ភ្នំពេញៈ ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ដៃគូ​ពាក់ព័ន្ធ បាន​រកឃើញថា សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ គឺ​ចាំបាច់​ត្រូវការ​ការគិតគូរ​ទៅដល់​អាហារូបត្ថម្ភ ព្រោះ​កង្វះ​ទឹកស្អាត និង​អនាម័យ ទម្លាប់​បន្ទោបង់​ពាសវាល​​ពាសកាល គឺជា​មូលហេតុ​មួយ​បណ្ដាលឱ្យ​កុមារ​ក្រិស​ក្រិន និង​ស្គមស្គាំង​។


​ការរកឃើញ​នេះ បាន​ធ្វើឡើង​នៅក្នុង​ករណី​សិក្សា​មួយ ដែល​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​សហការ​គាំទ្រ​បច្ចេកទេស និង​ថវិកា​ពី​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ដើម្បី​សិក្សា​ពី​ក្រុម​ជនជាតិដើម​ភាគតិច គ្រួសារ​ក្រីក្រ និង​អ្នក​មិនចេះ​អក្សរ ជាពិសេស​ខេត្ត​ដាច់ស្រយាល​ក្នុង​ខេត្ត​ស្ទឹង​​ត្រែង រតនគីរី សៀមរាប និង​កំពង់ធំ រយៈ​ពេល​ប្រមាណ ​៨ ​ខែ​។

​តាម​របាយការណ៍​សិក្សា​ដែល​ ភ្នំពេញ ប៉ុស្តិ៍​ ទទួលបាន​កាល​ពីថ្ងៃ​ទី​ ២៤ ឧសភា បាន​បង្ហាញថា កង្វះ​ទឹកស្អាត និង​អនាម័យ ទម្លាប់​បន្ទោបង់​ពាសវាល​ពាសកាល គឺជា​មូលហេតុ​មួយ​បណ្ដាលឱ្យ​កុមារ​ក្រិស​ក្រិន និង​ស្គមស្គាំង​។ ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាស​កាល ដោយ​ពង្រីក​សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ដែល​គិតគូរ​ដល់​អាហារូបត្ថម្ភ គឺជា​ដំណោះស្រាយ​មួយ​រួមចំណែក​ជួយ​ឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​អាហារូបត្ថម្ភ និង​កាត់បន្ថយ​អត្រា​ក្រិស​ក្រិន​កុមារ​។​


​តាម​ការវិភាគ​ទិន្នន័យ និង​របាយការណ៍​ដែល​បាន​រកឃើញ​ក្នុង​ខេត្ត​ ៣ (​សៀមរាប រតនគិរី និង​ស្ទឹងត្រែង​) ដែល​ស្ថិតក្នុង​ក្របខ័ណ្ឌ​គម្រោង​ចាប់ផ្តើម​ដោយ​សុខភាព​ល្អ បានបង្ហាញ​ពី​វឌ្ឍនភាព​ល្អប្រសើរ​តាមរយៈ​គម្រោង​អន្តរាគមន៍​រយៈពេល​ ៤​ ឆ្នាំ​មកនេះ ដែល​អត្រា​ក្រិស​ក្រិន និង​ស្គមស្គាំង​នៃ​កុមារ​អាយុ​ក្រោម ​៥ ​ឆ្នាំ​បាន​ថយចុះ​គួរឱ្យកត់សម្គាល់ ខណៈដែល​អត្រា​គ្របដណ្ដប់​សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជា​មូលដ្ឋានបាន​កើនឡើង​ខ្លាំង ដែល​ភូមិ ឃុំ និង​ស្រុក​មួយចំនួន​ឈានទៅ​សម្រេចបាន​ស្ថានភាព​បញ្ចប់​ការ​បន្ទោបង់​ពាល​វាល​ពាល​កាល (ODF)​ ទាំងស្រុង​។

​ករណី​សិក្សា​នេះ​បញ្ជាក់ថា​៖ «​លទ្ធផល​ជា​វិជ្ជមាន​នេះ អាច​សន្និដ្ឋានបានថា វា​បានបង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការបង្កើន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​នៅ​សហគមន៍ ជួយ​ឱ្យមាន​ភាព​​ប្រសើរឡើង​នៃ​ស្ថានភាព​អាហារូបត្ថម្ភ និង​សុខភាព​កុមារ ជាពិសេស​រួមចំណែក​កាត់បន្ថយ​អត្រា​ក្រិស​ក្រិន និង​អត្រា​ស្គមស្គាំង​កុមារ ក្រោម​អាយុ ​៥ ​ឆ្នាំ​»​។​


