ព្រះសីហនុៈរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានដាក់​ចេញ​អាទិភាព​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​ទូរគមនាគមន៍​ដើម្បី​គាំទ្រ​ដល់ការផ្ដល់​សេវា​សាធារណៈ ​និងគម្រោង​ដំឡើង Wi-Fi សាធារណៈ​ដោយឥត​គិតថ្លៃ នៅតំបន់​ឆ្នេរ និងទីប្រជុំ​ជន​អាទិភាព​ផ្សេងទៀត​ក្នុង​ខេត្ត​ព្រះសីហនុ។


ការដាក់​ចេញ​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ការពង្រឹង​សមត្ថភាព​អនុវត្ត​ការងារ​សម្រាប់​គ្រប់​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (ជំហានទី២) កាលពី​ថ្ងៃទី២៥ ខែឧសភា នៅខេត្ត​ព្រះសីហនុ។

នៅក្នុង​សិក្ខាសាលា​នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានបង្ហាញ​ពីផែនការ​សកម្មភាព​ដើម្បី​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច និងសង្គម​ឌីជីថល និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល។


ហ្វេសប៊ុក​ក្រសួង​បញ្ជាក់​នាថ្ងៃ​ទី២៦ ខែឧសភា ថា​៖«ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​ដាក់ចេញ​អាទិភាព​ក្នុង​ការពង្រឹង និង​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​ទូរគមនាគមន៍​ដើម្បី​គាំទ្រ​ដល់ការ​ផ្ដល់​សេវា​សាធារណ:​ក្នុង​ខេត្ត​ព្រះសីហនុ និងគម្រោង​ដំឡើង Wi-Fi សាធារណៈ​ដោយឥត​គិតថ្លៃ នៅតំបន់​ឆ្នេរ និងទីប្រជុំ​ជន​អាទិភាព​ផ្សេងទៀត»។

ហ្វេសប៊ុក​ក្រសួង បន្តថា លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បានបង្ហាញ​ឆន្ទៈ​ក្នុងការសហការ​ចូលរួម​គាំទ្រ​របស់​រដ្ឋបាល​ខេត្ត​នេះ​ក្នុងការអភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន។ លោកថា វិស័យ​នេះ​មានការ​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស៕