​ឧ​ត្ត​រ​មាន​ជ័​យៈ ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ នៃ​បណ្តុំ​អាជីវកម្ម​ត្រសក់ផ្អែម​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ឱ្យមាន​ការសិក្សា​បន្ថែ​ម​ទាំង​បច្ចេកទេស និង​ទីផ្សារ​ត្រសក់ផ្អែម ដើម្បី​ផលិតភាព​ខ្ពស់ គុណភាព​ល្អ តម្លៃ​ល្អ និង​ងាយ​ប្រកួតប្រជែង​។


​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី បាន​ជំរុញឱ្យមាន​ការរៀបចំ​ផែនការ​ផលិតកម្ម​ច្បាស់លាស់ ស្របតាម​តម្រូវការ​ទីផ្សារ ដោយមាន​ការពិនិត្យ តាមដាន និង​វាយតម្លៃ តាម​ជាក់ស្តែង ដើម្បី​ប្រសិទ្ធភាព និង​និរន្តរភាព​សេដ្ឋកិច្ច ដោយ​មិន​ផលិត​លើស​តម្រូវការ​ដែលនាំឱ្យ​តម្លៃ​ធ្លាក់​ចុះថ្លៃ​ឡើយ​។

​លោក​ឌិ​ត ទីណា បានធ្វើ​ការណែនាំ​បែបនេះ​ក្នុងពេល​លោក និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម បាន​ទៅ​ទស្សនកិច្ច​បណ្តុំ​អាជីវកម្ម​ត្រសក់ផ្អែម ស្ថិតនៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ថ្ងៃទី​២៥​ឧសភា​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​។​

​លោក​ឌិ​ត ទីណា ថ្លែងថា ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ការចំណាយ​ផលិតកម្ម​តិច លក់បាន​ច្រើន កើន​ចំណូល មាន​ចំណេញ​ហើយ​ទាក់ទង​នឹង​ការងារ​នេះ ក្រសួង​នឹង​ជួយ​ធ្វើឱ្យមាន​ទីផ្សារ​ល្អ ជំរុញ​ការស្រាវជ្រាវ​បង្កើត​និង​បង្កាត់​ពូជ​ត្រសក់ផ្អែម​ឱ្យក្លាយ​ជា​ពូជ​ក្នុងស្រុក ជា​របស់​ខ្មែរ ហើយ​មានតម្លៃ​ពូជ​ធូរ​ថ្លៃ​។


​លោក​រដ្ឋមន្ត្រី​ត្រូវបាន​ស្រង់​សម្តី​ថា​៖«​ដូច្នេះ​កសិករ​ត្រូវ​យកចិត្តទុកដាក់​ដាំ​ដុះ​ឱ្យ​បានល្អ​បំផុត​តាម​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ដាក់ចិត្ត​ដាក់​កាយ​ដាំ​ដុះ​ឱ្យចេញ​ជា​លទ្ធផល និង​ផ្សព្វផ្សាយ​ឱ្យគេ​ស្គាល់​ផលិតផល​»​។


​បើតាម​ក្រសួងកសិកម្ម បច្ចុប្បន្ន​ត្រសក់ផ្អែម​មានតម្លៃ ៣ ៥០០​រៀល ក្នុង​១​គីឡូក្រាម ហើយ​ឪឡឹក​មានតម្លៃ​ចន្លោះ​ពី ៨០០​ទៅ​១ ០០០​រៀល ក្នុង​១​គីឡូក្រាម​៕​