ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ទទួលយក​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន ក្រោយពី​លោក​បាន​ស្នើឱ្យ​គណបក្ស​នេះ ធ្វើការ​ពន្យល់ ពាក់ព័ន្ធ​នឹង​លិខិត​របស់លោក ជា ប៉ូច ដែលជា​សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្រៃ្ត​យ៍គណ​បក្ស​ភ្លើង​ទៀន ដែល​បាន​បរិយាយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នេះ ប៉ុន្តែ​លោក ហ៊ុន សែន មិន​ទទួលយក​ការ​សុំទោស​របស់លោក ជា ប៉ូច ទេ​។


​ការប្រកាស​ទទួលយក​សេចក្តី​ថ្លែងការណ៍​ពន្យល់​ពី​គណបក្ស​ភ្លើងទៀន របស់លោក​នាយករដ្ឋមន្ត្រី​នេះ ធ្វើឡើង​ភ្លាមៗ​នៅ​យប់​ថ្ងៃទី​ ២២ ខែឧសភា បន្ទាប់ពី​គណបក្ស​ភ្លើងទៀន​បានចេញ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ និង​តាម​ការស្នើសុំ​របស់លោក​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​ ១៤ ខែឧសភា​។

​តាមរយៈ​តេ​ឡេ​ក្រាម លោក ហ៊ុន សែន លើកឡើងថា​៖ «​ខ្ញុំ​ទទួលយក​ការបំភ្លឺ​របស់​គណបក្ស​ភ្លើងទៀន​តាមរយៈ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ ២២​ ឧសភា​ ២០២៣​ នេះ​។ ខ្ញុំ​ក៏​មិន​ចង់​មានរឿង​វែង​​ឆ្ងាយ​តទៅទៀត​ដែរ បើទោះជា​ខ្ញុំ​ដឹង​ច្បាស់​ថា អ្នកណា​ជា​អ្នកបញ្ជា​ឱ្យធ្វើ និង​ទំនាក់ទំនង​ជាមួយគ្នា​បែបណា​រវាង​អ្នក​នៅ​ភ្នំពេញ និង​អ្នក​នៅ​បាងកក​ក៏ដោយ​»​។​


​លោក​បន្តថា​៖ «​ពេលនេះ​នៅសល់តែ​រឿង​បុគ្គល ជា ប៉ូច​ មួយ​ប៉ុណ្ណោះ​»​។​

​សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​ភ្លើង​ទៀន​បាន​លើកឡើងថា ថ្មីៗ​នេះ លោក ហ៊ុន សែន បានបង្ហាញ​លិខិត​ចំហ​មួយច្បាប់​ចុះ​ថ្ងៃទី​ ១៤​ ឧសភា ឆ្នាំ​ ២០២៣ ដែល​ត្រូវបាន​គេ​យល់ថា ជា​លិខិត​ប​ដិ​សេធ​របស់លោក ជា ប៉ូច ថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ភ្លើងទៀន និង​ទាមទារ​ឱ្យ​គណបក្ស​ធ្វើការ​ពន្យល់ ពាក់ព័ន្ធ​នឹង​លិខិត​នេះ​។ គណបក្ស​ភ្លើងទៀន​បញ្ជាក់ថា គណបក្ស​ពុំមាន​ជាប់​ពាក់ព័ន្ធ និង​មិន​ទទួលខុសត្រូវ​ចំពោះ​លិខិត​ឬ​ឯកសារ​នានា​ដែល​ចេញ​ដោយ​រូបវន្តបុគ្គល រួមទាំង​លិខិត​ចំហ​ចុះ​ថ្ងៃទី​ ១៤ ខែឧសភា ឆ្នាំ​ ២០២៣ នេះ​ផងដែរ​។


