហំ​២,៥ ​ហិកតា​ និង​ដីចម្ការ​សម្រាប់​ដាំពោ​ត និ​ងឪឡឹក មាន​ទំហំ​១​ហិក​តា​។

​លោក សុ​ផាន ដែល​ទើប​ប្រមូល​ផល​ស្រូវ​ប្រាំង ហើយ​លក់​ចេញ​កាលពី​២​សប្ដាហ៍​មុន​ បាន​បន្ត​ថា​៖« នៅ​ឆ្នាំនេះ ​ស្រូវ​របស់ខ្ញុំ​ឱ្យ​ផល​ល្អ គឺ​ ៥,៥ តោន​ក្នុង​១​ហិក​តា និង​លក់បាន​តម្លៃ​ ១ ០៣០​រៀល ក្នុង​១​គីឡូ​ក្រាម​។ ​ចំណែក​ ពោត និង​ឪ​ឡឹ​ក បាន​ផល​ល្អ​ដែរ ប៉ុន្តែ​តម្លៃ​ធ្លាក់​ចុះ​បន្តិច​នៅក្នុ​ង​ឆ្នាំនេះ​»​។

​បើតាម​លោក ​សុផាន ក្រោយ​ការប្រ​មូល​ផល​ស្រូវ​រួច គឺ​គាត់​តែងតែ​ភ្ជួរ​ដី​កប់​គល់​ជញ្ជ្រាំង​និង​បូម​ទឹក​ចាក់ ពន្លិច​ ដើម្បី​ឱ្យ​វា​រលួយ បន្ទា​ប់មក គាត់​ចាក់​ធ្យូង​អង្កាម​ទៅ​ក្នុង​ដីស្រែ ហើ​យ​ភ្ជួរ​លុប​ម្ដង​ទៀត ​មុនពេល​គាត់​ពង្រាប​ដី​នោះ​ឱ្យ​ស្មើ ដើម្បី​សាបព្រោះ​​គ្រាប់ពូជ​ ។ ដូចគ្នា​ដែរ ​ដីចម្ការ​​ពោត និង ឪឡឹក​របស់​គាត់ ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ចំបើង​ និងធ្យូង​អង្កាម ដើម្បី​បង្កើន​ជីជាតិ​ដី​ផង​ដែរ​។​

​ទោះជា​បែប​ណាក៏​ដោយ​ ការដាំ​ដុះ​ស្រូ​វស្រាល សម្រាប់​ដើមរ​ដូវ​វស្សា​នេះ គួរតែ​ប្រុងប្រ​យ័ត្ន​ និង ​យក​ល្អ​អ្នក​ដែលមាន​ដីស្រែ​ឆ្ងាយ​ពី​ប្រភព​​ទឹក មិ​នគួរ​ប្រញាប់ប្រ​ញាល់​ដាំ​ដុះ​នោះទេ​។ នេះ​បើ​សម្ដី ​របស់​លោក សុទ្ធ ​គឹម​កុល​នី អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះម​ហន្តរា​យ​។

​លោក​មានប្រសា​សន៍ថា​​៖«​ថ្វីបើ​នៅ​ដើម​រដូវ​វស្សា​នេះ ​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ប៉ុន្តែ​ វា​មិន​គ្រប់​គ្រាន់​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​ផលិត​កម្ម​ស្រូវ​នោះទេ​ ប្រសិន​បើ​មាន​ការដាំ​ដុះ​ច្រើន​ហួសប្រ​មាណ​ ពិ​សេស​តំបន់​ដែល​ស្ថិតនៅ​ទីទួល​​ដែល​ឆ្ងាយ​ពី​ប្រភពទឹក​ អាច​នឹង​ខាតប​ង់ ក្នុង​ករណី​មាន​ គ្រោះរាំ​ងស្ងួត​កើត​ឡើង ដូច​ការព្យា​ករ​លើក​ទី​២ របស់​ក្រសួង​ធនធាន​ទឹក និងឧ​តុនិយម​»៕