ថ្នាក់​ដឹកនាំ​លេខាធិការដ្ឋាន​គណៈ​កម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​សៀមរាប បាន​ជំរុញ ដល់​អាជ្ញាធរ​មូលដ្ឋាន កម្លាំង​សមត្ថកិច្ច និងអង្គការ​ដៃគូ​នានា បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​សហការ ដើម្បី ​ការពារ ទប់ស្កាត់​ករណី​រំលោភ​បំពារបំពាន​លើ​កុមារ​គ្រប់​រូបភាព​តាមរយៈ​ប្រព័ន្ធ​អនឡាញ។


ការជំរុញ​នេះ បានធ្វើ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ខែឧសភា ឆ្នាំ២០២៣ របស់​គណៈ​កម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី២៥ ខែឧសភា ក្រោមកិច្ច​ដឹកនាំ​របស់​លោកស្រី យូ សុភា អភិបាល​រង​ខេត្ត និង​ជាប្រធាន​លេខាធិការដ្ឋាន​គណៈ​កម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត ព្រម​ទាំងមាន​ការអញ្ជើញ​ចូលរួម​ពីមន្ទីរ​អង្គភាព​ពាក់ព័ន្ធ និងតំណាង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​រូប​ផងដែរ។ នេះបើតាម​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប។

នាឱកាស​នោះ លោកស្រី យូ សុភា បានលើកឡើង​ពីស្ថានភាព​ទូទៅ​ក្នុង​ខេត្ត​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ជួញដូរ​មនុស្ស ការធ្វើ​អាជីវកម្ម​ផ្លូវភេទ ការរត់​ពន្ធ​មនុស្ស និងការជួញដូរ​មនុស្ស​ឆ្លងដែន នៅតែ​មាន​ភាព

ស្មុគស្មាញ ​បត់បែន ​និង​ជ្រកក្រោម​រូបភាព​ស្រប​ច្បាប់​ផ្សេងៗ​ដែលជន​ល្មើស​អាចប្រើប្រាស់​ដើម្បី​កេង​ប្រវ័ញ្ច​លើ​ប្រជាពលរដ្ឋ។

លោកស្រីបន្ត​ថា អាជីវកម្ម​ផ្លូវ​ភេទ​ទាំង​នោះ អាច​កើតមាន​ឡើង​តាម​រូបភាព ការបើក​ជាសេវា​កម្សាន្ត ខារ៉ា​អូខេ ម៉ាស្សា ការងារ​តាម​ហាងបៀរ​ហ្គាដិន ឬតាម​រូបភាព​ភ្ជាប់​ពាក្យ​ឬអាពាហ៍ពិពាហ៍​នាំ​ស្ត្រី​ចេញ​ទៅក្រៅ​ប្រទេស​តាម​ទិដ្ឋាការ​ទេសចរណ៍​ជាដើម។


ជាមួយគ្នា​នេះ លោកស្រី យូ សុភា បានជំរុញ​និងសំណូម​ពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​កម្លាំង​សមត្ថកិច្ច និង​អង្គការ​ដៃគូ​នានា បន្ត​យកចិត្តទុក​ដាក់​ពិនិត្យ​តាមដាន​គ្រប់រូប​ភាព​ទៅលើ​ការរំលោភ​បំពាន​កុមារ​តាម​អនឡាញ​ដោយ​ប្រើ​ទូរស័ព្ទ។ លោកបញ្ជាក់​ថា៖«ហេតុនេះ​ទាមទារ​ឱ្យ​គ្រប់ភាគី​នៃ​ក្រុម​ការងារ គ.ខ.ប.ជ បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​សហការ ដើម្បី​ការពារ ទប់ស្កាត់ ករណី​រំលោភ​បំពារបំពាន​លើ​កុមារ​តាម​គ្រប់រូបភាព​នៃ​ប្រព័ន្ធ​អនឡាញ តាមរយៈ​ការផ្សព្វផ្សាយ​ឱ្យមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់។ ពីព្រោះ​បច្ចុប្បន្ន​ជាយុគសម័យ​រីកចម្រើន​ខាង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ហើយ​កុមារ​ជាទំពាំង​ស្នងឬស្សី ជា​សសរទ្រូង​ត្រូវ​បន្តវេន​ក្នុងការរួម​ចំណែក​កសាង​ប្រទេស​ជាតិ​នាពេល​អនាគត​ដ៏មាន​សារៈ​សំខាន់​ផងដែរ»។

សូមជម្រាប​ថា អង្គប្រជុំ​ខាងលើ​នេះ បានធ្វើ​ការពិនិត្យ​ទៅលើ​សេចក្តី​ព្រាង​របាយការណ៍​ប្រចាំ​ខែឧសភា ឆ្នាំ​២០២៣ ពិនិត្យ​និង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ក្រុមការងារ​បានអនុវត្ត​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តាម​គ្រប់​រូបភាព។ នៅក្នុងកិច្ច​ប្រជុំ​ក៏បាន​លើកយក​បញ្ហា​ជាច្រើន​មក​ពិភាក្សា ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមគ្នា សម្រាប់​ការពារ​ជន​រងគ្រោះ និងងាយ​រងគ្រោះ ដោយសារ​ការរត់​ពន្ធ​ឆ្លងដែន ។

ប្រភព​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​បញ្ជាក់​ថា៖«សរុប​ជារួម​នៅក្នុង​ខែឧសភា​ឆ្នាំ២០២៣​នេះ គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត បានអនុវត្ត​យ៉ាងយក​ចិត្តទុក​ដាក់​នូវ​ទិសដៅ ភារកិច្ច​របស់​ខ្លួនតាមការគ្រោងទុក ដោយ​មានការចូលរួម​កាន់តែ​សកម្ម​ពីមន្ត្រី​អនុវត្ត​នៃ​បណ្តា​មន្ទីរ​អង្គភាព អង្គការ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ-អន្តរ​ជាតិ និងទីភ្នាក់ងារ​សហ​ប្រជាជាតិ​ផងដែរ»៕