​គណបក្ស​ភ្លើងទៀន ដែលជា​គណបក្ស​ប្រជាធិបតេយ្យ ជានិច្ចកាល​តែងតែ​គោរព​សិទ្ធិ និង​ការសម្រេចចិត្ត​របស់​ម​ន្ត្រី​គណបក្ស​គ្រប់​ជាន់ថ្នាក់​ដោយ​ពុំមាន​គោលការណ៍​បង្ខិតបង្ខំ ឬ​បង្គាប់​បញ្ជា​ឱ្យ​មន្ត្រី​របស់ខ្លួន​ធ្វើ​អ្វីមួយ​ផ្ទុយ​ពី​គោលបំណង ឬ​ឆន្ទៈ​របស់​សាមីខ្លួន​នោះឡើយ​។ ជាមួយគ្នានេះ គណបក្ស​ភ្លើងទៀន ក៏បាន​បញ្ជា​ក់នូវ​ជំហរ​របស់ខ្លួន​ជាថ្មី​ម្ដង​ទៀតថា​៖ «​គណបក្សប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា និង​សន្តិវិធី ក្នុង​ការធ្វើសកម្មភាព​នយោបាយ ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ច្បាប់​ជាធរ​មាន​នានា ពិសេស​ច្បាប់​ស្តីពី​គណបក្សនយោបាយ​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក យង់​ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី ​២៣ ខែឧសភា​ថា បើ​ពិនិត្យមើល​សារ​ឆ្លើយឆ្លង និង​សេចក្តីថ្លែងការណ៍​កន្លងមកនេះ ដែលមាន​ទាំង​លិខិត​របស់​បុគ្គល​ជា ប៉ូច​ផង​នោះ​បង្ហាញថា គណបក្ស​ភ្លើងទៀន ហាក់​គ្មាន​វិន័យ និង​សណ្តាប់ធ្នាប់ ព្រមទាំង​ឆ្លៀតឱកាស​និយម ព្រោះ​នៅពេលដែល​លោក ជា ប៉ូច មាន​កំហុស​ធ្ងន់ធ្ងរ បែរជា​គណបក្ស​នេះ​រុញ​គាត់​ចេញ​។

​លោក​ថ្លែងថា​៖ «​មួយវិញទៀត​បើ​លោក ជា ប៉ូច ធ្វើទៅ​មាន​ផលចំណេញ​ដល់​គណបក្ស គណបក្ស​នឹង​ទាញយក​ផល​​ចំណេញ​នោះ​វិញ ដែល​បញ្ហា​នេះ មិនគួរ​ធ្វើ​នោះទេ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សកម្មជន គណបក្ស ក៏ដូចជា គ្រោះថ្នាក់​ដល់​ជាតិ​ប្រសិនបើ​ក្នុងករណី​គណបក្ស​នេះ​ដឹកនាំ​ជាតិ​ទាំងមូល​ដោយ​សារ​តែ​មិនមាន​ភាពនឹងនរ​នេះឯង​»​។​

​យោងតាម​លិខិត​ចំហ​របស់ លោក ជា ប៉ូច ផ្ញើជូន​លោក ហ៊ុន សែន កាល​ពីថ្ងៃ​ទី​ ១៤ ខែឧសភា ឆ្នាំ​ ២០២៣ បានប្រកាស​បដិសេធ យ៉ាង​ដាច់អហង្ការ​ចំពោះ​ការផ្សព្វផ្សាយ​ថា លោក​មានបំណង​ផ្តួលរំលំ​លោក ហ៊ុន សែន​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក ហ៊ុន សែន កាលពី​ទី​ ២១ ​ឧសភា ឆ្នាំ​ ២០២៣​ បាន​បង្ហោះ​សារ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក​ទាំង​នៅលើ​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម​ថា លោក​មិន​ទទួលយក​ការសុំ​ទោស ពី​លោក​ជា ប៉ូច​ទេ ព្រមទាំង​បានឱ្យ​មេធាវី​របស់លោក​ត្រៀម​រៀបចំ​ដំណើរការ​តាមផ្លូវ​ច្បាប់​ទាំង ​២ ​ករណី ទាំង​ករណី​លោក ជា ប៉ូច​ទាំង​ករណី​លិខិត​បដិសេធ រហូតដល់​ថ្ងៃទី​ ៣០ ខែឧសភា ឆ្នាំ​ ២០២៣ ​ដើម្បី​លោក​ឱ្យ​ជា ប៉ូច ធ្វើការ​សម្រេចចិត្ត និង​គណបក្ស​ធ្វើការ​បកស្រាយ​ពី​លិខិត​បដិសេធ​៕