សៀមរាបៈលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិបានប្រាប់តំណាងមន្ទីរពេទ្យកុមារគន្ធបុប្ផាថា«កាកបាទក្រហមកម្ពុជា នឹងប្រគល់ថវិកា ១ លានដុល្លារ ជាលើកទី១២ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផានៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ ដែលត្រូវជាទិវាកុមារអន្តរជាតិ»។


ការប្រកាសផ្តល់ថវិកា ១ លានដុល្លារ ជាលើកទី១២ ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផានេះត្រូវបានធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកស្រី និងក្រុមការងារកាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ និងចែកអំណោយដល់ស្ត្រីទើបសម្រាលកូនរួចចំនួន ២៥០ នាក់នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ បន្ទាប់ពីបានប្រគល់អំណោយជាលើកទី៥ ដល់មន្ទីរពេទ្យកុមារអង្គរ។ នេះបើយោងតាមកាកបាទក្រហមកម្ពជា។

លោកស្រីបានថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក៏ដូចជាមន្ទីរពេទ្យកុមារគន្ធបុប្ផា នៅភ្នំពេញ ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្តក្នុងការជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង ជាពិសេសចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់ លោក Beat Richner។

លោក Beat Richnerបានលះបង់កម្លាំងកាយចិត្តពេញមួយជីវិតដើម្បីមន្ទីរពេទ្យនេះ បើទោះបីជាលោកបានទទួលមរណភាពហើយក្តី ក៏ប៉ុន្តែប្រជាពលរដ្ឋទាំងអស់នៅតែចងចាំក្នុងបេះដូងជានិច្ច។

ក្រៅពីនោះ លោកស្រីក៏បានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរឹតបន្តឹងចំណងសាមគ្គីភាពជាមួយមូលនិធិគន្ធបុប្ផាស៊្វីស ដើម្បីបន្តនិរន្តរភាពផ្តល់សេវាសុខភាពដោយឥតគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋ។ កាកបាទក្រហមកម្ពុជា ក៏មានមោទនភាព និងក្តីសោមនស្សរីករាយ ដោយបន្ទាប់ពីបានទទួលថវិកាពីសប្បុរសជនក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយមានលទ្ធភាពចែករំលែកថវិកា ១ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។ នេះឆ្លុះបញ្ជាំងពីការផ្សារភ្ជាប់នូវទឹកចិត្ត ក្តីមេត្តា ករុណា ពីសប្បុរសជនជាមួយបងប្អូនប្រជាពលរដ្ឋ។ នេះបើយោងតាមកាកបាទក្រហមដដែលនេះ៕