សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា (ASI) កំពុង​បន្ត​ជួសជុល​កែលម្អ​ខ្លោងទ្វារ​ខាងកើត​ប្រាសាទតាព្រហ្ម ដែល​រង​ការខូចខាត​ជាច្រើន​ដោយបាន​បន្ថែម​ថ្ម​ថ្មី​ជំនួស​ថ្ម​ចាស់​ខ្លះៗ​ដែល​បាត់បង់​ឡើងវិញ ដើម្បី​រក្សា​លំនឹង ធ្វើឱ្យ​ខ្លោងទ្វារ​នេះ​ទាំងមូល​អាច​ឈរ​បង្ហាញ​រាង​ជាថ្មី​សម្រាប់​ពេលអនាគត​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​។​


​លោក PVNCM ESWAR ដែលជា​ប្រធាន​ក្រុម​នៃ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា មានប្រសាសន៍ថា ការជួសជុល​រយៈពេល​ជាង​១​ឆ្នាំ ដែល​ចាប់ដំណើរការ​តាំងពីដើម​ខែមករា ឆ្នាំ​២០២២​មក​នោះ គឺ​គ្រោង​នឹង​បញ្ចប់​ចុងឆ្នាំ​២០២៣​នេះ​។

​អ្នកជំនាញ​រូបនេះ​បន្តទៀតថា រហូតមកដល់​ត្រឹម​ថ្ងៃទី​២៤ ខែឧសភា ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​ខាងកើត ប្រាសាទតាព្រហ្ម​សម្រេចបាន​លទ្ធផល​ប្រមាណ​៧០​ភាគរយ​ហើយ​។


​បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​កំពុង​សម្រុក​ការងារ​ដំបូល​សងខាង​នៃ​ខ្លោងទ្វារ​នេះ​ឱ្យ​ហើយ​រួចរាល់​សិន រួច​ហើយនឹង​ឈានទៅដល់​ការដំឡើង​ដំបូល​កំពូល​កណ្ដាល​មួយទៀត​ដែលជា​ជំហាន​ជួសជុល​ចុងក្រោយ​។

​លោក PVNCM ESWAR ឱ្យដឹងទៀតថា បើទោះបីជា​យើង​បានដាក់​ថ្ម​ថ្មី​រួច​ក៏ពិតមែន ប៉ុន្តែ​យើង​ត្រូវ​សិក្សា​បន្ថែមទៀត ថា​តើ​សំណង់​ខ្លោងទ្វារ​ខាងកើត​របស់​ប្រាសាទតាព្រហ្ម​នេះ បន្ទាប់ពី​ជួសជុល​ហើយ តើ​វា​រឹងមាំ​បែបណា​? ដោយ​យើង​នៅតែ​តាមដាន​រហូត​នៅពេល​ជួសជុល​ថ្ម​អាចមាន​បញ្ហា​ខ្លះៗ​។


​ការជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទតាព្រហ្ម បាន​ផ្តោត​សំខាន់​ទៅលើ​ការងារ​ដាប់​ឆ្លាក់​ក្បាច់​ដោយ​ប្រើប្រាស់​ជំនួស​ថ្ម​ចាស់​ដែល​បាន​បាត់បង់ និង​ខូចខាត រួមទាំង​ដាប់​តម្រឹម​ថ្ម​ដំបូល​និង​បិទ​ភ្ជាប់​មុខតំណ​ថ្ម និង​ការពារ​ជម្រាប​ទឹកភ្លៀង​ជាដើម​។​

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា បញ្ហា​ប្រឈម​ខ្លាំង​របស់​ខ្លោងទ្វារ​ខាងកើត​ប្រាសាទតាព្រហ្ម គឺ​រចនាសម្ព័ន្ធ​របស់​ខ្លោងទ្វារ​ទាំងមូល​តែម្តង ដោយសារ ដើមឈើ​ធំៗ​ដុស​ឫស​ចាក់​ស្រែះ​ធ្វើឱ្យ​គ្រឹះ​រំកិល​ចេញពី​ទីតាំង​ដើម​បណ្តាលឱ្យ​ថ្ម​ជញ្ជាំង​ហែក​ចេញពី​គ្នា​នឹង​អាច​បាក់​រលំ​៕​