មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដែល​ការសម្រេចបាន​នៅ​រាជធានី​ភ្នំពេញ ​ក្នុង​រយៈពេល​ជិត​ ៥ ​ខែ ឆ្នាំ ២០២៣ ពាក់ព័ន្ធ​ការអនុវត្ត​អនុវត្ត​គោលនយោបាយ​ខាងលើនេះ​បាន​លទ្ធផល​ល្អប្រសើរ​។​


​ការវាយតម្លៃ​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ ស្ដីពី​ការត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ស្ថិតក្នុង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​នៅ​ថ្នាក់ក្រោម​ជាតិ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​ក្រុមការងារ​ត្រួតពិនិត្យ កងកម្លាំង​ទាំង ៣​ប្រភេទ និង​តំណាង​មន្ទីរ​អង្គភាព​ជុំវិញ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ​២៦ ​ខែឧសភា​។​

​នៅក្នុង​ពិធី​នោះដែរ​លោក ហ៊ុន សុរិទ្ធី អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ក្នុង​ឆ្នាំ​២០២២ កន្លងទៅនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​ពង្រឹង​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ថែរក្សា​សុវត្ថិភាព​សង្គម ទាំង​មុនពេល​បោះឆ្នោត ក្នុងអំឡុងពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឱ្យ​ប្រព្រឹត្តិ​ទៅក្នុង​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ពុំមាន​បញ្ហា​អសន្ដិសុខ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ឡើយ​។​


​បន្ថែម​ពីលើ​នេះ លោក​បានឱ្យដឹងថា ក្នុង​រយៈពេល​ប្រមាណ ៥​ខែ ដើមឆ្នាំ​២០២៣​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ដ​ចាត់តាំង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដោយ​រក្សាបាន​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​យ៉ាង​ល្អប្រសើរ ជាពិសេស អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ការធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ ពោរពេញ​ដោយ​មោទនភាព​ជាតិ ជាទីបំផុត​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ​លោក ស៊ុយ សុគន្ធា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព សម្រាប់​ឆ្នាំ​២០២៣​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​ទិសដៅ​ការងារ​សំខាន់ៗ​មួយចំនួន​។ ក្នុងនោះ​បន្ត​ជំរុញ​ពង្រឹង​មូលដ្ឋាន ដើម្បី​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បន្ដ​ចាត់វិធានការ​ឱ្យបាន​ហ្មត់ចត់ និង​ទាន់ពេលវេលា ក្នុងការ​លើកកម្ពស់​ផ្តល់​សេវា​រដ្ឋបាល​សារ​ធារ​ណៈ ដើម្បី​ឆ្លើយតប​តាម​សំណូមពរ និង​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​


​ក្រោយពី​បាន​ស្តាប់​របាយការណ៍​លោក ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​»​បាន​ឯកភាព​ខ្ពស់​ចំពោះ​លទ្ធផល នៃ​ការសម្រេចបាន និង​ទិសដៅ​ការងារ​បន្ដ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្នុងការ​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ បន្ថែម​ពីនេះ លោក​បាន​កោតសរសើរ ព្រមទាំង​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អង្គភាព​នានា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កងកម្លាំង​មាន​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​គាំទ្រ និង​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព នាពេល​កន្លងមក​។ នេះ​បើតាម​ក្រសួងមហាផ្ទៃ​។

​ក្នុង​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​ទូលំទូលាយ និង​ដើម្បី​កៀរគរ​ការចូលរួម​គ្រ​ប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​អនុវត្ត​គោលនយោបាយ​នេះ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ស្របតាម​ឆន្ទៈ និង​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​សុ​ខ​សុវត្ថិភាព សុខុមាលភាព សេវាសាធារណៈ និង​ទប់ស្កាត់​គ្រោះមហន្ដរាយ ព្រមទាំង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កាច​សាហាវ​ផ្សេងៗ​។​

​គួរ​បញ្ជាក់ថា លក្ខណសម្បត្តិ​របស់ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព រួមមាន ការផ្ដល់​សេវាសាធារណៈ គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​គ្មាន​ក្មេង​ទំនើង​។ ការដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ មាន​អនាម័យ មាន​សោភ័ណ​ភាពល្អ និង​មាន​បរិស្ថាន​ល្អ និង​ឆ្លើយតបបាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្ដរាយ និង​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ​ប្រកបដោយ​ប្រសិទ្ធភាព​៕