កណ្តាលៈ រដ្ឋបាលខេត្តកណ្តាល បានបង្ហាញពីការប្តេជ្ញា ក្នុងការធ្វើឱ្យខេត្តនេះក្លាយជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF Plus ទី១ មុនគេនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីខេត្តនេះបានបញ្ចប់ ODF ទាំងស្រុងកាលពីខែធ្នូ ឆ្នាំ ២០២២ ដែលជាគម្រោងលើកកម្ពស់អនាម័យ និងការរស់នៅសមរម្យ។
ការលើកឡើងដូចនេះ ត្រូវបានធ្វើឡើងដោយលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទថ្នាក់ខេត្ត កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ និងផែនការបញ្ចប់ការបន្ទោបង់ពាសវាពាសការកម្រិតខ្ពស់ ODF Plus។
តាមរយៈមន្ទីរព័ត៌មានខេត្តកណ្តាល នៅថ្ងៃទី២៥ ខែឧសភា បានឱ្យដឹងថា លោក នុត ពុធដារ៉ា បានជំរុញដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការជាដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាខិតខំធ្វើយ៉ាងណាឱ្យខេត្តកណ្ដាល ក្លាយជាខេត្តODF Plus ទី១មុនគេនៅកម្ពុជា។
លោកបានបញ្ជាក់ថា ៖ «ការប្តេជ្ញាធ្វើយ៉ាងណាឱ្យខេត្តយើងក្លាយជាខេត្តODF Plus ទី១មុនគេនៅកម្ពុជា តាមរយៈសកម្មភាពបន្តអប់រំសុខភាពប្រជាជនចូលរួមថែរក្សាបរិស្ថានរស់នៅឱ្យបានស្អាតជាប្រចាំ ព្រមទាំងគិតគូរដល់និរន្តរភាពនៃការប្រើប្រាស់បង្គន់អនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះឱ្យកាន់តែប្រសើរជាងមុនថែមទៀត»។
សូមរំឭកផងដែរថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ខេត្តកណ្តាល ជាខេត្តដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ទាំងស្រុង។
ទោះបីជាយ៉ាងនេះក្តី លោក នុត ពុធដារ៉ា បានបញ្ជាក់ថា ទន្ទឹមនឹងភាពជោគជ័យនេះក៏ខេត្តកណ្ដាលមិនបញ្ឈប់ត្រឹមនេះដែរ ខេត្តនឹងនៅតែប្តេជ្ញាបន្តសកម្មភាពអប់រំសុខភាពប្រជាជនឱ្យប្រើប្រាស់បង្គន់អនាម័យ និងថែរក្សាបរិស្ថានរស់នៅឱ្យបានប្រសើរជានិច្ច ដើម្បីត្រៀមខ្លួនក្លាយជាខេត្ត ODF Plus ដោយគ្រាន់តែបំពេញបន្ថែមនូវចំណុចដែលខ្វះខាតមួយចំនួនតែប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុង ស្រុកទាំង១១ នៃរដ្ឋបាលខេត្តកណ្តាលសម្រេចបានODF ទាំងស្រុង ដែលក្នុងនោះមានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យដែលមានការកែលម្អ ១០០ភាគរយ ស្មើនឹងខ្នងផ្ទះសរុបចំនួន ២៦ ម៉ឺនខ្នង។
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល លោកស្រី ជី ថាវី បានលើកឡើងថា ខេត្តកណ្ដាលបានក្លាយជាខេត្ត ODFពិតជាបាននាំមកនៅកិត្តិយស និងសេចក្តីថ្លៃថ្នូរយ៉ាងធំធេងសម្រាប់ខេត្តកណ្ដាលទាំងមូល។
លោកស្រី បានបន្តថា៖ «យើងទាំងអស់គ្នានឹងមានភារកិច្ចជាបន្តទៀតដែលត្រូវបំពេញ និងត្រូវធ្វើនោះគឺការសម្រេចឱ្យបាននូវការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ ODF Plus មួយកម្រិតបន្ថែមទៀត ដើម្បីសេចក្តីសុខដើម្បីសុខភាព និងដើម្បីជីវភាពរស់នៅសមរម្យរបស់ប្រជាពលរដ្ឋ និងសហគមន៍ថ្លៃថ្នូរ»។
បើតាមការលើកឡើងរបស់លោកស្រី ជី ថាវី ចំពោះសូចនាករសម្រាប់វាស់វែងកម្រិត ODF Plus គឺមិនខុសពី ODF ប៉ុន្មាននោះទេ ដោយគ្រាន់តែបន្ថែមចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន លាងដៃនឹងសាប៊ូឱ្យបាន ៩៥% ខ្នងផ្ទះការទុកដាក់សំរាម ទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពឱ្យបាន ៨៥% និងស្ថានភាពអនាម័យសមរម្យតាមស្ថាប័ន ឬអង្គភាពផ្ដល់សេវាឱ្យបាន ៨៥%។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកណ្តាលស្ថានភាពអនាម័យខេត្តឆ្នាំ២០២៣ មានលក្ខណៈល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងសរុបខ្នងផ្ទះ ឆ្នាំ២០២៣ មានចំនួន ២៦៦ ៧៦៣ ខ្នងផ្ទះ រីឯខ្នងផ្ទះជាក់ស្តែងមានចំនួន ២៦៤ ២៥៥ ខ្នងផ្ទះ ហើយខ្នងផ្ទះមានបង្គន់ប្រើសរុបស្មើ ១០០%។
របាយការណ៍ដដែលបានបញ្ជាក់ថា ខ្នងផ្ទះប្រើបង្គន់ផ្ទាល់ខ្លួន ៩៥,៩% កើនលើស ឆ្នាំ២០២២ ស្មើ ០,៥% ឬស្មើ ១ ៤៦៩ ខ្នងផ្ទះ។ ខ្នងផ្ទះប្រើបង្គន់រួម ៤,១% ថយចុះជាងឆ្នាំ២០២២ ស្មើ០,៥% ឬស្មើនឹង ១ ៤៦៩ ខ្នងផ្ទះ, ចំនួនក្រុង/ស្រុក ODF ១៣ ក្រុង/ស្រុក ស្មើ១០០%, ចំនួន ឃុំ/សង្កាត់ ODF ១២៧ ឃុំ/សង្កាត់ ស្មើ១០០% និងចំនួនភូមិ ODF ១,០១០ ភូមិ ស្មើ ១០០%។
សូមបញ្ជាក់ផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីសប្តាហ៍មុននេះ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅខេត្តកំពង់ឆ្នាំង ដោយលទ្ធផលខេត្តនេះ បានជាប់ជាជយលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងខេត្ត ដែលពិធីប្រគល់ និងទទួលជយលាភីពីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះផងដែរ៕