ភ្នំពេញៈ​ សាក​លវិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ គឺ​ជា​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​តែមួយគ​ត់​ដែល​ស្ថិតក្រោម​កា​រគ្រ​ប់គ្រងរ​បស់​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ ហើយ​បាន​ដើរតួនាទី​​យ៉ាងស​កម្ម​ក្នុងការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​លើ​វិស័យ​សិល្បៈ វ​ប្បធម៌ដែល​ជា​អត្តស​ញ្ញាណ​ជាតិ​។


​នេះ​ជាការ​ថ្លែង​ឡើង​របស់​លោក​ស្រី ភឿង ស​កុ​ណា រដ្ឋម​ន្ត្រីក្រសួ​ង​វប្បធម៌ និង​វិចិត្រសិ​ល្បៈ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​សិក្សា​ថ្មី​និង​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​ដល់​និស្សិតនៃ​សា​កល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ចំនួន​៨៨៨​នាក់ នៅ​ថ្ងៃទី​២៤ ​ខែ​ឧសភា ឆ្នាំ​២០២៣​។​

​លោក​ស្រី​បាន​លើក​ឡើង​ថា ដោយ​ពិនិត្យ​ឃើញ​ពី​កំណើន​ឥត​ឈប់​ឈរ​នៃ​តម្រូវការ​សិក្សា​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌​របស់​និស្សិត ​ពី​គ្រប់​មជ្ឈ​ដ្ឋាន ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​សាលា​​រាជធានី​ភ្នំពេញ​បាន​ធ្វើ​សម្បទា​ន​ដី​១​កន្លែង​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយ​ចង្វារ ក្នុង​សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយ​ចង្វា​រ មាន​ទំហំ​សរុប​ប្រមាណ​៤​ហិកតា​។​


​លោកស្រី​ ភឿង ស​កុ​ណា បាន​ថ្លែង​ថា ៖ «​ក្នុងនោះ ដី​ទំហំ​ជាង​៣​ហិកតា​គឺ​សម្រាប់​សាង​សង់​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រសិ​ល្បៈ​ថ្មី​នេះ និង​ជិត​១ហិក​តា​ទៀត​សម្រាប់​សាង​សង់​មជ្ឈ​មណ្ឌល​វប្បធម៌​»​។

​លោកស្រីរដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ទៀត​ថា៖ «ការ​កសាង​សា​កល​វិទ្យាល័​យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ថ្មី​បាន​ចាប់​ផ្តើម​បញ្ចុះ​បឋម​សិលា​នៅ​ថ្ងៃទី​២ ​ខែឧសភា ឆ្នាំ​២០១៧ និង​បាន​បញ្ចប់​នៅ​ថ្ងៃទី​១៣ ​ខែឧ​សភា ឆ្នាំ​២០២២ ដោយ​មាន​ការ​ឧបត្ថ​ម្ភ​ថវិកា​ពី​រាជ​រដ្ឋាភិ​បាល​ចំនួន១​២​លាន​ដុល្លារ​»​។


​អគា​រ​នេះមាន​ទំហំ​សរុប​ចំនួន ​៤៧ ០​០០​ម៉ែត្រការ៉េ​ ដែល​មាន​បណ្តោយ​ប្រវែង១៩៦​ម៉ែត្រ ទទឹង​ប្រវែង ៤៥​ម៉ែត្រ ​កម្ពស់៤​ជាន់ ​ចែក​ចេញ​ជា១២៣​បន្ទប់​។ ក្រៅពី​នេះ មាន​ចំ​ណត​រថយន្ត​ក្រោម​ដី​១​ជាន់ ដែល​អាច​ចត​រថ​យន្ត​បាន​ចំនួន ​២០៤​គ្រឿង និង​ម៉ូតូ​ចំនួន ​៥០០​​គ្រឿង​។​

