កម្ពុជា វៀតណាម ឡាវ និងថៃ ជំរុញឱ្យចែករំលែកព័ត៌មានដើម្បីទប់ស្កាត់ចោរសមុទ្រ
ភ្នំពេញៈ កម្ពុជា វៀតណាម ឡាវ និងថៃ ពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ដោយជំរុញឱ្យមានការចែករំលែកព័ត៌មានដើម្បីទប់ស្កាត់ចោរសមុទ្រ ការប្លន់ប្រដាប់អាវុធ និងបទល្មើសលើនាវាដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ នៅក្នុងទ្វីបអាស៊ី។
ការជំរុញបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ នៃមជ្ឈមណ្ឌលគ្រប់គ្រង និងចែករំលែកព័ត៌មានតំបន់អាស៊ី ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងចោរសមុទ្រ ការប្លន់ប្រដាប់អាវុធ និងបទល្មើសនានា លើនាវាដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ (ReCAAP ISC) ក្នុងតំបន់អាស៊ី កាលពីថ្ងៃទី ២៤ ខែឧសភា។ កិច្ចប្រជុំនេះសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និង ReCAAP ISC នៅរាជធានីភ្នំពេញដោយបញ្ចប់នៅថ្ងៃទី ២៥ ខែឧសភា ហើយក៏មានការចូលរួមពីតំណាងមន្ត្រីឆ្មាំឆ្នេរសមុទ្រ និងកងទ័ពជើងទឹក នៃប្រទេសថៃ ឡាវ វៀតណាម និងក្រុមការងារ ReCAAP ISC។
របាយការណ៍កិច្ចប្រជុំដែលផ្សព្វផ្សាយដោយក្រសួងសាធារណការបញ្ជាក់ថា៖ «កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការរបស់បណ្តាប្រទេសដែលជាសមាជិក ReCAAP ក្នុងមហាអនុតំបន់មេគង្គ និងទ្វីបអាស៊ី ដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងជំរុញនីតិវិធីនៃការដោះដូរទិន្នន័យ និងព័ត៌មាន ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ ការប្លន់ប្រដាប់អាវុធ និងបទល្មើសនានា លើនាវាដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅក្នុងទ្វីបអាស៊ី»។
ReCAAP ISC បញ្ជាក់លើ Twitter នាថ្ងៃទី ២៤ ខែឧសភា ថា៖ «តំណាង ReCAAP មកពីប្រទេសវៀតណាម ថៃ និងឡាវ ចែករំលែកពីវិធីសាស្ត្រដែលពួកគេពង្រឹងការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជា ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនសមុទ្រ»។
លោក ម៉ក់ ស៊ីដេត អគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវបានស្រង់សម្ដីក្នុងសេចក្តីប្រកាសព័ត៌មានរួមរវាង ReCAAP ISC និងក្រសួងថា ដោយសារទំនិញសំខាន់ៗ និងមានតម្លៃឆ្លងកាត់កំពង់ផែ និងដែនទឹកជារៀងរាល់ថ្ងៃ ក្រសួងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកំពង់ផែ និងនគរបាលដែនសមុទ្រ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនដែលមានផែនការប្រព្រឹត្តអំពើប្លន់នៅលើនាវាដែលបោះយុថ្កានៅកំពង់ផែ។
លោកថ្លែងថា៖ «នគរបាលដែនសមុទ្រកម្ពុជាក៏ធ្វើការល្បាតជាប្រចាំ និងតាមដាននាវាដែលមានការសង្ស័យ ដែលអាចនឹងត្រូវជនល្មើសប្រើប្រាស់ដើម្បីប្រព្រឹត្តអំពើប្លន់តាមផ្លូវសមុទ្រ»។
លោក Krishnaswanmy Natarajan នាយកប្រតិបតិ្តនៃ ReCAAP ISC ត្រូវបានស្រង់សម្ដីក្នុងសេចក្តីប្រកាសព័ត៌មាននេះថា កិច្ចប្រជុំនេះបានពង្រឹងការយល់ដឹងរវាងអង្គភាពដែនសមុទ្រកម្ពុជា និងសហគមន៍ដឹកជញ្ជូន ក៏ដូចជាជំរុញឱ្យមានកិច្ចសហការគ្នាកាន់តែខ្លាំងរវាង ក្នុងចំណោមតំណាង ReCAAP។
លោកថ្លែងថា៖ «ReCAAP ISC នឹងបន្តសហការរៀបចំកិច្ចប្រជុំជាមួយតំណាង ReCAAP ISC របស់យើង ដើម្បីកសាងចំណេះដឹង និងសមត្ថភាពរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធនៅលើនាវាដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅអាស៊ី»។
របាយការណ៍ ReCAAP ISC បានលើកឡើងថា កាលពីថ្ងៃទី ១៧ មេសា មានករណីប្លន់ប្រដាប់អាវុធបានកើតឡើងនៅក្នុងកប៉ាល់កុងតឺន័រ ១ គ្រឿងដែលបានបោះយុថ្កានៅស្ថានីយមួយកន្លែងនៅទីក្រុង Ho Chi Minh ប្រទេសវៀតណាម។ ជនដៃដល់ប្រដាប់ដោយកាំបិត ដោយបានប្លន់ទំនិញក្នុងហាងកប៉ាល់នេះ។
របាយការណ៍បន្តថា កាលពីថ្ងៃទី ២២ ខែឧសភា មានករណីប្លន់ប្រដាប់អាវុធមួយទៀតបានកើតឡើងនៅលើនាវាផ្ទុកទំនិញ ១ គ្រឿង ដែលកំពុងធ្វើចរាចរណ៍នៅច្រកសមុទ្រសិង្ហបុរី។ ជនដៃដល់ប្រដាប់ដោយកាំបិត ដោយធ្វើការប្លន់គ្រឿងបន្លាស់ម៉ាស៊ីន។ សមាជិកនាវិកមានសុវត្ថិភាពក្នុងហេតុការណ៍ទាំង ២ នេះ។
ReCAAP គឺជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលក្នុងតំបន់ដំបូងគេ ដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធទៅលើនាវានៅអាស៊ី។ កិច្ចព្រមព្រៀងនេះចូលជាធរមានក្នុងខែកញ្ញា ឆ្នាំ ២០០៦ ដោយមានប្រទេសអាស៊ីចំនួន ១៤ ជាភាគីនៃកិច្ចព្រមព្រៀងនេះ។ បន្ទាប់មកមជ្ឈមណ្ឌលគ្រប់គ្រង និងចែករំលែកព័ត៌មាន (ISC) ត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ ២០០៦។
កម្ពុជាបានចូលជាសមាជិក ReCAAP ISC នៅក្នុងឆ្នាំ ២០០៦។ រហូតមកដល់ពេលនេះ ReCAAP ISC មានប្រទេសដែលបានចូលជាសមាជិកចំនួន ២១។ ក្នុងនោះមាន ១៤ ប្រទេសនៅអាស៊ី ៥ ប្រទេសនៅអឺរ៉ុប អូស្ត្រាលី និងសហរដ្ឋអាមេរិក។ ដើម្បីបំពេញចក្ខុវិស័យរបស់ខ្លួន ReCAAP ISC ធ្វើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈការចែករំលែកព័ត៌មានការកសាងសមត្ថភាព និងការរៀបចំកិច្ចសហប្រតិបត្តិការ៕