​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​​សម្បទា លោក វង សូត និង​លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​ជួប​ពិភាក្សាគ្នា​ជុំវិញ​ការលើកកម្ពស់​ជន​មាន​ពិការភាព​ឱ្យមាន​ភាព​ប្រសើរឡើង តាមរយៈ​កិច្ច​សហ​​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ​២​។​


​ជំនួប​នេះ​ធ្វើឡើង​នៅ​ទីស្តីការ​​ក្រសួង​សង្គមកិច្ច កាលពី​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​ ២០២៣ ខណៈ​អូស្ត្រាលី និង​កម្ពុ​ជាមាន​ទំនាក់​​ទំនង​ការទូត​ឈានដល់​រយៈពេល ៧០ ​ឆ្នាំ​ហើយ​ភាគី​ទាំង​ ២ ក៏បាន​លើកឡើង​ពី​កិច្ច​សហប្រតិបត្តិ​​ការ​ផ្នែក​សង្គមកិច្ច​ផងដែរ​។ នេះ​បើតាម​ការគូសបញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច លោក តូច ចាន់នី​។​

​នាឱកាស​នោះ លោក Justin Kevin Whyatt បាន​សម្តែង​ការរីករាយ​ដែល​ឃើញ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ជន​មាន​ពិការភាព​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក លើក​ទី ​៥ ស្តីពី​ការអភិវឌ្ឍ​សហគមន៍​តាមបែប​បរិ​យា​ប័ន្ន​ (CBIDC) ប្រកប​​ដោយ​ជោគជ័យ​កន្លងទៅ​។ លោក​ឯកអគ្គរដ្ឋទូត​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖ «​ចំណុច​នេះ​កម្ពុជា បានរួម​ចំណែក​ចែករំលែក​នូវ​ការងារ​របស់ខ្លួន​ជាមួយនឹង​សហគមន៍​។ សម្រាប់​អូស្ត្រាលី ការធានា​ឱ្យមាន​បរិ​យា​ប័ន្ន​ទៅលើ​ពិការភាព​នេះ គឺជា​ការងារ​សំខាន់​ណាស់​ក្នុង​កម្មវិធី​របស់​យើង​»​។

​លោក​បាន​សង្កេតឃើញថា តាមរយៈ​ការដឹកនាំ​របស់លោក​វង សូត ជា​រដ្ឋមន្ត្រី បានធ្វើ​កំណែទម្រង់​ជាច្រើន​ក្នុងការ​លើកកម្ពស់​ជន​មាន​ពិការ​ភាព​តាមរយៈ​ផែនការ​ជាតិ​នានា និង​កម្មវិធី​សាកល្បង​ផ្សេងៗ តួយ៉ាង ការផ្តល់​បណ្ណ​ក្រីក្រ​ជូន​ជន​មាន​ពិការភាព​ជាដើម ដែល​អូស្ត្រាលី​ចាំ​ជួយ​គាំទ្រ​លើ​ការ​ងារ​ទាំងនេះ​។​


​ជាមួយគ្នានេះដែរ លោក​វង​​សូត បាន​បញ្ជាក់ថា ចំពោះ​វិស័យ​ជន​មាន​ពិការភាព​ក្រសួង​សង្គម​​កិច្ច​បាននិងកំពុង​រៀ​ប​ចំ​កែសម្រួល​ច្បាប់​ស្តីពី​ជនពិការ​ភាព​ឱ្យមាន​លក្ខណៈ​កាន់តែ​ប្រសើរ ស្របតាម​ស្ថានភាព​ជាក់ស្តែង ដោយ​សារ​ច្បាប់​ដែល​បានធ្វើ​យូរ​មកហើយ​នេះ មាន​ចំណុច​ខ្លះ​មិនទាន់​សមស្រប ដែល​ក្រសួង​មាន​គោលដៅ​ផ្តល់​សេវា​កាន់​តែមាន​ភាពងាយស្រួល និង​ប្រសើរ​ដល់​ជនពិការ​។​


​លោក​វង សូត រំពឹងថា តាម​​រយៈ​បេសកកម្ម​ការទូត​របស់​លោក​ឯកអគ្គរដ្ឋទូត Justin Kevin Whyatt នឹង​ជួយ​បំពេញ​ដល់​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា និង​អូស្ត្រាលី ជា​​ពិសេស​កិច្ចសហប្រតិបត្តិការ​នា​​នា​រួមទាំង​ជាមួយ​វិស័យ​សង្គម​កិច្ច​ផង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​​សង្គមកិច្ច បាន​បន្ថែមថា ការ​ជួយ​ដល់​ជន​មាន​ពិការភាព​នេះ​មាន​សារៈសំខាន់​ជាពិសេស​តម្រូវ​ការជាក់ស្តែង​របស់​ជ​ន​ពិការភាព​នៅ​កម្ពុជា ដែល​កំពុងមាន​តម្រូវ​ការ​ច្រើន ទាំង​មុខរបរ​ការងា​រ ការអប់រំ ការបណ្តុះបណ្តាល ការ​​សម្រួល​ជីវភាព ការសម្រួល​ការធ្វើ​ចលនា​ដែល​ទាមទារ​កិច្ចសហការ​ដើម្បី​លើកកម្ពស់​។​

​សូម​ជម្រាបជូន​ថា នៅ​ខែកញ្ញា ឆ្នាំ​ ២០២៣​ ខាងមុខនេះ ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា មាន​គម្រោង​នឹងដាក់​ដំណើរការ​កម្ម​វិធី​ថ្មី​មួយ​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​ជន​មាន​ពិការភាព​ដែល​ស្ថាន​ទូត​រំពឹង​នឹងធ្វើ​ការ​ជាមួយ​មន្ត្រី​ក្រសួង​សង្គមកិច្ច ធ្វើយ៉ាងណា​ឱ្យ​កម្មវិធី​នេះ អាច​ចាប់ផ្តើមបាន​ក្នុង​ខែកញ្ញា​ដូច​ការគ្រោងទុក​៕