ភ្នំពេញៈ ​ក្រុមប្រឹក្សាធម្មនុញ្ញ​បានសម្រេច​បដិសេធចោល​បណ្ដឹង​របស់​គណបក្ស​ភ្លើងទៀន​ដែល​បាន​ប្តឹងតវ៉ា​នឹង​ការសម្រេច​របស់ ​គ​.​ជ​.​ប មិនឱ្យ​ចុះឈ្មោះ​និង​ឈរឈ្មោះ​បោះឆ្នោត​ជ្រើស​​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំនេះ ជា​អ្វីដែល​ធ្វើឱ្យ​មន្ដ្រី​គណបក្ស​នេះ បង្ហាញ​ការសោកស្តាយ​ចំពោះ​ការបដិសេធ​នេះ​។


​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ​២៥ ខែឧសភា ឆ្នាំ ​២០២៣ ថា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំពេញអង្គ​ក្រោម​អធិបតីភាព​លោក អ៊ឹ​ម​ ឈុនលឹម ប្រធាន​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញ​ដោយ​អង្គប្រជុំ​បានសម្រេច​បដិសេធ​ចោល​បណ្ដឹង​របស់​គណបក្ស​ភ្លើងទៀន​ប្តឹងតវ៉ា​នឹង​សេចក្ដីសម្រេច​របស់​គ​.​ជ​.​ប​។

​គណបក្ស​ភ្លើងទៀន​បាន​ប្តឹងតវ៉ា​នឹង​សេចក្ដីសម្រេច​កាលពី​ថ្ងៃទី​​ ១៥ ខែឧសភា ឆ្នាំ ​២០២៣ រប​ស់គ​.​ជ​.​ប និង​ទាមទារ​ឱ្យ​គ​.​ជ​.​បទ​ទួល​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ ​២០២៣ របស់​គណបក្ស​ភ្លើងទៀន ដែលមាន​ ២៥ ​មណ្ឌល​រាជធានី ខេត្ត​។

​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បញ្ជាក់ថា​៖ «​ក្រុមប្រឹក្សាធម្មនុញ្ញ​ទទួល​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​ ១៩ ខែឧសភា ឆ្នាំ​ ២០២៣ របស់​ឈ្មោះ ទាវ វ​ណ្ណុល​,​ ហុង សុខ​ហួរ និង ​គីម​សួរ ភី​រិ​ទ្ធ តំណាង​គណបក្ស​ភ្លើងទៀន ទុកជា​ត្រឹម​ត្រូវ​តាម​ទម្រង់​ច្បាប់ ប៉ុន្តែ​បដិសេធចោល​ដោយ​ខុស​នឹង​គតិ​ច្បាប់​»​។​

​ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាធម្មនុញ្ញ​ក៏បាន​សម្រេច​បដិសេធ​បណ្ដឹង​របស់​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​ ដែល​បាន​ប្តឹង​សុំឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​សម្រេច​ពី​លទ្ធភាព​ស្តីពី​ការចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​ចុះបញ្ជី​បេ​ក្ខ​ជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ ២០២៣ របស់​គណបក្ស​នេះ​ផងដែរ​។


​អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រ​​អក្ខរា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​ ២៥ ខែឧសភា​ថា គណបក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ពុំ​អាច​ចូលរួម​នៅក្នុង​ការបោះឆ្នោត​បានទេ​។

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​បញ្ជាក់ជូន​ថា បើ​និយាយ​ពី​នីតិរដ្ឋ និង​ច្បាប់ នោះ​ហើយ​ជាគោលការណ៍​សេរី ត្រឹមត្រូវ និង​តម្លាភាព ពីព្រោះ​នីតិរដ្ឋ មិនអាច​ឃ្លាតឆ្ងាយ​ពី​គោលការណ៍​សេរី ត្រឹមត្រូវ និង​តម្លាភាព​បានទេ​»​។

​លោក​ ព្រហ្ម វិចិត្រ​អក្ខរា បាន​បន្តថា​៖ «​អ៊ីចឹង​ក្នុងនាម​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ​យើង​មិន​អាចធ្វើ​អ្វីដែល​ខុសពី​សមត្ថ​​កិច្ច​ដែលមាន​កំណត់​ក្នុង​ច្បាប់កំពូល​គឺ​រដ្ឋធម្មនុញ្ញ​ដែល​ប្រគល់​ភារកិច្ច​ឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង​ដោះស្រាយ​វិវាទ​នានា​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​»​។​

​ទាក់ទង​នឹង​ការបដិសេធ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើងទៀន លោក​គីម​សួរ ភី​រិ​ទ្ធ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ខែឧសភា​ថា ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​គឺជា​ការកាត់ក្តី​ចុងក្រោយ ហើយ​គណបក្ស​លោក​ក៏​មិនមាន​អ្វី​ក្រៅពី​ការ​សោកស្តាយ​តែប៉ុណ្ណោះ​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​មានការ​សោកស្តាយ ពីព្រោះ​យើង​រំពឹងថា​អ្វីដែល​យើង​បានធ្វើ​កន្លងមក​យើង​បាន​ដាក់ជូន​អស់ហើយ តែ​ពេលនេះ​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​ដូចនេះ​យើង​ធ្វើតាម​គាត់​»​។​

​លោក គីម​សួរ ភី​រិ​ទ្ធ បាន​បញ្ជាក់ដែរថា ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​នឹង​ប្រជុំ​ពិភាក្សាគ្នា​បន្តទៀត ថា​តើ​នឹងត្រូវ​ធ្វើយ៉ាងណា​ទៀត​?

