
គម្រោងវិនិយោគវារីវប្បកម្មបែបធម្មជាតិនិងអេកូទេសចរណ៍លើផ្ទៃដីជាង ៧ ពាន់ហិកតាក្នុងខេត្តកោះកុង ត្រូវបានគាំទ្រជាគោលការណ៍ដោយប្រតិភូក្រសួងបរិស្ថាន
កោះកុងៈ ប្រតិភូក្រសួងបរិស្ថាន និងមន្រ្តីរដ្ឋបាលខេត្តកោះកុង បានសម្រេចគាំទ្រជាគោលការណ៍លើគម្រោងវិនិយោគវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍លើផ្ទៃដីទំហំ៧ ១២៦,៩៣ ហិកតាក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។
ការសម្រេចគាំទ្រនេះត្រូវបានធ្វើឡើងតាមរយៈកិច្ចប្រជុំ នៅក្រោយពេលដែលប្រតិភូក្រសួងបរិស្ថាន ដែលដឹកនាំដោយលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក រ័ត្ន វិរៈ រដ្ឋលេខាធិការ ក្រសួងបរិស្ថានចុះពិនិត្យសិក្សាទីតាំងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជននាថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៣នេះ។ ក្រុមការងារថ្នាក់ខេត្ត និងមន្ទីរជំនាញត្រូវបានដឹកនាំដោយលោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុង។
គម្រោងវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍លើផ្ទៃដីទំហំ៧ ១២៦,៩៣ ហិកតាគឺស្ថិតនៅ ៥ ទីតាំង ក្នុងឧទ្យានជាតិបុទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ក្នុងភូមិសាស្ត្រឃុំតានូន ឃុំថ្មស និងឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
យោងតាមរដ្ឋបាលខេត្តកោះកុងបានឱ្យដឹងថា ជាលទ្ធផលនៃការចុះពិនិត្យជាក់ស្តែង និងតាមរយៈកិច្ចប្រជុំ ក្រុមការងារទាំងអស់បានសម្រេច៖ ១.គាំទ្រជាគោលការណ៍លើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ២.ត្រូវធ្វើការសិក្សាទីតាំងជាក់ស្តែងឡើងវិញ ដោយមានការសហការរវាងក្រុមហ៊ុនក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី ៣.ត្រូវផ្ញើរបាយការណ៍លទ្ធផល នៃការសិក្សាទីតាំង មកក្រសួងបរិស្ថាន ដើម្បីពិនិត្យលទ្ធភាពស្នើសុំជួលដីវិនិយោគ និង ៤.ក្រសួងបរិស្ថាន ត្រូវផ្តល់ទិន្នន័យ និងផែនទីនៃការកាត់ដីវិនិយោគជូនក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានក្នុងការសិក្សាដែលនៅសល់ដើម្បីស្នើសុំវិនិយោគ៕