កម្ពុជា និងវៀតណាម បន្តចុះ MoU ក្នុងវិស័យអធិការកិច្ច

ភ្នំពេញៈកម្ពុជា និងវៀតណាម នាថ្ងៃទី២៦ ខែឧសភា បានបន្តចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងវិស័យអធិការកិច្ចរវាងប្រទេសទាំង ២ នៅទីស្តីការអធិការកិច្ចរដ្ឋាភិបាលវៀតណាម។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា និងលោក ឌ័ន ហុងហ្វុង (Doan Hong Phong) សមាជិកមជ្ឈឹមបក្ស អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើ MoU នេះ។
ហ្វេសប៊ុកលោកស្រី ម៉ែន សំអន បញ្ជាក់ថា មន្រ្តីរាជការចំនួន ២៥៣ នាក់ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានការបណ្តុះបណ្តាលលើជំនាញអធិការកិច្ចចំនួន ២ វគ្គពី ១ ខែដល់ ៦ ខែនៅប្រទេសវៀតណាមពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៨។
នៅក្នុងពិធីចុះ MoU នេះ លោកស្រីបានលើកឡើងអំពីប្រវត្ដិសហប្រតិបត្ដិការរវាងស្ថាប័ន អធិការកិច្ច នៃប្រទេសទាំង ២ កម្ពុជា-វៀតណាម ដោយស្ថាប័នអធិការកិច្ច នៃប្រទេសទាំង ២ បានចុះ MoU លើវិស័យអធិការកិច្ចលើកទី១ ក្នុងឆ្នាំ២០០៥ លើកទី២ ក្នុងឆ្នាំ២០១២ លើកទី៣ នៅឆ្នាំ២០១៦ ចំណែក លើកទី៤ គឺថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ នេះ។
ហ្វេសប៊ុកបញ្ជាក់ថា ការចុះ MoU រវាងប្រទេសទាំង ២ នេះបានធ្វើឱ្យស្ថាប័នអធិការកិច្ច នៃប្រទេសទាំង ២ បានដកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និង ការបង្ការទប់ស្កាត់អំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្ម នៃអំណាចសាធារណៈ។
លោកស្រី ម៉ែន សំអន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបន្តចុះ MoU លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច រវាងស្ថាប័នទាំង ២ នេះ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា៕