ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​សហជីព ម្ចាស់​រោងចក្រ និង​តំណាង​កម្មករ ខិតខំ​ដោះស្រាយ​វិវាទ​ឱ្យបាន​ឆាប់ កុំ​ទុកយូរ ដោយ​មានការ​ចូលរួម​ពី​ក្រសួង​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​មាន​ករណី​វិវាទ។


លោក​ថ្លែងថា​៖ «​ហើយ​បើសិន​ជាមាន​ករណី​វិវាទ ត្រូវ​ដោះស្រាយ​ឱ្យ​ឆាប់ កុំ​ទុក​យូរ កុំ​ចិញ្ចឹម​ទំនាស់​។ សហជីព ជាមួយ​ម្ចាស់​រោងចក្រ តំណាង​កម្មករ ខិតខំ​ដោះស្រាយ ដោយ​មានការ​ចូលរួម​ពី​ក្រសួង​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន ដោះស្រាយ​ឱ្យស្រូត។ មានតែ​គោលការណ៍​ឈ្នះឈ្នះ​ប៉ុណ្ណោះ​ដែល​អាច​ដោះស្រាយ​បាន ហើយ​ចៀសវាង​ទៅតាម​ផ្លូវ​តុលាការ"។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ចំនួន​ជិត ២ ម៉ឺន​នាក់ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅ​រាជធានី​ភ្នំពេញ លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា នៅ​កន្លែង​ខ្លះ ថៅកែ​រត់ចោល​កម្មករ។ ដូច្នេះ បើ​នៅ​រង់ចាំ​ថៅកែ​មក​សង់​ប្រាក់ ហើយ​រង់ចាំ​នីតិវិធី​តុលាការ​លក់ឡៃ​ឡុង​ដើម្បី​យក​ប្រាក់​មក​សង​កម្មករ កម្មការិនី គឺវា​យឺត។


លោក​បន្ថែមថា​៖ «​អ៊ីចឹង​ទេ បានជា​ខ្ញុំ​តែងតែ​បុរេប្រទាន​លុយ​ទៅឱ្យ​ក្រសួង​ការងារ​ដោះស្រាយ​ឱ្យ​កម្មករ កម្មការិនី ហើយ​អារឿង​នីតិវិធី​តុលាការ​ចាំ​ក្រោយ។ កន្លែង​ខ្លះ យកទៅ​ដោះ​ហើយ លក់​អាហ្នឹង​វា​មិន​គ្រប់​សង។ អ៊ីចឹង រដ្ឋាភិបាល​មានតែ​ប៉ូវ​ចេញ​ខាត ដើម្បី​ជួស។ តែ​កម្មករ​មិន​ត្រូវបាន​បាត់បង់​ផលប្រយោជន៍​ទេ។ ម្ចាស់​រោងចក្រ​រត់ទៅ​បាត់​ហើយ ហើយ​ចាប់​អ្នកណា​សង។ យើង​លក់ឡៃឡុង វា​មិន​គ្រប់​។ បើ​អ៊ីចឹង មានតែ​វិធី​មួយ​គឺ​ប៉ះប៉ូវ»៕