​ភ្នំពេញៈ កញ្ញា ​អ៊ឹម រចនា អ្នក​​នាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ការប្រើប្រាស់​ថាមពល​សូ​ឡា​នៅក្នុង​វិស័យ​កសិកម្ម​ចាប់ផ្ដើម​មាន​កំណើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខណៈដែល​ក្រសួង​ស្នើ​សុំឱ្យ​ប្រជាកសិករ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​អាទិភាព​របស់ខ្លួន នៅក្នុង​ការដំឡើង​ប្រព័ន្ធ​សូ​ឡា​។​


​កញ្ញា អ៊ឹម រចនា បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី​​ ២២ ខែឧសភា​ថា ជាការ​ពិត ការ​បោះទុន​ដំបូង​សម្រាប់​ដំឡើង​ប្រព័ន្ធ​សូ​ឡា​នៅក្នុង​វិស័យ​កសិកម្ម​ត្រូវ​ចំណាយ​ច្រើន​។ ក្នុងន័យនេះ​ក្រសួង​ក​សិ​​កម្ម​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​យក​ចិត្ត​ទុកដាក់ និង​គិតគូរ​ពី​អាទិភាព​របស់ខ្លួន នៅក្នុង​ការដំឡើង​ប្រព័ន្ធ​សូ​ឡា​។

​កញ្ញា​បាន​ថ្លែងថា​៖ «​ប្រជាកសិករ​ដែល​មិនមាន​លទ្ធភាព​ដំឡើង​ប្រព័ន្ធ​សូ​ឡា​សម្រាប់​ប្រើប្រាស់​នៅក្នុង​ការផលិត​កសិផល​របស់ខ្លួន និង​កំពុងតែ​ប្រើប្រាស់​ថាមពល​អគ្គិសនី អាច​ចុះឈ្មោះ​នៅ​អគ្គិសនី​កម្ពុជា ដើម្បី​ស្នើសុំ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​សម្រាប់​វិស័យ​កសិកម្ម​ដែលមាន​តម្លៃថោក​ជាង​ថ្លៃ​អគ្គិ​ស​នី​ប្រើប្រាស់​ធម្មតា​»​។​


​ទាក់ទង​នឹង​ការប្រើប្រាស់​សូ​ឡា​នេះ លោក វ៉ា រុត​សាន ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ជា​អ្នក​ដែលមាន​ជំនាញ​លើ​ការ​ស្រាវ​ជ្រាវ​ច្រើន ពី​ដំណាំ​គ្រប់​ប្រភេទ បានឱ្យដឹងថា លោក​បាន​ទៅ​មើល​ស្ថានីយ​បូមទឹក​ដាក់​ស្រែប្រាំង ដើរ​ដោយ​សូ​ឡា នៅ​ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​លោក​ថា​៖ «​តាម​របាយការណ៍​ផ្ទាល់មាត់​ដែល​ទទួលបាន​ពី​ក្រុម​ហ៊ុន ​SOGY ដែលជា​ម្ចាស់​ស្ថានីយ​បាន​ប្រាប់ថា ពីមុន​កសិករ​ត្រូវ​ចំណាយ​ពី​ ៥៥ ​ម៉ឺន​រៀល​ទៅ​ ៦០ ​ម៉ឺន​រៀល ​ក្នុង​ ១ ​រដូវ​សម្រាប់​ថ្លៃ​បូមទឹក​ដាក់​ស្រែ​ក្នុង​ ១​ ហិកតា តែ​ពេលនេះ​កសិករ​ចំណាយ​តែ ​៣៥ ​ម៉ឺន​ទៅ​ ៤៥​ ម៉ឺន​រៀល ហើយ​មានទឹក​ប្រើ​គ្រប់គ្រាន់​មិន​រអាក់រអួល​អ្វី​ឡើយ​។ ខ្ញុំ​យល់ថា ការធ្វើ​បែបនេះ​អាច​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​បាន​យ៉ាង​ល្អ​»​។​


