​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ផ្ដួចផ្ដើម​រៀបចំ​ឱ្យមាន​ការ​ឆ្លាក់​ឈ្មោះ​អ្នក​អភិរក្ស​ផ្សោត និង​បើកឱកាស​ដល់​អ្នក​ដែល​ស្រឡាញ់​ផ្សោត​អាច​ចុះឈ្មោះ​ធ្វើជា​ឆ្មាំ​ការពារ​ផ្សោត​បាន ខណៈ​មន្ត្រី​មូលដ្ឋាន​ថា ការផ្ដួចផ្ដើម​បែបនេះ​នឹងធ្វើ​ឱ្យកម្លាំង​អភិរក្ស​ផ្សោត​កាន់តែ​ច្រើនឡើង ហើយ​ផ្សោត​នឹង​កាន់​តែមាន​សុវត្ថិភាព​។​


​លោក​ ឌិ​ត ទីណា បាន​លើក​ឡើង​ដូចនេះ ក្នុង​ពិធី​ប្រគល់​ទូក​និង​សម្ភារ​ល្បាត នៅ​ស្នាក់ការ​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​នៅ​ឃុំ​សំបុក ស្រុក​ចិត្រ​​បុរី ខេត្តក្រចេះ នៅ​ថ្ងៃទី ​២៣ ខែឧសភា ឆ្នាំ ​២០២៣ ដោយ​លោក​បាន​កោតសរសើរ​ចំពោះ​ការលះបង់​របស់​ឆ្មាំ​ទន្លេ​ដែល​បាន​ជួយ​ការពារ​ធនធាន​សត្វ​​ផ្សោត​មិនឱ្យ​បាត់បង់​និង​បន្តការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​និង​រឹងមាំ​ដោយ​ត្រូវ​គិតគូរ​ក្នុងការ​អភិរក្ស​រតនសម្បត្តិ​ឱ្យបាន​ល្អ​។​

​តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញឱ្យមាន​ការសហកា​រ​ក្នុងការ​កំណត់​អត្ត​សញ្ញាណ​ជន​ប្រព្រឹត្ត​ខុសច្បាប់ និង​ផ្តល់​ឧបករណ៍​ល្អៗ ដើម្បី​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ឱ្យបាន និង​មាន​លទ្ធផល​ល្អ​។


​លោក​ ឌិ​ត ទីណា បាន​បញ្ជាក់ថា​៖ «​ក្នុង​ស្មារតី​នេះដែរ ត្រូវ​ពិនិត្យ​លទ្ធភាព​រៀបចំ​ឱ្យ​មានការ​ឆ្លាក់​ឈ្មោះ​អ្នក​អភិរក្ស​ផ្សោត និង​អ្នក​ដែល​ស្រឡាញ់​ផ្សោត​។ លើសពីនេះ​ទៀត​ឱ្យមាន​ការបើកឱកាស​ដ​ល់​អ្នក​ដែល​ស្រឡាញ់​ផ្សោត​អាច​ចុះឈ្មោះ​ជា​ឆ្មាំ​ការពារ​ផ្សោត​បាន ដែល​នេះ​ជាការ​ចូលរួម​សហការ​ពី​មហា​-​ជន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប និង​ការពារ​រតនសម្បត្តិរ​បស់​យើងទាំងអស់គ្នា​»​។

​ជុំវិញ​រឿងនេះ​ដែរ លោក ម៉ែន គង់ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២៤ ខែឧសភាថា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​បាន​អបអរសាទរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ពី​ថ្នាក់ជាតិ ទាក់​ទង​ឱ្យមាន​ការរៀប​ចំការ​ឆ្លាក់​ឈ្មោះ​អ្នក​អភិរក្ស​ផ្សោត​នេះ​។​


​លោក​បន្តថា អាជ្ញាធរខេត្ត នឹង​ប្ដេជ្ញា​ចូលរួម​ក្នុងការ​អនុវត្ត​ផែនការ​នេះ និង​គោលការណ៍​ណែនាំ​របស់​រដ្ឋា​បា​ភិ​បាល ក៏ដូចជា ក្រសួង​ពាក់ព័ន្ធ​ឱ្យបាន​សម្រេច​ជោគជ័យ​។​ លោក​ ម៉ែន គង់ បាន​ថ្លែងថា​៖ «​ការណ៍​ដែល​លោក​បើកឱកាស​ដល់​អ្នក​ដែល​ស្រឡាញ់​ផ្សោត​អាច​ចុះឈ្មោះ​ជា​ឆ្មាំ​ការពារ​ផ្សោត​នេះ វា​ជាការ​ផ្ដល់ឱកាស​ឱ្យ​ពលរដ្ឋ ក៏ដូចជា​យុវជន​ជំនាន់​ក្រោយ ព្រមទាំង​សហគមន៍ និង​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​មានឱកាស​ក្នុងការ​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ ពិសេស​បាន​ចូលរួម​ការការពារ​អភិរក្ស​សត្វ​ផ្សោត ដែលជា​សក្ដានុពល​រប​ស់ដង​ទន្លេមេគង្គ​កម្ពុជា​»​។​

