ភ្នំពេញៈ ក្រសួងបរិស្ថាន និងអង្គការដៃគូបានសហការរៀបចំសិក្ខាសាលាស្តីពីយានយន្ត និងឥន្ធនៈស្អាតនៅកម្ពុជាដើម្បីចែករំលែកព័ត៌មាន និងពង្រឹងចំណេះដឹងដល់មន្ត្រីបង្គោលរាជរដ្ឋាភិបាលសំដៅរួមគ្នាកាត់បន្ថយការបំពុលខ្យល់នៅក្នុងប្រទេសកម្ពុជា និងសកល។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងរយៈពេល ២ ថ្ងៃ ២៤-២៥ ខែឧសភា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល មន្ត្រីជំនាញបរិស្ថានសហប្រជាជាតិ និងអ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មផងដែរ។
សិក្ខាសាលានេះ ធ្វើឡើងដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពមន្ត្រីបង្គោលរាជរដ្ឋាភិបាលលើស្ដង់ដាបញ្ចេញសារធាតុបំពុលខ្យល់ពីរថយន្ត ការត្រួតពិនិត្យការបញ្ចេញសារធាតុបំពុលខ្យល់ពីរថយន្ត និងគុណភាពប្រេងឥន្ធនៈ និងរថយន្តដែលប្រើប្រាស់រួច។ ជាមួយគ្នានេះក៏ពិភាក្សាលើការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ស្ដង់ដាប្រេងឥន្ធនៈ និងរថយន្តប្រភេទ ៦ (EURO 6) នៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយការចាប់ផ្តើមអនុវត្តគម្រោងស្តីពីភាពស្អាត និងសុវត្ថិភាពយានយន្តដែលប្រើប្រាស់រួចផងដែរ។
លោក ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច ការបំពុលខ្យល់ក៏កំពុងកើតមានឡើងនៅក្នុងទីក្រុងធំៗជាច្រើនជុំវិញពិភពលោក ហើយបានជះផលប៉ះពាល់រយៈពេលខ្លី និងវែងចំពោះសុខភាពសាធារណៈ។
លោកបានបន្តថា បញ្ហាប្រឈមមួយនៅថ្នាក់តំបន់ និងថ្នាក់សកល ឥទ្ធិពលរបស់វាអត់មានដែនកំណត់ទេ ហើយក៏មានផលប៉ះពាល់វែងឆ្ងាយជាមួយនឹងការបំពុលខ្យល់ផងដែរ។ លោកបន្ថែមថា សិក្ខាសាលានេះក៏ជាឱកាសមួយក្នុងការចូលរួមជាមួយគ្នា និងស្វែងយល់អំពីដំណោះស្រាយទាក់ទងនឹងការបំពុលខ្យល់ដោយមានអ្នកជំនាញធ្វើគោលនយោបាយ និងអ្នកតំណាងពីឧស្សាហកម្ម។
លោកថា៖ «យើងនឹងពិភាក្សាអំពីសក្តានុពលក្នុងការធ្វើដំណើរឆ្ពោះទៅរកស្តង់ដាបញ្ចេញឧស្ម័នដ៏ម៉ឺងម៉ាត់ និងគុណភាពឥន្ធនៈដើម្បីកាត់បន្ថយការបំពុលខ្យល់នៅកម្ពុជា។ យើងនឹងពិនិត្យទៅលើបញ្ហាប្រឈម និងឱកាសដើម្បីអនុវត្តនូវការប្តេជ្ញាចិត្តមួយនេះ»។
មន្ត្រីកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) លោកស្រី Yeonju Jeong បានថ្លែងថា សិក្ខាសាលានេះដើម្បីទទួលមតិពីភាគីពាក់ព័ន្ធ ហើយលោកស្រីក៏បានអរគុណដល់ក្រសួងបរិស្ថានដែលសហការរៀបចំសិក្ខាសាលានេះឡើង។
លោកស្រីថា៖ «គឺយើងគាំទ្រមធ្យោបាយធ្វើដំណើរប្រកបដោយចីរភាព និងធ្វើការជាមួយប្រទេសកម្ពុជាទៅលើបញ្ហានេះក្នុងការវាយតម្លៃទៅលើប្រសិទ្ធផលឥន្ធនៈនៅប្រទេសកម្ពុជា និងការកសាងសមត្ថភាព ទាក់ទងទៅលើការត្រួតពិនិត្យការបញ្ចេញឧស្ម័ន និងយានយន្ត»។
អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោក កែ វង្សវឌ្ឍនា បានឱ្យដឹងថា ការបំពុលខ្យល់ធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរដែលជះឥទ្ធិពលទៅលើសុខភាពសាធារណៈ បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច ហើយការបំពុលខ្យល់មិនអាចថាជាបញ្ហាក្នុងតំបន់ទេ ប៉ុន្តែក៏ជាបញ្ហាថ្នាក់សកលផងដែរ។
លោកថា៖ «នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសដទៃទៀតដែរ ការអភិវឌ្ឍសេដ្ឋកិច្ចគឺកំពុងតែបង្កើនកម្រិតភាគល្អិតនៃខ្យល់ និងសារធាតុបំពុលផ្សេងៗទៀតទៅក្នុងបរិស្ថាន»។
យ៉ាងណាមិញ លោកថា រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនដើម្បីកាត់បន្ថយការបំពុលខ្យល់ នៅក្នុងប្រទេសរួមទាំងការបង្កើន និងការអនុវត្តគោលនយោបាយ និងបទប្បញ្ញត្តិក្នុងការគ្រប់គ្រងការបំភាយឧស្ម័ន និងលើកទឹកចិត្តឱ្យមានថាមពលកកើតឡើងវិញ ព្រមទាំងបង្កើនឱ្យមានការយល់ដឹងជាសាធារណៈ និងសហការជាមួយនឹងអង្គការអន្តរជាតិ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា សិក្ខាសាលានេះ ជាវេទិកាដ៏មានតម្លៃក្នុងការចែករំលែក និងការផ្លាស់ប្តូរការអនុវត្តល្អៗ ទាំងមេរៀនពីអ្នកចូលរួម និងប្រទេសដទៃទៀតដែលអាចបង្កើតដំណោះស្រាយនិងមានប្រយោជន៍លើផ្នែកបរិស្ថាន»៕