កម្ពុជា ក្នុងនាម​ជាប្រទេស​ដែលងាយ​រងគ្រោះ​ខ្លាំង​ពី​ផលប៉ះពាល់​នៃការប្រែប្រួល​អាកាសធាតុ បានបង្ហាញ​ការតាំងចិត្ត​និងត្រៀមខ្លួន​រួចរាល់ សម្រាប់​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជាសកល​ប្រកបដោយ​ប្រសិទ្ធភាព។


ការតាំងចិត្ត​នេះ​ត្រូវបាន​លើក​ក្នុង​អំឡុង​ពេល ក្រសួង​បរិស្ថាន ក្រោមកិច្ច​សហការ​ជាមួយ​លេខាធិការ​អាស៊ាន និង​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ (GIZ) បានរៀបចំ​កិច្ចប្រជុំ​លើក​ទី៣ ស្តី​ពី ភាពជាដៃគូ​របស់​អាស៊ាន​សម្រាប់​ដំណើរ​ឆ្ពោះទៅកាន់​សន្និសីទ​ទី ២៨ នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP28)។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ហាក់ ម៉ៅ ប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ និងជា​ជន​បង្គោល​ក្រុមការងារ​អាស៊ាន​ស្តីពីការប្រែប្រួល​អាកាសធាតុ (AWGCC) លោក Ahmad Farid Mohammed ប្រធាន​ប្តូរវេន AWGCC និងដោយ​មានការចូលរួម​ពីថ្នាក់​ដឹកនាំ-មន្រ្តី​ក្រសួង​បរិស្ថាន លេខាធិការដ្ឋាន​អាស៊ាន តំណាង​រដ្ឋសមាជិក​អាស៊ាន សមាជិក សមាជិកា AWGCC មន្រ្តី​អង្គការ GIZ និងដៃគូ​អភិវឌ្ឍន៍ សរុបចំនួន ៦០ រូប នាថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០២៣។


ក្នុងឱកាស​បើកកិច្ច​ប្រជុំ​លោក ហាក់ ម៉ៅ បានសង្កត់ធ្ងន់​ថា សុខសន្តិភាព​បានផ្តល់​កាលានុវត្ត​ភាព​ដល់​ប្រទេស​កម្ពុជា​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និងបរិស្ថាន ជាពិសេស​ការគិតគូរ​លើការងារ​ប្រែប្រួល​អាកាសធាតុ។ លោកបន្ត​ថា ក្រសួង​បរិស្ថាន​ក្នុងនាមជា​ម្ចាស់ផ្ទះ មានមោទនភាព​ក្នុងកិច្ច​សហការ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់​នេះ​ឡើង ដើម្បី​បង្ហាញ​ពីជំហ​របស់​កម្ពុជា​និងប្រទេស​សមាជិក​អាស៊ាន​ក្នុងការចែក​រំលែក​គោលនយោបាយ និង​ផែនការ​សកម្មភាព​អាទិភាព ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និងដៃគូ​អភិវឌ្ឍ សំដៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធផល ពិសេស​សម្រាប់​កិច្ចប្រជុំ COP28 នាពេល​ខាងមុខ។

លោក ហាក់ ម៉ៅ គូស​បញ្ជាក់​ថា៖«កម្ពុជា​ក្នុងនាមជា​ប្រទេស​ដែលងាយ​រងគ្រោះ​ខ្លាំង​​ពី​ផលប៉ះពាល់​នៃការប្រែប្រួល​អាកាសធាតុ​បានត្រៀមខ្លួន​រួចរាល់ សម្រាប់​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​សកល​នេះ តាមរយៈ​របាយការណ៍​បច្ចុប្បន្នភាព​ការចូលរួម​ចំណែក​របស់​ជាតិ​ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេលវែង​ប្រកបដោយ​អព្យាក្រឹត​កាបូន និងយុទ្ធសាស្រ្ត​ពាក់ព័ន្ធ​ផ្សេងទៀត»។


ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​នេះដែរ នៅសន្និសីទ​អាកាសធាតុ COP27 នាប្រទេស​អេហ្ស៊ីប ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២២ កម្ពុជា​បានយល់ព្រម​ចុះកិច្ច​ព្រមព្រៀង​លក់​ឥណទាន​កាបូន​ប្រមាណ ១៥ លាន​តោន​ជាមួយ​បណ្តា​ដៃគូ​អន្តរជាតិ ក្នុងន័យ​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន និងបញ្ចប់​ការកាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​គម្រោង REDD+ របស់​កម្ពុជា ដើម្បី​ចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​ជាមួយ​សកល​លោក។ ​

ជាមួយគ្នា​នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែលបាន​ដឹកនាំ​គណៈ​ប្រតិភូ​ចូលរួម​សន្និសីទ​អាកាសធាតុ COP27 នៅ​អេហ្ស៊ីប បានលើកឡើង​ថា មូលនិធិ​ដែលបាន​មកពី​ការលក់​ឥណទាន​កាបូន (VERs) ជួយ​ក្រសួង​បរិស្ថាន​របស់​កម្ពុជា អនុវត្ត​គោលនយោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដែលគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​យើង​ក្នុង​ការកាត់​បន្ថយ​ការកាប់​បំផ្លាញ​ព្រៃឈើ រួមទាំងការ​ផ្លាស់ប្តូរ​របស់​យើង​ទៅកាន់​កម្មវិធី REDD+ ។

ក្របខ័ណ្ឌ REDD+ ជាគម្រោង​បង្កើតឡើង​ដោយ​សន្និសីទ​អង្គការ​សហប្រជាជាតិ សំដៅ​ដល់​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ដែលកើត​ចេញពី​ការកាប់​បំផ្លាញ​ព្រៃឈើ និងការសឹក​រេចរឹល​របស់​គម្រប​ព្រៃឈើ ជាមួយ​យន្តការ​អភិរក្ស ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព និងការលើក​កម្ពស់​ការស្តុក​កាបូន​ព្រៃឈើ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

សូមជម្រាប​ថា កិច្ចប្រជុំ​ខាងលើ បានពិភាក្សា​និង​ផ្តល់​ធាតុចូល​ទៅ​លើ​របៀប​វារៈ​ចំនួន ៥ ក្នុងនោះ​រួមមាន ១ របៀប​វារៈ​សំខាន់ៗ​សម្រាប់​កិច្ចប្រជុំ COP27 (ហិរញ្ញប្បទាន​អាកាសធាតុ គោលដៅ​សកល​សម្រាប់​ការបន្ស៊ាំ កិច្ច​បាត់បង់​និង​ខូចខាត ថាមពល) ២ ការកំណត់​ផែនការ​សកម្មភាព​អាទិភាព​របស់​បណ្តាប្រទេស​អាស៊ាន​ក្នុងការរៀបចំ​ជំហ​រួម​សម្រាប់ COP28។ ៣ ទស្សន​វិស័យ​អាស៊ាន​សម្រាប់ COP28 ៤ អន្តរ​វិស័យ​អាទិភាព​របស់​អាស៊ាន​សម្រាប់​ការកាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និងយន្តការ​អនុវត្តន៍​កិច្ចបាត់បង់​និង​ខូចខាត និង​ទី៥ ការប្តេជ្ញា​ចិត្ត​ក្នុងភាព​ជាដៃគូ​របស់​អាស៊ាន​សម្រាប់ COP28។

ជំហាន​បន្ទាប់ សេចក្តី​ព្រាង​ជំហ​របស់​អាស៊ាន​សម្រាប់ COP28 នឹង​ត្រូវពិនិត្យ​បន្ថែម​ដោយ​ក្រុមការងារ AWGCC មុននឹង​ដាក់​អនុម័ត​នាកិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី នាពេល​ខាងមុខ៕