អាជ្ញាធរមីនស្នើអង្គការមីន GICHD នៅស្វ៊ីសផ្តល់ប្រឹក្សាបច្ចេកទេសលើការគ្រប់គ្រងហានិភ័យមីននៅកម្ពុជា

ភ្នំពេញៈ អាជ្ញាធរមីនស្នើសុំកិច្ចសហការពីមជ្ឈមណ្ឌលសកម្មភាពមីនមនុស្សធម៌អន្តរជាតិប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស (GICHD) ក្នុងការផ្តល់ប្រឹក្សាបច្ចេកទេសគ្រប់គ្រងហានិភ័យសកម្មភាពមីននៅកម្ពុជា ដើម្បីធានាសុវត្ថិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ និងអាយុជីវិតប្រជាជនតាមជនបទ។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Stephen Robinson អ្នកគ្រប់គ្រងកម្មវិធីប្រតិបត្តិការសកម្មភាពមីនតំបន់របស់អង្គការ GICHD ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូ ចូលរួម និងចែករំលែកបទពិសោធន៍អំពីការអនុវត្តសកម្មភាពមីននៅកម្ពុជា ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងហានិភ័យនិងការទទួលខុសត្រូវក្នុងដំណើរការបោសសម្អាត និងការគ្រប់គ្រងហានិភ័យក្រោយការបោសសម្អាត សម្រាប់តំបន់អាស៊ីអាគ្នេយ៍ទីក្រុងហាណូយ ប្រទេសវៀតណាមពីថ្ងៃទី២២ ដល់ ២៦ ខែឧសភា។
អាជ្ញាមីនបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី២៦ ខែឧសភា ថា៖ «ឯកឧត្តម លី បញ្ញារិទ្ធិ៍ បានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាជាមួយលោក Stephen Robinson ដើម្បីស្នើសុំកិច្ចសហការលើបទដ្ឋានបច្ចេកទេសនានា និងជាពិសេសការផ្តល់ប្រឹក្សាបច្ចេកទេសក្នុងការរៀបចំឯកសារស្តង់ដា និងឯកសារយុទ្ធសាស្ត្រ ដែលពាក់ព័ន្ធក្នុងការគ្រប់គ្រងហានិភ័យសកម្មភាពមីននៅកម្ពុជា»។
អាជ្ញាមីនបញ្ជាក់ថា សិក្ខាសាលានេះ បានរៀបចំឡើងក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌល GICHD និងមជ្ឈមណ្ឌលសកម្មភាពមីនជាតិវៀតណាម (VNMAC) ដោយមានសិក្ខាកាមចូលរួមប្រមាណ ៦០នាក់ (ស្ត្រី១០នាក់) រួមមានអាជ្ញាធរមីនជាតិ និងមជ្ឈមណ្ឌលជាតិ ប្រតិបត្តិករជាតិ-អន្តរជាតិ មកពីប្រទេសវៀតណាម ថៃ ឡាវ និងកម្ពុជា៕