​ចំណែក​ផ្ទៃដី​ទំហំ​ជិត​១​ហិកតា​ទៀតនឹងត្រូ​វ​អភិវ​ឌ្ឍ​សាងស​ង់​ជា​មជ្ឈម​ណ្ឌល​បណ្តុះប​ណ្តាល​សិល្បៈ​កម្ពុជា​-​កូរ៉េ ក្រោម​កិច្ច​សហ​ប្រតិប​ត្តិការ​រ​វាងក្រសួង​វប្បធ​ម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ជាមួយ​ក្រសួង​វប្បធម៌ ​កី​ឡា និង​​ទេសចរ​ណ៍នៃ​សាធារណ​រដ្ឋ​កូរ៉េ ក្នុង​គម្រោង​ថវិកា​ប្រមាណ​៥,៣​លាន​ដុល្លារ​។

​មជ្ឈ​មណ្ឌល​នេះ ​ផ្តោត​ទៅលើ​ការប​ណ្តុះប​ណ្តាល​សិល្បៈ ផ្នែក​តូរ្យតន្ត្រី​ សិល្បៈ​នាដ​សាស្ត្រ និង​​សិល្បៈ​​សូន​​រូប ​ហើយ​ការ​សាង​សង់​នឹងត្រូវ​ចាប់ផ្តើម​ក្នុងពេល​ខាងមុ​ខនេះ​ ដោយ​គ្រោង​បញ្ច​ប់​នៅ​អំឡុង​ឆ្នាំ​២០២៤​។ នេះ​បើតាម​​ការប​ន្ថែម​ពី​លោក​ស្រី ភឿង ស​កុ​ណា​។​

​ក្នុង​ពិធី​សម្ពោធ​​ដាក់​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​អគារសិ​ក្សា​សាកល​វិ​ទ្យាល័យ​​ភូមិន្ទ​វិចិត្រសិល្បៈ​ថ្មី​នេះ លោកនា​យក​រដ្ឋមន្ត្រី ហ៊ុ​ន សែន ក៏បាន​រំឭក​ពី​ការក​កើត​នៃ​សា​កលវិ​ទ្យាល័យ​នេះ ដែល​ក្រោយ​ពេល​ងើប​ពី​សង្គ្រាម​គឺ​សាកល​វិ​ទ្យាល័យ​នេះ​មិន​មាន​ឡើ​យ តែ​ក្រោយ​ថ្ងៃ​រំដោះ​៧ ​មករា​១៩៧៩ ​សាក​លវិទ្យាល័យ​ត្រូវ​បាន​ចាប់​ផ្ដើម​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ផ្នែក​សិល្បៈ ​តន្ត្រី​ឡើង​វិញ​ជា​បន្ត​បន្ទាប់​។​

​លោក​​មាន​ប្រសាសន៍​ថា ៖ «​អ្វីៗ​ទាំងអស់​គឺ​ត្រូវ​រស់នៅ​ក្រោម​សន្ដិ​ភាព​ទាំងអ​ស់ បើ​គ្មាន​សន្ដិភាព​ គឺ​ត្រូវ​រត់​ក្រោម​គ្រាប់​ផ្លោង​ហើយ​។ ដូច្នេះហើយ​ ទោះ​ស្ថិត​នៅ​ក្នុង​តម្លៃ​​ណាក៏​ដោយ​ ក៏​យើង​ត្រូវ​រក្សា​សន្ដិ​ភាព​ឱ្យ​បាន​ដែរ កុំឱ្យ​ដល់​ពេល​បាត់​បង់​សន្ដិភាព​ទើប​នាំគ្នា​សោក​ស្ដាយ​»​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ​លោក ​ហ៊ុន សែន ក៏បាន​ដាស់តឿ​ន​ឱ្យមាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​វប្បធ​ម៌​ខ្មែរ ដោយ​ធ្វើឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ទម្រង់​ដើម ឬ​តាម​ក្បួនខ្នាត​ដែល​បន្សល់ទុ​ក​ពី​ដូនតា​ជំនាន់​មុន​។​