​ជាមួយគ្នានេះដែរ ប្រធាន​សមាគម​មៀន​ប៉ៃលិន លោក សួស ស៊ី​យ៉ា​ត បាន​ប្រាប់​ដែរ​ថា ការ​​ប្រើប្រាស់​ថាមពល​សូ​ឡា​ពិតជា​ចំណេញ​ច្រើន​មែនហើយ ប៉ុន្តែ​កសិករ ត្រូវការ​ចំណាយ​ទុន​ច្រើន នៅពេល​វិនិយោគ​លើកដំបូង​។​

​លោក​បានឱ្យដឹងថា កន្លងទៅ មានការ​ណែនាំ​ច្រើន​ដែរ​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម​ដល់​សមា​គម កសិករ​របស់លោក​ដែរ ចំពោះ​អត្ថប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ថាមពល​សូ​ឡា​នេះ ប៉ុន្តែ​ដោយសារតែ​ការខាតបង់​នា​ឆ្នាំ​កន្លងទៅ កសិករ​ភាគច្រើន​មិនមាន​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​។​

​បើតាម​លោក សួស ស៊ី​យ៉ា​ត ការដាំដុះ​មៀន​ប៉ៃលិន នៅ​ខេត្ត​ប៉ៃលិន ជួប​បញ្ហា​ខ្លះ​ទាក់ទង​ប្រព័ន្ធធារាសាស្ត្រ ដែល​សព្វថ្ងៃ​កំពុង​ស្នើ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ​លើ​បញ្ហា​ធារាសាស្ត្រ​នេះ​។​

​លោក ​វណ្ណ ឫទ្ធី ប្រធាន​ផ្នែក​នាំ​ចេញ នៃ​ក្រុមហ៊ុន អង្គរហ្រ្គី​ន បានឱ្យដឹងថា ការប្រើប្រាស់​ថាមពល​សូ​ឡា សម្រាប់​ការបូមទឹក​ស្រោច​​ស្រព​ដំណាំ​ពិតជា​បានផ្តល់​ផល​ប្រយោជន៍​ច្រើនណាស់ និង​ទទួល​​បាន​ផលចំណេញ​ច្រើន ប៉ុន្តែ​កសិករ​ត្រូវការ​ដើមទុន​ច្រើន​ក្នុងការ​វិនិយោគ​លើកដំបូង​។ តាម​ដែល​លោក​សង្កេតមើល ការប្រើ​ប្រាស់​ថាមពល​សូ​ឡា​របស់​ប្រជា​កសិករ ឬ​ម្ចាស់​ចម្ការ​ស្វាយ ជា​ដៃគូ របស់​ក្រុមហ៊ុន គឺ​នៅមានកម្រិត​នៅឡើយ និង​ចាប់ផ្តើម​មានការ​ចាប់អារម្មណ៍​ច្រើន​ប៉ុន្តែ​ពួកគាត់​នៅ​ខ្វះ​លទ្ធភាព​។​

​លោក វណ្ណ ឫទ្ធី ប្រាប់ថា​៖ «​ការ​​ប្រើប្រាស់​ថាមពល​សូ​ឡា​នេះ វា​ត្រូវ​ដើមទុន​ច្រើន ហើយ​វា​មានតម្លៃ​ថ្លៃ ហើយ​កសិករ​ភាគច្រើន មិនមាន​លទ្ធភាព​វិនិយោគ​មុន​ទេ ព្រោះថា តម្លៃ​ដែល​បាន​ពី​ការ​លក់​ផលិតផល​កសិករ​តិច​តួច មិនទាន់មាន​លទ្ធភាព​ក្នុងការ​ចំណាយ​នៅឡើយ​។ ចំពោះ​កម្ចី​វិញ យើង​ឃើញថា កសិករ​សុទ្ធ​តែ​ត្រូវការ​កម្ចី ប៉ុន្តែ​ដោយសារ​កសិករ​ភាគច្រើន​សុទ្ធ​តែមាន​បំណុល​រួចទៅហើយ ដូចនេះ​ទើប​គាត់​ពិបាក​ក្នុងការ​ទទួលបាន​កម្ចី​បន្ថែមទៀត​»៕