កម្ពុជា និងសាធារណរដ្ឋ​ប៉ូឡូញ បានចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ស្តីពី​ការលើកលែង​ទិដ្ឋាការ​សម្រាប់​អ្នកកាន់​លិខិតឆ្លងដែន​ការទូត ខណៈ​ភាគី​ទាំងពីរ​ក៏បាន​ប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​ក្នុងការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ទាំងក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ។


ពិធី​ចុះ​ហត្ថេលខា​នេះ ធ្វើឡើង​រវាង​លោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និងសហប្រតិ​បត្តិការ​អន្តរជាតិ​នៃ​កម្ពុជា និង​លោក Wojciech Gerwel អនុ​រដ្ឋមន្ត្រី​ការបរទេស​នៃក្រសួង​ការបរទេស​នៃសាធារណរដ្ឋ​ប៉ូឡូញ ដែលបាន​ធ្វើ​ជាសហប្រធាន​នៃកិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើក​ទី ២ រវាង​កម្ពុជា និង​ប៉ូឡូញ នៅថ្ងៃ​ទី២៥ ខែឧសភា នេះ នៅរាជធានី​ភ្នំពេញ។ នេះបើយោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​ស្តីពី​លទ្ធផល​នៃកិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី។

សេចក្តី​ប្រកាស​បន្ត​ថា៖«ឯកឧត្តម​ទាំងពីរ​បានចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និងសាធារណរដ្ឋ​ប៉ូឡូញ​ស្តីពី​ការលើកលែង​ទិដ្ឋាការ​សម្រាប់​អ្នកកាន់​លិខិតឆ្លងដែន​ការទូត។ កិច្ចប្រជុំ​បានប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ក្នុងបរិយាកាស​ស្និទ្ធស្នាល និងប្រកប​ដោយ​ផ្លែផ្កា»។


ប្រភពដ​ដែលបន្ត​ថា ភាគី​ទាំងពីរ​បានកត់​សម្គាល់ ដោយសេចក្តី​រីករាយ​ចំពោះ​ចំណងមិត្តភាព​ដ៏ល្អ​ប្រសើរ​ជាប្រពៃណី និងកិច្ចសហ​ប្រតិបត្តិការ​ជិតស្និទ្ធ​ដែលមាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ។ ក្នុងអំឡុងពេល​នៃកិច្ច​ពិភាក្សា​លោ​ក ចែម វីឌៀ បាន​សម្តែង​នូវអំណរ​គុណ​យ៉ាងជ្រាលជ្រៅ​របស់​រដ្ឋាភិបាល និងប្រជាជន​កម្ពុជា ជូន​ចំពោះ​រដ្ឋាភិបាលភិបាល​និង​ប្រជាជន​ប៉ូឡូញ ចំពោះ​ជំនួយ​សប្បុរសធម៌​សម្រាប់​ការអភិវឌ្ឍ​ដល់​កម្ពុជា​នាច្រើន​ឆ្នាំ​កន្លងមក ចាប់តាំង​ពី​កម្ពុជា​បានរួចផុត​ពីរបប​ប្រល័យ​ពូជ​សាសន៍​ក្នុង​ឆ្នាំ១៩៧៩។ បន្ថែមពី​នេះ​លោក បាន​សង្ខេប​ជូន​ភាគី​មិត្ត​អំពី​ទិដ្ឋភាព​ទូទៅ​នៃស្ថានភាព​នយោបាយ​នៅ​កម្ពុជា ជាពិសេស​ការបោះឆ្នោត​សកល​នាពេល​ឆាប់ៗ​ខាងមុខ ការវិវឌ្ឍ​សេដ្ឋកិច្ច ភាព​អំណោយ​ផល និងទាក់ទាញ​នៃការវិនិយោគ​នៅ​កម្ពុជា។

លោក Wojciech Gerwel បាន​ស្ងើចសរសើរ​យ៉ាងជ្រាលជ្រៅ​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​ដ៏ឆាប់​រហ័ស​របស់​កម្ពុជា និងបានកោត​សរសើរ​ចំពោះការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ជោគជ័យ របស់​កម្ពុជា ក្នុងការទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩។


ក្នុងសេចក្តី​ប្រកាសព័ត៌មាន​ដដែល​គូសបញ្ជាក់​ថា៖«ជាមួយនឹង​ការប្តេជ្ញា​ចិត្ត​យ៉ាងមុតមាំ​ក្នុងការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ភាគី​ទាំងពីរ​បានចែករំលែក​ទស្សនៈ​រួម​លើកិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ក្នុងវិស័យ​ជាច្រើន រួមមាន​កិច្ចសហ​ប្រតិបត្តិការ រវាង​ក្រសួង​ការបរទេស​ទាំងពីរ សភា​ទាំងពីរ និង​រវាង​អង្គការ​តំបន់​ទាំងពីរ​គឺ​អាស៊ាន និង​សហភាព​អឺរ៉ុប ព្រមទាំង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ កសិកម្ម អប់រំ និង​វប្បធម៌។ល។ »។

ភាគី​ទាំងពីរ នឹង​លើក​ទឹកចិត្ត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ការរួមគ្នា បង្កើត​ឯកសារ​គតិយុត្តិ និង​រៀបចំ​វេទិកា​វិនិយោគ និងធុរកិច្ច​នៅក្នុង​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ការចូលរួម​កាន់តែ​សកម្ម​ពីវិស័យ​ឯកជន។ សម្រាប់​កិច្ចពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​កម្ពុជា និង​ប៉ូឡូញ លើក​ទី៣ នឹង​ត្រូវធ្វើ​ឡើង​នៅប្រទេស​ប៉ូឡូញ៕