​ការផ្ដួចផ្ដើម​បែបនេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដោយមាន​ការ​ចូលរួម​រវាង​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញាធរ ឬ​ក្រុម​អភិរក្ស​ដែល​នេះ​ជាការ​ផ្ដល់​តម្លៃ​ទៅលើ​ធនធានធម្មជាតិ​ដែលមាន ហើយ​អាច​មិនមែន​ត្រឹមតែ​សត្វ​ផ្សោត​ទេ​ដែល​ត្រូវការពារ តែមាន​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត​ដែល​ពួកគាត់​អាច រួមចំណែក​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស​ផងដែរ​។​

​សូមបញ្ជាក់ថា ទូក និង​សម្ភារ​ល្បាត​ដែល​ត្រូវបាន​ប្រគល់​ដល់​ឆ្មាំ​ការពារ​រួមមាន ទូក​ម៉ាស៊ីន​ចំនួន​ ៦ ​គ្រឿង​, អាវ​ពោង​ ៤៤​ អាវ​, សឺ​ម៉ែ​ល​ ២៤​ គ្រឿង និង​ថវិកា​ឧបត្ថម្ភ​ពី​អភិបាលខេត្ត​ក្រចេះ​ ៥,៥​ លាន​រៀល សម្រាប់​បុ​ស្តិ៍​ឆ្មាំ​ទាំង​ ១១ និង​សម្ភារ​មួយចំនួនទៀត​។​

​នាឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រួម​នឹង​អាជ្ញាធរ​ខេត្តក្រចេះ បាន​ដុតបំផ្លាញ​សម្ភារ​នេសាទ​ខុសច្បាប់​ដែល​បង្ក្រាបបាន ដូចជា​ឧ​បករ​ណ៍​ឆក់​ក្តៅ ឆក់​ត្រជាក់ មង​ក្រ​ឡា​ធំ និង​ឧបករណ៍​មួយចំនួនទៀត​ផងដែរ​។​

​លោក​ សេង ទៀក នាយក​ប្រ​តិ​ប​ត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF)​ បាន​ថ្លែងថា ការងារ​គ្រប់គ្រង​សត្វព្រៃ និង​ធនធាន​ធម្មជាតិ គឺ​វា​ចាំបាច់​ត្រូវតែមាន​ការចូលរួម​ពី​ពលរដ្ឋ​គ្រប់រូប​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។​

​លោក​បន្តថា នៅពេលដែល​ប្រជាពលរដ្ឋ​មានការ​យល់ដឹង ពី​តម្លៃ ពី​សារៈសំខាន់ ពី​ផល​​ប្រយោជន៍​របស់​សត្វព្រៃ​ដូចជា សត្វ​ផ្សោត​ដែល​ផ្តល់ឱ្យ​មនុស្ស​និង​សេដ្ឋកិច្ច​ព្រមទាំង​មានការ​ចូលរួម​ជា​សកម្មភាព​ផងដែរ​នោះ ការងារ​អភិរក្ស​សត្វ​ផ្សោត​នេះ​អាចនឹងទទួល​បាន​ជោគ​​ជ័យ និង​មាន​និរន្ត​ភាព​។​

​លោក ​សេង ទៀក បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា គំនិត​ផ្តួចផ្តើម​នេះ​ល្អ​ព្រោះ​វា​នឹង​លើកទឹកចិត្ត​ឱ្យ​អ្នក​ដែល​ស្រឡាញ់​សត្វ​ផ្សោត​មាន​មោទនភាព និង​ចូលរួម​ក្នុង​ការងារ​អភិរក្ស​សត្វ​ដ៏​កម្រ​មួយ​នេះ​ផងដែរ ហើយ​ប្រជា​ពលរដ្ឋ គាត់​អាច​ចូលរួម​ក្នុង​ការងារ​ការពារ និង​អភិរក្ស​ផ្សោត​ដោយ​ស្ម័គ្រ​ចិត្តបាន​តាមរយៈ​ការរាយការណ៍​ពីបទ​ល្មើស​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​ផ្សោត​រស់នៅ​»​។​

​ក្រៅពីនេះ លោក​បន្ថែមថា ពលរដ្ឋ​ក៏​អាច​រាយការណ៍​ពី​វត្ត​មានកូន​ផ្សោត​ទើប​កើត​ថ្មី​ឬ​ការ​​រាយការណ៍​ពី​ការ​ឃើញ​សត្វ​ផ្សោត​ស្លាប់​ឬ​ការផ្តល់​យោបល់ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​និង​ការអនុវត្ត​ច្បាប់​ដល់​មន្ត្រី​មាន សមត្ថកិច្ច​ផងដែរ​។​

​គួរ​រំឭក​ដែរ​ថា កន្លងមករាជ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចាត់​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​រៀបចំ​ផ្ដល់​បណ្ណ​ក្រីក្រ និង​បង្កើត​មុខរបរ​ថ្មី​ដល់​ប្រជា​នេសាទ​ដែល​អាស្រ័យ​ផល​តាម​ដង​ទន្លេមេគង្គ​ផងដែរ ដើម្បីឱ្យ​ពួកគាត់​បញ្ឈប់​ការ​នេសាទ​ដែល​បង្ក​ហានិភ័យ​ដល់​សត្វ​ផ្សោត​ទន្លេមេគង្គ​ជា​បន្តទៀត​៕