គិតត្រឹមថ្ងៃទី២៥ ឧសភា គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតចំនួនជិត ៣ម៉ឺននាក់

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ជាតិចំនួន ២៩ ១៦៤ នាក់ មកពី១១ សមាគម អង្គការមិនមែនរដ្ឋាភិបាល ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ខាងមុខនេះ គិតត្រឹមថ្ងៃទី២៥ ខែឧសភា។ នេះបើតាមការបញ្ជាក់ពី គ.ជ.ប។
គ.ជ.ប បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៦ ខែឧសភា ថា ក្រៅពីនេះ គ.ជ.ប ក៏បានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍បោះឆ្នោតដែលជាភ្ញៀវពិសេសចំនួន ២ នាក់ មកពីសមាគមកុមារជ័យនៅប្រទេសបារាំង (Komar Chey Association in France) ផងដែរ។
គ.ជ.ប ក៏កំពុងពិនិត្យពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិចំនួន ៥ ៣១០។ ការដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិធ្វើឡើងចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៣ និងអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