តាកែវៈ ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង​របស់​វៀតណាម បាន​ឯកភាពគ្នា​ដាក់ចេញ​ទិសដៅ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការបង្ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម ព្រហ្មទណ្ឌ គ្រឿងញៀន និង​ជួញដូរ​មនុស្ស នៅតាម​តំបន់​ព្រំដែន​នៃ​ខេត្ត​ទាំង​ ២​។


​លោក សៅ សារុន ស្នងការរង​ខេត្តតាកែវ កាលពី​ថ្ងៃទី​២៥ ខែឧសភា បាន​ដឹកនាំ​ប្រតិភូ ជួប​សំណេះសំណាល និង​ទទួលយក​អំណោយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អាន​យ៉ាង សាលាក្រុង​ចូ​វ​ដុក ខេត្ត​ទិញ​បៀ​ន និង​សាលាស្រុក​អាន​ភូ របស់​វៀតណាម ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។ ប្រតិភូ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អាន​យ៉ាង​ដឹកនាំ​ដោយ​លោក ឡឹម ភឿ​ក​ង្វៀង ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង​។​

​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជា​ក់នា​ថ្ងៃទី​២៦ ខែឧសភា ថា​៖ «​ភាគី​ទាំង​២​បាន​ឯកភាព​ដាក់ចេញ​នូវ​ទិសដៅ​កិច្ចសហប្រតិបត្តិការ ក្នុង​ការបង្ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម ព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរ​មនុស្ស និង​បន្ត​រក្សា​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ជាពិសេស​សហការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ នៅតាម​តំបន់​ព្រំដែន​នៃ​ខេត្ត​ទាំង​២»​។​

​លោក សៅ សារុន បាន​កោតសរសើរ និង​អរគុណ​ដល់​ស្នងការ​នគរបាល​ខេត្ត​អាន​យ៉ាង ដែល​តែងតែបាន​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា សម្ភារ​និង​គ្រឿងឧបភោគ បរិភោគ​ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​នាពេល​កន្លងមក​។


​ភាគី​ទាំង​២​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព​យូរអង្វែង និង​ពិសា​អាហារ​សាមគ្គី​៕