​បើតាម​ការសិក្សានៅ​ឆ្នាំ​ ២០២២ គួរឱ្យ​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​កម្ពុជា ដែល​បាន​កាត់បន្ថយ​អត្រា​ក្រិស​ក្រិន​កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ​ថយចុះ​មក​ត្រឹម​ ២២%​។ ទន្ទឹមគ្នា​នេះដែរ អត្រា​គ្របដណ្ដប់​សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជា​មូលដ្ឋាន​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ពី ៧៥​ ដល់​ ៧៨% គិតដល់​ឆ្នាំ​ ២០១៩​។

​យ៉ាងណាក្តី ករណី​សិក្សា​នេះបង្ហាញថា អត្រា​ប្រេ​វ៉ាឡង់​ក្រិស​ក្រិន​នៅតែ​ខ្ពស់ រឺ​ឯ​ការទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជា​មូលដ្ឋាន នៅតែមាន​គម្លាត និង​វិសមភាព​រវាង​ទីក្រុង និង​ជនបទ​។​

​លោក​ ជា សំណាង អនុប្រធាន​ក្រុម​ការងារ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត អ​នា​ម័​យ និង​អាហារូបត្ថម្ភ បាន​និយាយថា ដើម្បី​លើកកម្ពស់​សុខភាព​កុមារ និង​ស្ត្រី​ដោយ​កាត់បន្ថយ​អត្រា​ក្រិស​ក្រិន និង​ស្គមស្គាំង​កុមារ​តាម​សហគមន៍ គឺ​ទាមទារ​ឱ្យមាន​អន្តរាគមន៍​ពេញលេញ​ក្នុងការ​ស្ដារ​ស្ថានភាព​អាហារូបត្ថម្ភ ដោយ​រួម​​បញ្ចូល​សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជា​មូលដ្ឋាន​ផងដែរ​។ «​មកដល់ពេលនេះ មិនទាន់មាន​គោលការណ៍​ណែនាំ ឬ​បទ​​ដ្ឋា​ន​គំរូ​ប្រតិបត្តិ​ណាមួយ​ច្បាស់លាស់​នៅឡើយ​អំពី​ការដាក់បញ្ចូល​គ្នា​ឬ​ការ​បន្ស៊ី​គ្នា​រវាង​អន្តរាគមន៍​សេវា​ផ្គត់ផ្គង់​ទឹក អ​នា​ម័​យ និង​អាហារូបត្ថម្ភ​នៅឡើយ​ទេ​»​។​

​លោក យី គឹម​ថា​ន នាយករង​ប្រចាំ​ប្រទេស​ទទួលបន្ទុក​កម្មវិធី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​ថ្លែងថា ករណី​សិក្សា​នេះ គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍ ការអនុវត្ត​ជាក់ស្ដែង​អំពី​យន្តការ​សម្របសម្រួល វិធីសាស្ត្រ​អនុវត្ត និង​ពិនិត្យមើល​ការ​ប្រែ​​ប្រួល​ជា​វិជ្ជមាន​អំពី​ស្ថានភាព​អាហា​រូប​​ត្ថ​ម្ភ សេវា​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជា​មូលដ្ឋាន​នៅ​សហគមន៍​។

«​យើង​សង្ឃឹម​ជឿជាក់ថា របាយការណ៍​ករណី​សិក្សា​ស្តីពី​ដំណោះស្រាយ​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ដែល​គិតគូរ ដល់​អាហា​រូប​​ត្ថ​ម្ភ ដើម្បី​សុខភាព​កុមារ និង​ការអភិវឌ្ឍ​កុមារ​តូច​នៅ​កម្ពុជា​នេះ​នឹង​ក្លាយជា​ធន​​ធាន​មួយទៀត​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នករៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ និង​អ្នកអនុវត្ត​កម្មវិធី​នានា ក្នុង​វិស័យ​អាហារូបត្ថម្ភ និង​វិស័យ​ផ្គត់ផ្គង់​ទឹក និង​អនាម័យ​ជនបទ​...»៕