កណ្តាលៈ លោ​ក ស ខេង រដ្ឋ​​មន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បន្ត​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គោរព​ច្បាប់​ចរាចរណ៍ និង​បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​បើទោះបី​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ ៤ ​ខែ នៅ​ដើមឆ្នាំ​ ២០២៣ ត្រូវបាន​កាត់បន្ថយ​ ១៥៤ លើក ឬ​ស្មើ​ ១៣% ​ក្តី​។


​ការជំរុញ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤ ប្រារព្ធ​ធ្វើ​នៅ​ក្រុង​តាខ្មៅ ខេត្ត​​កណ្ដាល កាល​ព្រឹក​ថ្ងៃទី ២៥ ខែ​​ឧសភា​។ នាឱកាស​នោះ លោក ស ខេង បាន​សម្តែង​ការ​កោត​​សរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បានរួម​ចំណែក​ក្នុងការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ ការសង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រោះ​​ថ្នាក់​ចរាចរណ៍​ផ្លូវគោក និង​កិច្ច​ការសំខាន់ៗ​ជាច្រើន​ទៀត​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ជាមួយគ្នានេះ លោក​ក៏​អរគុណ​ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​សុវត្ថិភាព​ច​រា​​ចរណ៍​ផ្លូវគោក​នាពេល​កន្លងមក​។​

​លោក​ថា​៖ «​ការចូល​រួមទាំង​នេះ​បានធ្វើឱ្យ​អត្រា​គ្រោះថ្នាក់​បាន​ថយចុះ​គួរឱ្យកត់សម្គាល់ ជាក់ស្តែង​គិត​ត្រឹម​រយៈ​​ពេល​ ៤ ​ខែ ដើមឆ្នាំ​ ២០២៣ ​នេះ ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២ ឃើញថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ត្រូវបាន​កាត់បន្ថយ​ចំនួន ១៥៤​ លើក ឬ​ស្មើ​ ១៣% ក្នុងនោះ​អ្នកស្លាប់​បាន​ថយចុះ​ ១៨០​ នាក់ ស្មើនឹង ​២៦% ចំណែកឯ​អ្នករបួស​បាន​ថយ​​ចុះ ចំនួន ​៣០១​ នាក់ ស្មើនឹង​ ១៨%​។​

​បើទោះបីជា​ទិន្នន័យ​នេះ​មានការ​ថយចុះ​ក្តី ក៏​លោ​ក ស ខេង នៅតែ​បន្ត​ជំរុញ និង​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ ឱ្យ​ចូលរួម​អនុវត្តតាម​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ​«​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» ជាមួយនឹង​ការយកចិត្តទុកដាក់​បើកបរ​ប្រកបដោយ​ការទទួលខុសត្រូវ និង​បង្កើន​ឆន្ទៈ​គោរព​អនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន​។


​ទន្ទឹមនេះ លោក​ក៏​ជំ​រុញឱ្យ​សមត្ថកិច្ច ចៀសវាង​ការយក​ច្បាប់​ចរាចរណ៍ ធ្វើជា​អាជីវកម្ម ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។​លោក​បញ្ជាក់ថា​៖ «​យើង​សង្កេតឃើញថា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ ទោះបី​មាន​កម្រិត​មួយ​ទាប​ជាង​មុន​ក៏ដោយ​។ សូមឱ្យ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ឱ្យបាន​សកម្ម​ថែមទៀត​រួមគ្នា​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យបាន​ ៥០% តាម​ដែល​អាច​ធ្វើបាន​»​។​


​ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រីបាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ទាំងអស់ មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ក្នុងពេល​កំពុង​បើកបរ​។​

