​ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្នើឱ្យ​អង្គការ​យូ​នី​សេ​ហ្វ និង​ទី​ភ្នា​ក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ​(JICA)​ ជួយ​បន្ត​គាំទ្រ​គោ​លន​យោ​បាយ​ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​។​


​ការស្នើ​នេះ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក ស ខេង បានអនុញ្ញាត​ឱ្យ​លោក Will Parks នាយក​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា និង​លោក SANUI KAZUMASA​ប្រធាន​តំណាង​ថ្មី​នៃ​អង្គការ JICA ចូលជួប​ដាច់ដោយឡែក​ពីគ្នា កាលពី​ថ្ងៃទី​ ២៤ ខែឧសភា ឆ្នាំ​ ២០២៣ ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងមហាផ្ទៃ​។​ នៅក្នុង​ជំនួប​ជាមួយ​លោក Will Parks លោក​រដ្ឋមន្ត្រី ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​យូ​នី​សេ​ហ្វ ដែល​បាន​ចូលរួម​គាំទ្រ​តាមរយៈ​ជំនួយ និង​កម្មវិធី​ផ្សេងៗ ជាពិសេស​ពាក់ព័ន្ធ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដែល​ផ្ដោតទៅលើ​ការលើកកម្ពស់​នូវ​តួនាទី​របស់​ស្ដ្រី និង​ការចូលរួម​គាំពារ​ដល់​កុមារ​។​

​លោក​បាន​ថ្លែងថា​៖ «​សង្ឃឹម​ជឿ​ជាក់​ថា អង្គការ​យូ​នី​សេ​ហ្វ នឹង​បន្ដ​គាំទ្រ​ដល់​កិច្ចការងារ​នេះ​ទៅមុខទៀត ដោយ​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​គោលនយោបាយ ក៏ដូចជា​ផែន​ការ​យុទ្ធសាស្ដ្រ នៃ​កំណែទម្រង់​វិម​ជ្ឈ​ការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

​ជាការ​ឆ្លើយតប លោក Will Parks នាយក​អង្គការ​យូ​នី​សេ​ហ្វ បាន​ជម្រាបជូន​អំពី​ផែនការ​សកម្មភាព​រប​ស់​អង្គការ​យូ​នី​សេ​ហ្វ​រយៈពេល​ ៤​ ឆ្នាំ (២០២៤ ដល់​២០២៨)​។


លោក​បន្តថា នៅក្នុង​ក្របខ័ណ្ឌ​នៃ​ផែនការ​រយៈពេល ​៤ ​ឆ្នាំនេះ លោក​មានគំនិត​ផ្តួ​ត​ផ្ដើម ក៏​ដូច​ជា​យោបល់​ក្នុងការ​លើកកម្ពស់​ការ​ចូលរួម​របស់​យុវជន​នៅតាម​មូលដ្ឋាន នៅក្នុង​ការរៀបចំ​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន​។​

​លោក​ថា មួយទៀត​នោះ គឺ​ផ្ដោត​ការគាំទ្រ​ទៅលើ​ខេត្ត​គោលដៅ​មួយចំនួន​ដើម្បី​អនុវត្ត​សកម្មភាព​ជាក់ស្ដែង​ណាមួយ​ដើម្បី​ទទួលបាន​លទ្ធផល និង​ប្រសិទ្ធភាព ជាពិសេស គឺពាក់ព័ន្ធ​ការផ្ដល់សេវា​សង្គម ដែល​ផ្ដោតទៅលើ​ស្ដ្រី និង​កុមារ​។​

​លោក Will Parks បានកត់សម្គាល់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​​រដ្ឋាភិបាល​កម្ពុជា និង​បាន​ទទួលយក​សំណូមពរ​ពី​ភាគី​កម្ពុជា​ក្នុងការ​បន្ដ​ជួយ​គាំទ្រ​ដល់​កិច្ចការងារ​ពាក់ព័ន្ធ​ក្នុងការ​លើកកម្ពស់​ស្ដ្រី និង​ការ​គាំពារ​ដល់​កុមារ​នៅ​ថ្នាក់ក្រោម​ជាតិ ដោយ​ផ្សារ​ភ្ជាប់​ទៅនឹង​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ដោយឡែក ក្នុងជំនួប​ជាមួយ​លោក SANUI KAZUMASA វិញ លោក ស ខេង បានបង្ហាញ​ការ​ជឿជាក់ថា បេសកកម្ម​ការងារ​ជា​លើក​ទី​២​របស់​ប្រធាន​អង្គការ​ JICA នឹង​រួមចំណែក​បង្កើត​នូវ​សមិទ្ធផល​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ JICA​ នៅ​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​នេះ​លោ​ក ស ខេង ក៏​ថ្លែងអំណរគុណ​ចំពោះ JICA ផងដែរ ដែល​បាន​ជួយ​គាំទ្រ​ដល់​អគ្គនាយកដ្ឋាន​រដ្ឋ​បាល​តាម​គម្រោង​ផ្សេងៗ​ដូចជា ការអភិវឌ្ឍ​គម្រោង​មន្ត្រី និង​ការជួយ​គាំទ្រ​របស់​ JICA ដល់​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​របស់​ក្រសួងមហាផ្ទៃ​។​

​លោ​ក ស ខេង សង្ឃឹមថា JICA ​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ការងារ​សិក្សា​ដល់​គម្រោង​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក៏ដូចជា ការងារ​សុវត្ថិភាព​ផ្លូវថ្នល់​បន្ថែមទៀត​ផងដែ​រ ដើម្បី​ជំរុញ​កិច្ចការ​ទាំងនេះ​ឱ្យ​ទទួលបាន​វឌ្ឍនភាព​ស្របតាម​គោលដៅ ក៏ដូចជា​ផែនការ​ដែល​បានគ្រោង​ទុក​»​។​

​ជាការ​ឆ្លើយតប​លោក SANUI KAZUMASA​បាន​ថ្លែងថា វិស័យ​ធំៗ​ចំនួន ​៣ ដែល​អង្គការ JICA ចូលរួម​គាំទ្រ​នៅ​កម្ពុជា​សម្រាប់​បេសកកម្ម​ទី២ ​របស់លោក គឺ​ទី១ ការអភិវឌ្ឍ​ឧស្សាហកម្ម ទី​២ ​ទាក់ទង​នឹង​គុណភាព​នៃ​ការ​រស់​នៅ​របស់​ប្រជាជន និង​ទី​៣ ​ការងារ​អភិបាលកិច្ច​។​

​លោក​ថា​៖ «​ដើម្បី​បន្ត​ជំរុញ​គាំទ្រ​ដល់​ការងារ​នេះ​អង្គការ​ JICA​ ក៏បាន​ចាត់​បញ្ជូន​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​គោលនយោបាយ​ដើម្បី​បន្ត​ជួយ​គាំទ្រ​ដល់​ក្រសួងមហាផ្ទៃ​លើ​ការងារ​ពាក់ព័ន្ធ​ក្នុង​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នេះ​»​។​

​ក្នុងជំនួប​ទាំង​ ២ ​នោះ​លោ​ក ស ខេង បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការងារ​កំណែទម្រង់​វិម​ជ្ឈ​ការ និង​វិសហមជ្ឈការ គឺជា​កិច្ចការងារ​អាទិភាព​ហើយក៏​ជាការ​ងារ​មួយ​ដ៏​មាន​សារៈសំខាន់​នៅក្នុង​ប្រវត្តិសាស្ដ្រ​នៃ​ការរៀបចំ​រដ្ឋបាល​រប​ស់​កម្ពុជា​ផងដែរ​៕