​លោក​បាន​ថ្លែងថា​៖ «​សកម្មជន​ក៏​ដូច​ជា​សមាជិក​របស់​គណ​បក្ស​យើង​មានការ​ខកចិត្ត ដោយសារ​អ្វីដែល​ពួកគាត់​បានធ្វើ​គឺ​រំពឹងថា​នឹង​បាន​ចូលរួម​ប្រកួត​តាមបែប​ប្រជាធិបតេយ្យ​ហើយ​អ្វីដែល​កាន់តែ​ខកចិត្ត​ជាង​នោះ​ទៀត គឺ​ប្រជា​ជន​ដែល​ពួកគាត់​រំពឹងថា ការបោះឆ្នោត​ខាងមុខ​នឹងមាន​គណបក្ស​ភ្លើងទៀន​ចូលរួម តែ​ត្រូវបាន​ខកចិត្ត​»​។​

​ជាមួយគ្នានេះ អគ្គលេខាធិការ​រាជ​​បណ្ឌិត្យសភា​កម្ពុជា លោក​ យង់ ពៅ បានលើកឡើង​ដែរ​ថា ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាការ​កាត់សេចក្តី​ចុងក្រោយ ដោយ​គណបក្ស​ភ្លើងទៀន​ពុំមាន​សិទ្ធិ​ចូលរួម​ក្នុងការ​បោះឆ្នោត​ខាងមុខនេះ​ទេ​។

​លោក​បាន​បន្តថា នេះ​ដូចជា​អ្វីដែល​បានកើត​ឡើង​រួចមកហើយ ហើយ​ក្នុងនាម​ជា​អ្នកតាមដាន លោក​អាច​រំពឹងថា​ វា​ចូលដល់​ចំណុច​នេះ​។ លោក​ យង់ ពៅ បាន​បញ្ជាក់ថា​៖ «​ការដែល​យើង​រំពឹង​ដល់​ចំណុច​នេះ ពីព្រោះ​គាត់​ធ្វេស​ប្រ​​ហែស​ដោយ​ខ្លួនឯង​លើ​ផ្នែក​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ដោយសារតែ​ភាពយឺតយ៉ាវ​ក្នុង​ការដាក់​ឯកសារ​ទៅ​គ​.​ជ​.​ប​។ គាត់​មាន​ឥរិយាបថ​នយោបាយ​ខែងរ៉ែង​ព្រោះ​គាត់​តែងតែ​ចោទប្រកាន់​រាជរដ្ឋាភិបាល មិន​គោរព​ច្បាប់ ច្បាប់​ស្រុក​ខ្មែរ​មិន​ត្រឹម​​ត្រូវ មិនមាន​យុត្តិធម៌ អ៊ីចឹង​!​គាត់​ធ្វេស​ប្រហែស​ផ្នែក​ច្បាប់​នេះ​ដោយ​ខ្លួនឯង​»​។​

​លោក​បាន​បន្តថា មួយទៀត គណបក្ស​ភ្លើងទៀន​មើលស្រាល​លើ​ច្បាប់ ដោយ​ក្រុម​ថ្នាក់ដឹកនាំ​ខ្សោយ​ការយល់​ដឹង​ផ្នែក​ច្បាប់ មើលងាយ​ច្បាប់ ហើយ ដែល​ធ្វើឱ្យ​គណបក្ស​នេះ​មាន​កំហុស​ផ្នែក​ច្បាប់​ដោយ​មិនអាច​ប្រកែក​បាន​។​

​លោក​ យង់ ពៅ បន្ថែមថា​៖ «​អ៊ីចឹង​! នាំឱ្យ​ពួកគាត់​ចាញ់​ដោយ​មិនបាច់​ប្រកួត ហើយ​ការ​ចាញ់​នេះ គឺ​គ្មាន​កំហុស​នរណា​ទេ​គឺជា​កំហុស​របស់គាត់​ដូច​ខ្ញុំ​បាន​រៀបរាប់​ខាងលើ​នេះហើយ​នេះ​ជាការ​សោកស្តាយ​ចំពោះ​គាត់​ដែល​កើតចេញពី​កំហុស​របស់គាត់​តែម្តង​»​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ​ ២០២៣ គ​.​ជ​.​ប បានចេញ​សម្រេច​បដិសេធ​ទាំងស្រុង ចំពោះ​ការ​ចុះបញ្ជី​របស់​គណបក្ស​នយោបាយ​ឈរ​​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន​ដែលមាន ២៥ ​មណ្ឌល​រាជធានី​-​ខេត្ត ក្រោយ​​ពី​មិនបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​នៃ​ច្បាប់បោះឆ្នោត​។​

​គ​.​ជ​.​ប បានបញ្ជាក់​ហេតុផល​ថា​៖ «​មូលហេតុ​ដោយសារ​គណបក្ស​ភ្លើង​​ទៀន​មិនបាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រកាស​ស្ដីពី​ការចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ដែលមាន​បញ្ជាក់​នីត្យានុកូល​កម្ម​»​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ​ ២០២៣ គ​.​ជ​.​ប បានសម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ការចុះបញ្ជី​របស់​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ចំនួន​ ១៨​ គណបក្សនយោបាយ​សម្រាប់​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ​អាណ​ត្ដិ​ទី​៧ នៅ​ឆ្នាំនេះ​៕