​កម្ពុជា​-​វៀតណាម បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ហូជីមិញ សម្រាប់​ឆ្នាំ​ ២០២៣-២០២៨ និង​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​


​ពិធី​ចុះហត្ថលេខា​នេះ បាន​ធ្វើឡើង​ក្នុងអំឡុងពេល​លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៊ូ​យ ក្វាង​ហ៊ុយ (Bui Quang Huy) សមាជិក​បម្រុង​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​លេខាធិការ​ទី​១ នៃ​គណៈកម្មាធិការ​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ហូជីមិញ​។ ពិធី​នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា (​វិមាន ៧​មករា​) នា​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៣ ខណៈ​លោក ប៊ូ​យ ក្វាង​ហ៊ុយ បាន​កំពុង​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន ម៉ា​ណែ​ត​។​

​ក្នុងជំនួប​នោះ​លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​គណៈកម្មាធិការ​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ហូជីមិញ និង​បាន​ថ្លែង​នូវ​ការអបអរសាទរ​ចំពោះ​ការរៀបចំ​មហាសន្និបាត​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ហូជីមិញ ដែល​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពជោគជ័យ និង​ផ្លែផ្កា​។ លោក​ក៏បាន​អបអរសាទរ​ដល់​លោក ប៊ូ​យ ក្វាង​ហ៊ុយ ដែល​ទទួលបាន​នូវ​ការតែងតាំង​ជា​ផ្លូវការ​ជា​លេខាធិការ​ទី​១ នៃ​គណៈកម្មាធិការ​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ហូជីមិញ​។

​ជាការ​ឆ្លើយតប​លោក ប៊ូ​យ ក្វាង​ហ៊ុយ បាន​ថ្លែង​នូវ​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​ធំៗ​ជាច្រើន​ដែល​កម្ពុជា​សម្រេចបាន​ក្នុង​រយៈកាល​កន្លងមក រួមមាន ការគ្រប់គ្រង​យ៉ាង​មាន​ប្រសិទ្ធភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ការបើក​ដំណើរការ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​ជា​ប្រក្រតី ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ ព្រមទាំង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។


​កិច្ចប្រជុំ​អន្តរ​សភា​អាយ​ប៉ា​លើក​ទី​៣២ ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ប្រកបដោយ​ភាពជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក៏ដូចជា​ការត្រៀមខ្លួន​ឆ្ពោះទៅ​ការរៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នាពេល​ឆាប់ៗ​ខាង​នេះ​ផងដែរ​។ លោក ប៊ូ​យ ក្វាង​ហ៊ុយ បាន​លើកឡើងថា​៖«​ភាពជោគជ័យ​ទាំងនេះ ពិតជា​បាន​លើកកម្ពស់​នូវ​តួនាទី និង​កិត្យានុភាព​របស់​កម្ពុជា​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​លើ​ឆាក​អន្តរជាតិ ក្រោម​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង សម្តេច​តេ​ជោ​ប្រធាន​គណបក្ស​»​។ ទន្ទឹមនឹងនេះ លោក​ក៏បាន​បង្ហាញ​នូវ​ជំនឿ​ជាក់​ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា នៅ​ខែកក្កដា ឆ្នាំ​២០២៣ ប្រកបដោយ​ភាពជោគជ័យ​ផងដែរ​។​


​ប្រភព​ដដែល​ខាងលើ​បន្តថា​៖«​ភាគី​ទាំងពីរ​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ក្នុងការ​ពង្រឹង និង​ពង្រីក​នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​មជ្ឈិម​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត​ហូជីមិញ ស្របតាម​ស្មារតី​នៃ​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រឹងមាំ​យូរអង្វែង ឱ្យ​កាន់តែ​ល្អប្រសើរ និង​ឈានឆ្ពោះ​ឡើង​កម្រិត​ថ្មី​មួយទៀត​»៕​