ភ្នំពេញៈ លោក​ ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​ (ក​.​ប​.​ប​) និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បានធ្វើការ​ពិភាក្សា​ក្នុង​សិក្ខាសាលា​បច្ចេកទេស​ស្តីពី «​ការផ្សព្វផ្សាយ​លទ្ធផល​នៃ​គម្រោង​ស្រាវជ្រាវ និង​កិច្ចពិភាក្សា​លើ​ការកំណត់​អាយុ​ស្របច្បាប់​អប្បបរមា​ដែល​អាច​ទិញ​គ្រឿង​ស្រវឹង​បាន​» នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។


​អគ្គនាយកដ្ឋាន កប​ប បានឱ្យដឹងថា សិក្ខាសាលា​កាលពី​ថ្ងៃទី​២៥​ឧសភា​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ដើម្បី​ផ្សព្វផ្សាយ​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​លើ​ការកំណត់​អាយុ​ស្របច្បាប់​អប្បបរមា​ដែល​អាច​ទិញ​គ្រឿង​ស្រវឹង​បាន ដែល​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) សហការ​ជាមួយ​ស្ថាប័ន MM4A​។

​កប​ប បន្តថា សិក្ខាសាលា​នេះ បាន​ដើរតួ​ជា​វេទិកា​១​ក្នុងការ​បង្កើត​ការសន្ទនា រវាង​ភាគី​ពាក់ព័ន្ធ​នានា ទាក់ទង​នឹង​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ដែល​កម្រិត​អាយុ​សមស្រប​មួយ ក្នុង​ការទិញ​គ្រឿង​ស្រវឹង និង​ដើម្បី​កំណត់​វិធីសាស្ត្រ​សក្តានុពល ដើម្បី​ការពារ​យុវជន​មិនទាន់​គ្រប់​អាយុ ពី​ការបរិភោគ​គ្រឿង​ស្រវឹង ក្នុងខណៈ​ពេលដែល​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង មិនទាន់​ត្រូវបាន​អនុម័ត និង​អនុវត្ត​ជា​ផ្លូវការ​នៅឡើយ​៕​