ភ្នំពេញៈ រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ​គ្រោងនឹង​ចាត់ក្រុម​ជាង​នាឡិកា​ឱ្យ​ចុះ​ពិនិត្យ​វាស់ស្ទង់​គុណភាព​នាឡិកា​ទឹក ដែលមាន​អាយុកាល​ប្រើប្រាស់​លើស ១១ ឆ្នាំ តាមកម្មវិ​ធីកំណត់​ចាប់ពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣​នេះតទៅ​នៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

យោងតាម​សេចក្តី​ជូនដំណឹង​ស្តីពី​ការពិនិត្យ និងថែទាំ​នាឡិកា​ទឹក​របស់​រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​ជូន​ចំពោះ​អតិថិជន​ប្រើប្រាស់​ទឹកស្អាត​នៅក្នុង​ខណ្ឌ​ដង្កោ​បានឱ្យដឹង​ថា ក្នុងអំឡុង​ពេល​ធ្វើ​ការពិនិត្យ-វាស់ស្ទង់ ឬផ្លាស់ប្តូរ​នាឡិកា​ទឹក​នោះ ការផ្គត់ផ្គង់​ទឹក​នៅ​តាមបណ្តា​គេហដ្ឋាន​នីមួយៗ អាចនឹង​មានភាព​រអាក់រអួល​រយៈពេល​ខ្លី តែមិន​លើស​ពី ២ ម៉ោងឡើយ។

រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថា ករណី​ពិនិត្យ​បឋម​ឃើញ​ថា នាឡិកា​ទឹក​មានកម្រិត លំអៀង​ខ្ពស់ ឬនាឡិកា​ខូច រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​នឹងតម្រូវ​ឱ្យ​អតិថិជន​កាន់នាឡិកា​ទឹក​នោះ​ដោយផ្ទាល់​មក​រោង​ជាង​នាឡិកា​នៅស្នាក់ការ​កណ្តាល​អង្គភាព​របស់​ខ្លួន ដើម្បី​ពិនិត្យ និងវាស់ស្ទង់​បន្ថែម។


រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​បានអំពាវនាវ​ដល់​អតិថិជន​ទាំងអស់ មេត្តា​ចូលរួម ឬចាត់​តំណាង​សហការ និង​ទទួល​យក​ការដាក់​នាឡិកា​ថ្មី​តាម​កម្មវិធី​កំណត់​ខាងលើ។ សម្រាប់​ការពិនិត្យ និងផ្លាស់ប្ដូរ​នាឡិកា​ទឹក​នេះ អតិថិជន​ពុំ​ចំណាយ​អ្វី​ទាំងអស់៕