​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខេត្តកណ្តាល បានឱ្យដឹងថា ខេត្ត​បាន​អនុវត្ត​ដោយ​យកចិត្តទុកដាក់ ប្រកបដោយ​ភាពម៉ឺងម៉ាត់​លើ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​គួរឱ្យកត់សម្គាល់​។ គិត​ត្រឹម​ត្រីមាស​ទី​១ ដើមឆ្នាំ​ ២០២៣ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្តកណ្តាល​កើតមាន ៣៣ ​លើក ខណៈ​កាលពី​ឆ្នាំមុន​មាន​ ៥៩ ​លើក គឺ​ថយចុះ ២៦ ​លើក​ស្មើ ៤៤%​។ ចំណែក​គ្រោះ​​ថ្នាក់​បណ្ដាល​ឱ្យស្លាប់ និង​រងរបួស​សរុប​ចំនួន ៥៧​ លើក​ ខណៈ​ពី​ឆ្នាំមុន​ចំនួន ​១១២ ​លើក​។​

​ពាក់ព័ន្ធ​នឹង​ករណី​ចរាចរណ៍​នេះ លោក គង់ សុវណ្ណ ស្ថាបនិក និង​ជាទី​ប្រឹក្សា​យុទ្ធ​​សាស្ត្រ របស់​អង្គការ​ខេ​ម​សេ​ហ្វ បាន​សម្តែង​ការ​សាទរ​ចំពោះ​ការថយចុះ​នេះ ដោយ​លោក​ថា ការថយចុះ​នេះ គឺ​កើតឡើង​ដោយសារ​ការគោរព​ច្បាប់​ពី​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់គ្នា​ពិសេស​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ និង​អ្នកពាក់ព័ន្ធ​នានា​។ យ៉ាងណាមិញ​លោក គង់ សុវណ្ណ នៅតែ​ជំរុញ​ឱ្យ​គ្រប់គ្នា​មាន​ឆន្ទៈ​រួមគ្នា នៅក្នុង​ការចូលរួម​អនុវត្ត​ច្បាប់​ច​រា​ចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា ពិសេស​បង្កើន​ការអប់រំ ផ្សព្វផ្សាយ​បន្ថែម​ពី​របៀប​ប្រើ​ប្រាស់​ផ្លូវថ្នល់ និង​យុទ្ធនា​ការបង្កើន​ការ​រឹត​បន្តឹង​ច្បាប់​នៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​។​

​លោក​បាន​ថ្លែងថា​៖ «​ការជោគជ័យ​នៅលើ​ពិភពលោក​ពី​ការកាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍ គឺមាន​ចំណុច​គោល​គន្លឹះ​សំខាន់ ​២ គឺ​ការអប់រំ និង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ទាំង​ ២​ នេះ​ជា​ចំណុច​គន្លឹះ ហើយ​បន្ទាប់មក​គឺ​ការធ្វើការ​បណ្តុះបណ្តាល​ស​ម​ត្ថ​ភាព​អ្នកបើកបរ​ពី​ការប្រើប្រាស់​ផ្លូវ និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​»​។​

​តាមរយៈ​ទិវា​នេះ លោក ស ខេង បានឱ្យដឹងថា សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវបាន​គណៈកម្មការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឯកភាពគ្នា​រួចហើយ ប៉ុន្តែ​ត្រូវមាន​ការឆ្លងកាត់​ក្រសួងយុត្តិធម៌ ដើម្បី​កំណត់​ទោស​បញ្ញត្តិ​នូវ​មាត្រា​ដែល​បាន​ពាក់ព័ន្ធ និង​ត្រូវ​ឆ្លងកាត់​គណៈកម្មការ​អ្នក​អក្សរសាស្ត្រ​ដើម្បី​ពិនិត្យមើល​អក្ខរាវិរុទ្ធ​បន្ថែម​។

ទន្ទឹមគ្នានេះ លោក ស ខេង ក៏បាន​បន្ត​ជំរុញ​ដល់​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រធាន​ក្រុមការងារ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​ព​ន្លឿ​ន និង​ត្រៀម​បញ្ជូន​ទៅកាន់​ទីស្តីការគណៈរដ្ឋមន្ត្រី​ឱ្យបាន​ឆាប់ៗ ដើម្បី​បើក​កិច្ចប្រជុំ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ចប់​មុន​អាណត្តិ​ទី​៦ ​នេះ​៕