​លោ​ក​បានបញ្ជាក់​ថា ៖ «​ត្រូវ​ប្រយ័ត្ននៅ​១០០​ឆ្នាំក្រោយ ​ឬ​៥០​ឆ្នាំក្រោ​យ ក្មេង​ដែ​ល​ជា​អ្នក​ជាន់​ក្រោយ ដែល​ទទួល​តំណ​ពី​យើង​អត់​ត្រូវ​តាម​ក្បួន​ខ្នាត​ដែល​ខ្ញុំ​សូម​ស្នើឱ្យ​​មានការ​ប្រុង​ប្រយ័ត្ន​ពិសេស​បញ្ហា​បដិមា ​រូបចម្លាក់​ផ្សេងៗ បើ​ធ្វើ​មិន​ត្រូវ​ទេ ​ថ្ងៃក្រោ​យ​វា​នឹងមិ​ន​ដឹង​ទៅ​ស្អី​នោះទេ​​»​។​

​លោក​បាន​បន្តថា ៖ «​ការឈ្លា​ន​ពាន​ខាង​វប្បធ​ម៌ ខ្ញុំ​អត់​ជឿ​ទេ ខ្ញុំ​នៅតែ​អះអាង​ថា មិនមាន​ការ​ឈ្លានពា​ន​វប្បធម៌​នោះទេ​ ព្រោះ​មិន​អាច​នឹង​ឈ្លា​នពាន​កើត​ទេ តែ​អ្វីដែល​ភ័យ​ខ្លាច​បំផុត គឺ​ការទទួល​យក​ដោយ​ការ​ស្ម័គ្រ​ចិត្ត នេះ​ទើប​ជា​រឿង​ដែល​ត្រូវ​ប្រុ​ងប្រយ័ត្ន​»​។​

​សូម​ប​ញ្ជាក់ថា​ រាជរដ្ឋា​ភិបាល​នឹង​ផ្តល់​ការ​បណ្តុះប​ណ្តាល​ជំនាញ​ដូនតា​​ខ្មែរ​ពី​២ទៅ៤ភាគរយ​លើការប​ណ្តុះបណ្តាល​​ជំនា​ញ​វិជ្ជាជីវៈ​ចំនួ​ន១,៥​លាន​នាក់​ នា​អនាគ​ត​ដ៏​ខ្លី​ខាង​មុខ សំដៅ​រក្សា​ការពារ​ និង​ផ្ទេរ​ចំណេះ ​ជំនាញ ជា​កេរ​មរតក​ដូន​តា សម្រាប់​យុវជន​ជំនាន់​ក្រោយ ​ដើម្បី​ពង្រឹង​ និង​ពង្រីក​ ព្រម​ទាំង​ប្រើប្រា​ស់​​ចំណេះដឹង​និង​ជំនាញ​នានានៃ​​វិស័យ​សិល្បៈ ​វប្បធម៌ជា​កេរ​ដំណែល​នៃ​បុព្វបុ​រស​ខ្មែរ និង​ជា​ប្រភព​មួយ​មិន​ចេះ​រីង​ស្ងួត ក្នុងការ​រួម​ចំណែក​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ចស​ង្គម​កម្ពុជា​។​​

​ប​ច្ចុប្បន្ន​​សាក​ល​វិទ្យាល័​យ​ភូមិន្ទ​វិចិ​ត្រសិល្បៈមាន​ក្រុមប្រឹក្សា​ភិបា​ល គ​ណៈ​គ្រប់​គ្រង មន្ត្រីរា​ជការ សាស្ត្រា​ចារ្យ គ្រូ និង​បុគ្គលិក សរុប​ចំនួន​ ៣៣១​នាក់ ក្នុង​នោះ មាន​បុគ្គ​លិក​ពិការ​ចំនួន៣​នាក់​។ ​

​ក្នុង​​​ឆ្នាំ​សិក្សា​២០២២-២​០២៣​នេះ សាកលវិទ្យា​ល័​យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​កំពុង​បណ្តុះ​បណ្តាល​និស្សិត លើ​ជំនាញ​ទាំង៥​មហា​វិទ្យា​ល័យ សរុប​ចំនួន​ ២ ៦៨៥​នាក់ ព្រះ​សង្ឃ​ ចំនួន​១០​អង្គ និងនិស្សិត​ពិការ ចំនួន​៦​​នាក់​​៕